គណបក្សកុម្មុនីស្តចិន បានចេញច្បាប់ថ្មី រឹតបណ្តឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ឲ្យកាន់តែខ្លាំង ហើយណែនាំឲ្យមន្ត្រីរបស់ខ្លួន ត្រូវបញ្ឈប់ការធ្វើដំណើរដែលមានក្បួនអមអធឹកអធម មានមន្ត្រីផ្សេងៗធ្វើដំណើរទៅជាមួយនិងមិនឲ្យឈប់សម្រាកច្រើនទេ។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រកាសសង្គ្រាមប្រឆាំងអំពើពុករលួយ តាំងពីលោកចូលកាន់តំណែង៤ឆ្នាំកន្លងមកនេះ ហើយបានព្រមានថា អំពើពុករលួយធ្វើឲ្យអំណាចបក្សចុះខ្សោយ។
កន្លងមកគណបក្សកុម្មុនីស្តបានបង្ក្រាបមន្ត្រីរបស់ខ្លួនដែលបង្ហាញភាពហ៊ឺហា បង្អួតសម្ភារ និង ការធ្វើដំណើរមានមន្ត្រីអមច្រើននោះរួចហើយ ប៉ុន្តែទើបចេញច្បាប់ជាផ្លូវការនៅថ្ងៃពុធម្សិលមិញនេះ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហូរចុះផ្សាយថា ខ្លឹមសារនៃច្បាប់នោះ គឺបញ្ជាក់ថា ធ្វើដំណើរគ្មានអ្នកអមច្រើន គឺជាការកាត់បន្ថយជីវិតរស់នៅបែបមន្ត្រីសាធារណៈ និង កាត់បន្ថយមធ្យោបាយដឹកជញ្ជូន។ ច្បាប់នោះបញ្ជាក់ទៀតថា ថ្ងៃបុណ្យឈប់សម្រាកត្រូវបាកកំណត់លម្អិតឲ្យបានច្បាស់ មន្ត្រីប្រើប្រាស់សាច់ញាតិជាបញ្ហាប្រឈមខ្លាំងត្រូវរឹតបន្តឹង ហើយមន្ត្រីជាន់ខ្ពស់មិនត្រូវពន្យារពេលក្នុងការចូលនិវត្តន៍នោះទេ។
ស៊ីនហួរ បានចុះផ្សាយថា លោកប្រធានាធិបតី ស៊ី ជីនពីង បញ្ជាក់ថា លោកនឹងចាប់ផ្តើមអនុវត្តច្បាប់មុនគេធ្វើជា គំរូ។ លោកក៏បានជំរុញឲ្យមន្ត្រីផ្សេងៗទៀត ចាប់ផ្តើមអនុវត្តច្បាប់នេះ ឲ្យបានត្រឹមត្រូវ៕