មន្រ្តីរដ្ឋាភិបាលបានឲ្យដឹងថា មិនមានគម្រោងស៊ើបអង្កេតកិច្ចសន្ទនារវាងលោក ហ៊ុន សែន និង ធីសុវណ្ណថានោះទេ ប៉ុន្តែថានឹងពិចារណាស៊ើបអង្កេតសារសន្ទនាឆ្លើយឆ្លង (chat) រវាង ធី សុវណ្ណថា ទៅកាន់លោក ហ៊ុន ម៉ានិត ដែលជាកូនប្រុសលោកនាយករដ្ឋមន្ត្រី។
តាមសារឆ្លើយឆ្លងគ្នារវាង ធី សុវណ្ណថា និងលោក ហ៊ុន ម៉ានិត នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលត្រូវបានគេបញ្ចេញថ្មីៗនេះ គឺនាងតែងតែរាយការណ៍រាល់សកម្មភាពនានាប្រឆាំងនឹងលោក កឹម សុខា ទៅកាន់កូនប្រុសលោក ហ៊ុន សែន។
យ៉ាងណាក៏ដោយ ក្រោយពីទម្លាយសារនេះបានមួយថ្ងៃ គេបានទម្លាយសារថ្មីមួយទៀត ទាក់ទងកិច្ចសន្ទនាលោក ហ៊ុន សែន ជាមួយ ធី សុវណ្ណថា ដោយថាមានការផ្តល់លុយ៦០ម៉ឺនដុល្លារឲ្យ ធី សុវណ្ណថា បន្ទាប់ពីនាងប្រាប់លោក ហ៊ុន សែន ថា «បើ សម រង្ស៊ី កឹម សុខា មិនបែកគ្នា ក៏សង្រ្គោះជាតិត្រូវបែកជា២ដែរ»។
អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ បានប្រាប់VODនៅថ្ងៃព្រហស្បតិ៍នេះថា ក្រសួងនឹងពិចារណាស៊ើបអង្កេតលើអ្នកបញ្ចេញសារសន្ទនាឆ្លើយឆ្លង (chat) តែរវាង ធី សុវណ្ណថា ជាមួយ លោក ហ៊ុន ម៉ានិត ប៉ុន្តែលោកថាក្រសួងមិនធ្វើការស៊ើបអង្កេតលើកិច្ចសន្ទនាលោក ហ៊ុន សែន ជាមួយ ធី សុវណ្ណថា នោះទេ៖ «យើងកំពុងពិចារណាថានឹងធ្វើម៉េចទៀត ពីព្រោះសំឡេងដែលគេបង្ហោះតាមសារ យើងមិនទាន់សន្និដ្ឋានថា ជាសំឡេងពិតប្រាកដ ឬកាត់ក្លែង កាត់ត យើងនៅអត់បានធ្វើការអស់ យើងកំពុងពិចារណាសិន អត់ទាន់ដំណើរការបានទេ»។ អ្នកសួរ «ទាក់ទងជាមួយនឹងការស៊ើបអង្កេតនេះ នឹងមានស៊ើបករណីដែលគេចែករំលែកតគ្នា រឿងករណី ធី សុវណ្ណថា សន្ទនាជាមួយលោកនាយករដ្ឋមន្ត្រី(ហ៊ុន សែន) ដែរឬទេឬមួយក៏ម៉េចដែរ»។ «ខុសពីសមត្ថភាពក្រសួងការពារជាតិ បងធ្វើទាក់ទងតែជាមួយមន្ត្រីយោធាទេ»។
ចំណែក អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃមិនប្រាប់ពីដំណើរការស៊ើបអង្កេតលើអ្នកបញ្ចេញសារឆ្លើយឆ្លងលោក ហ៊ុន ម៉ានិត លោក ហ៊ុន សែន ជាមួយធី សុវណ្ណថា នោះទេ ដោយលោកថា អ្នកប្រព្រឹត្តនឹងទទួលខុសត្រូវចំពោះមុខច្បាប់៖ «អ្នកណាធ្វើគង់តែចូលគុកទេ និយាយមូយម៉ាត់ស្រួលយល់ ស៊ើបអង្កេតគេមិនចំាបាច់ប្រាប់ពីរបៀបស៊ើបទេ»។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ យល់ថា បើក្រសួងការពារជាតិស៊ើបអង្កេតរកអ្នកបញ្ចេញកិច្ចសន្ទនាអ្នកមានអំណាច ពោលករណីកូនលោក ហ៊ុន សែន ដោយមិនធ្វើការស៊ើបអង្កេតលើអ្នកបញ្ចេញកិច្ចសន្ទនាលោក កឹម សុខា ជាមួយស្រីមុំទេ លោកថា ការអនុវត្តច្បាប់មានភាពលម្អៀង។ ករណីនេះ លោកស្នើទៅក្រសួងពាក់ព័ន្ធត្រូវធ្វើការស៊ើបអង្កេតរឿងណាដែលមានប្រយោជន៍ដល់សង្គម៖ «បើសិនជាមានការស៊ើបអង្កេត យើងចង់ឲ្យឃើញមានការសហការរវាងក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិធ្វើការរួមគ្នាទៅ កុំស៊ើបតែរឿងរបស់ ហ៊ុន ម៉ានិត ស៊ើបតំាងពីដើមទីមកពីការស៊ើបអង្កេតទៅលើករណីខ្សែអាត់សំឡេងរបស់លោក កឹម សុខា ហើយលោក ប៉ែន សុវណ្ណ ឲ្យវាមានតុល្យភាពនៃការបំពេញការងារក្នុងក្របខ័ណ្ឌជាតិ»។
លោកមេធាវី សុក សំអឿន បានពន្យល់ថា តាមច្បាប់អ្នកលួចថតសំឡេងអ្នកដទៃ ដោយពុំមានការអនុញាតពីសាម៉ីខ្លួនខុសច្បាប់។ ប៉ុន្តែលោកថា អ្នកយកសំឡេងនោះទៅផ្សព្វផ្សាយ នៅក្នុងច្បាប់មិនបានចែងថា មានទោសនោះទេ។
លោក សុក សំអឿន បង្ហាញក្តីបារម្ភថា បើអាជ្ញាធរមិនបង្ក្រាបអ្នកដែលលួចថតសំឡេងអ្នកដទៃឲ្យស្មើភាពនិងមានតម្លាភាពទេ នោះនិងធ្វើឲ្យអ្នកទន់ខ្សោយរងគ្រោះ៖ «ខ្ញុំបារម្ភសាធារណជន ប្រជាពលរដ្ឋ អ្នកធំគេថតបាន ហើយយើងអ្នកតូចតាចរឿងអីគេថតមិនបាន ថ្ងៃក្រោយអាចទៅជាជំរិតលុយកាក់ ក៏មានដែរ បើយើងចេះតែបើកឲ្យគេថតទទេ ហើយអត់មានការបង្ក្រាប»។
គួរបញ្ជាក់ថា នៅចុងខែវិច្ឆិកានេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកបានចែករំលែកព័ត៌មានតៗគ្នាថា សកម្មជនគំាទ្របក្សកាន់អំណាចលោក ផែ សុវណ្ណារិទ្ធិ បានទម្លាយកម្រងសន្ទាឆ្លើយឆ្លង (chat) របស់ ធី សុវណ្ណថា ទៅកាន់លោក ហ៊ុន ម៉ានិត ដែលជាកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាក្នុងបំណង “ស៊ីពែ” គេ។ ក្រោយមកមួយថ្ងៃ អ្នកប្រើបណ្តាញសង្គមបានទម្លាយរឿងថា លោក ហ៊ុន សែន សន្ទនាជាមួយធី សុវណ្ណថា រឿងបំបែកក្បាលម៉ាស៊ីបក្សប្រឆំាង និងផ្តល់លុយ៦០ម៉ឺនដុល្លារឲ្យផងដែរ។ ប៉ុន្តែក្រសួងការពារជាតិកំពុងពិចារណាចាត់វិធានការលើអ្នកទម្លាយសារសន្ទនាលើករណីលោក ហ៊ុន ម៉ានិត ខណៈអ្នកបញ្ចេញសាររឿងលោក កឹម សុខា និងលោក ប៉ែន សុវណ្ណ ក្រសួងមហាផ្ទៃថា មិនមានវិធានការស៊ើបអង្កេតនោះទេ៕