លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា អ្នកវិនិយោគចិននិងកូរ៉េអាចប្រើប្រាស់ទិដ្ឋាការ (Visa) រយៈពេល៣ឆ្នាំ ក្នុងការចេញចូលស្រុកខ្មែរ ដោយថាដើម្បីជម្រុញការវិនិយោគនៅកម្ពុជា។
ការប្រកាសនេះធ្វើឡើងក្នុងវេទិការធុរកិច្ចកម្ពុជា-ចិននៅថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ នេះ។
លោកមានប្រសាសន៍ថា៖ «សួរថារយៈពេលវែងនោះមានរយៈពេលប៉ុន្មាន? ខ្ញុំបានសម្រេចជាមួយសម្តេចក្រឡាហោម ស ខេង ថាសុំជូន៣ឆ្នាំតែម្តង អញ្ចឹងចាប់ពីពេលនេះតទៅ អ្នកវិនិយោគទាំងឡាយរបស់ចិន ដែលមកកាន់លិខិតឆ្លងដែនធម្មតា គឺមិនចាំបាច់ត្រូវការសុំវីសាទៀតទេ ហើយក៏មិនចាំបាច់បង់ថ្លៃទៀតដែរក្នុងរយៈពេល៣ឆ្នាំ។ ចង់ចេញចូលប៉ុន្មានដងក៏បានដែរ ប៉ុន្តែស្ថិតក្នុងរបៀបបែបបទថាត្រូវបោះត្រាចេញចូលតែប៉ុណ្ណោះ»។
បើតាមលោក ហ៊ុន សែន កាលពីកន្លងទៅក៏មានការសម្រេចផ្តល់ទិដ្ឋាការរយៈពេលវែងនេះដល់អ្នកទេសចរណ៍ចិននិងកូរ៉េផងដែរ។
សម្រាប់អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី មានប្រសាសន៍ថារាល់ការសម្រេចអ្វីមួយដែលសំខាន់បែបនេះ គួរតែត្រូវពិចារណាឲ្យបានច្បាស់ ហើយជាពិសេសទៀតនោះគួរតែមានការយល់ព្រមពីរដ្ឋសភាផងដែរ។ លោកយល់បែបនេះក៏ព្រោះតែលោកថា ការផ្តល់សិទ្ធិដល់វិនិយោគបរទេសធូររលុងពេកនោះ វាអាចនាំឲ្យកើតមានបញ្ហាផ្សេងៗ ដូចជាការចូលមករកស៊ីបោកប្រាស់ពីសំណាក់ក្រុមហ៊ុនខិលខូចខ្លះនិងការលាងលុយកខ្វក់ជាដើម។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថាការបើកផ្លូវឲ្យជនបរទេសចូលមកវិនិយោគក្នុងស្រុកយើងនោះ គឺមិនខុសទេ តែកុំឲ្យធូររលុងពេក។ ទីចុងបំផុតមិនមែនរដ្ឋាភិបាលទេដែលមកគ្រប់គ្រងក្រុមហ៊ុន ហើយចុងក្រោយក្រុមហ៊ុនជាអ្នកគ្រប់គ្រងរដ្ឋាភិបាល វាអាចក្លាយជាគ្រោះថ្នាក់សម្រាប់កម្ពុជាយើងរយៈពេលវែង»។
បើតាមលោក ហ៊ុន សែន ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិនក្នុងឆ្នាំ២០១៥ កន្លងទៅមានទំហំទឹកប្រាក់ប្រមាណ៤៣០០លានដុល្លារ គឺកើនឡើងប្រមាណ១៥%បើធៀបទៅឆ្នាំ២០១៤។ លោកក៏បានឲ្យដឹងដែរថា តាមរយៈវិធានការនានាដែលកម្ពុជាចិនសន្យានោះ នៅឆ្នាំ២០១៧ ទំហំទឹកប្រាក់នៃការវិនិយោគនៃប្រទេសទាំងពីរអាចកើនឡើងដល់៥ពាន់លានដុល្លារអាមេរិក៕









