តុលាការកោះហៅសកម្មជនដីធ្លីនៅតំបន់បឹងកក់៣នាក់ឲ្យបំភ្លឺនៅសប្តាហ៍ក្រោយ

សាលាដំបូងរាជធានីភ្នំពេញបានកោះហៅសកម្មជនដីធ្លីដែលសកម្មធ្វើយុទ្ធនាការអាវខ្មៅ ឲ្យចូលបំភ្លឺនៅថ្ងៃទី៧ ខែធ្នូខាងមុខនេះ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសមានស្ថានទម្ងន់ ដែលប្រព្រឹត្តនៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១៣។

សកម្មជនដីធ្លីទំាងបីនាក់នោះរួមមាន អ្នកស្រី គង់ ចន្ថា អ្នកស្រី បូវ ឆវី និងយាយ ង៉ែត ឃុន ហៅយាយ មាំ មី ខណៈដែលពួកគេសកម្មក្នុងការតវ៉ាប្រឆាំងការបណ្ដេញចេញនិងធ្វើយុទ្ធការថ្ងៃច័ន្ទព័ណ៌ខ្មៅ ដើម្បីជំរុញឲ្យដោះលែងមន្ត្រីសិទ្ធិ មន្ត្រី គ.ជ.ប  តំណាងរបស់ពួកគេគឺអ្នកស្រី ទេព វន្នី និងទាមទាររកយុត្តិធម៌ការបាញ់សម្លាប់លោក កែម ឡី ផងដែរ។

សកម្មជនដីធ្លីម្នាក់អ្នកស្រី គង់ ចន្ថា ដែលត្រូវបានតុលាការកោះហៅប្រាប់វីអូឌីថា អ្នកស្រីមិនទាន់ទទួលបានដីកាកោះរបស់តុលាការនៅឡើយ តែអ្នកស្រីថានឹងចូលបំភ្លឺករណីនេះ។ អ្នកស្រីចាត់ទុកការកោះហៅថា ដើម្បីដាក់សម្ពាធមកសកម្មជនបឹងកក់និងសកម្មជនដទៃ មិនឲ្យតវ៉ាបន្តទៀត។ អ្នកស្រីអះអាងថា ពួកគាត់នៅតែតវ៉ា បើរដ្ឋាភិបាលមិនដោះលែងមន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងតំណាងពួកគេនោះ។

អ្នកស្រីថា៖ «ពួកខ្ញុំគឺអត់ឈប់ទេ លុះត្រាតែមានយុត្តិធម៌នៅក្នុងសង្គមដល់សកម្មជនដីធ្លី ហើយនិងមន្ត្រី គ.ជ.ប ហើយនិងអង្គការសង្គមស៊ីវិល អាហ្នឹងទើបពួកខ្ញុំឈប់។ បើគ្រាន់តែមានឈ្មោះឡើងតុលាការ និយាយចំទៅយកប្រព័ន្ធតុលាការមកគាប់សង្កត់ ពីព្រោះយើងអ្នកបញ្ចេញមតិ គឺអ្នកដីធ្លីអ្នករងគ្រោះ ហើយពួកខ្ញុំមួយហ៊ាននិយាយអ្វីជាការពិតរបស់រដ្ឋាភិបាល ធ្វើឲ្យរដ្ឋាភិបាលរសើប ចឹងគាត់ត្រូវបំបិទសិទ្ធិ បញ្ចេញមតិដល់សហគមន៍ផ្សេងៗទៀតនេះ គេថាចាប់មួយព្រមានមួយ១០០»។

កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក លី សុខលេង បានផ្ដន្ទាទោសសកម្មជនដីធ្លីនៅតំបន់បឹងកក់ចំនួន៤នាក់ ដាក់ពន្ធនាគារម្នាក់ៗចំនួន៦ខែ ពីបទពីបទប្រមាថរាជការសាធារណៈនិងប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់ ប្រព្រឹត្តនៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១៣។ សកម្មជនដីធ្លីទំាង៤នាក់នោះរូមមាន អ្នកស្រី ទេព វន្នី, អ្នកស្រី ហេង មុំ, អ្នកស្រី គង់ ចន្ថា, និងអ្នកស្រី បូវ ឆវី។ ប៉ុន្តែតុលាការមិនបានឃុំខ្លួនស្រ្តី៣នាក់នោះទេ ដោយបើកសិទ្ធិឲ្យប្តឹងជំទាស់ ដោយឡែកអ្នកស្រី ទេព វន្នី តុលាការនៅបន្តឃុំខ្លួនដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ