លោក ហេង សំរិន ថារណសិរ្ស២ធ្នូនាំឲ្យកម្ពុជាមានឯករាជ្យពេញលេញ

ប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីកន្លងទៅ

ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាលើកឡើងថា រណសិរ្ស២ធ្នូបានធ្វើឲ្យកម្ពុជារួចផុតពីរបបខ្មែរក្រហម និងទទួលបានឯករាជ្យភាព ខណៈបក្សប្រឆាំងចោទសួរថាតើនរណានៅពីក្រោយរបបអាវខ្មៅនោះ។

ថ្លែងក្នុងពិធីរំលឹកខួបលើកទី៣៨ នៃទិវា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» នៅសាលសន្និសីទចតុមុខ ថ្ងៃសុក្រនេះ លោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជានិងជាប្រធានរដ្ឋសភា បានថ្លែងថា ស្មារតី ២ ឆ្នូ ឆ្នាំ១៩៧៨ បានធ្វើឲ្យប្រទេសកម្ពុជាមានឯករាជ្យភាពពេញលេញបូរិបូរណ៍។

លោកមានប្រសាសន៍ថា៖ «យើងក៏មិនអាចបំភ្លេចបានការធ្វើពលីកម្មឥតរុញរា និងការបូជាអាយុជីវិតរបស់បងប្អូនជនរួមជាតិដែលបានធ្វើការតស៊ូប្រយុទ្ធប្រឆាំងអំពើឃោរឃៅយង់ខ្នង […] ធ្វើឲ្យកម្ពុជាមានឯករាជ្យ សុខសន្ដិភាព ស្ថិរភាព»។

លោក ហេង សំរិន បន្ថែមថារណសិរ្ស២ធ្នូ បានជួយសង្គ្រោះពលរដ្ឋខ្មែរឲ្យរួចផុតពីក្រញាំដែក និងការកាប់សម្លាប់ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ដោយលោកថាព្រោះតែស្មារតី២ធ្នូនេះហើយ ទើបកម្ពុជាមានការអភិវឌ្ឍនិងការរីកចម្រើនដូចសព្វថ្ងៃ។

លោកថា៖ «យើងទាំងអស់គ្នាសូមប្រកាសជាឧឡារិកបន្ថែមទៀតថា រណសិរ្ស២ធ្នូមិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាអោយចាកផុតពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ប៉ុលពតប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្ស២ធ្នូ បានជួយស្តារ កសាង និងអភិវឌ្ឍសង្គមជាតិនៅគ្រប់ទិសទី […] មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានអ្វីៗដូចសព្វថ្ងៃនេះ»។

ទោះយ៉ាងណា គណបក្សប្រឆាំងធ្លាប់បានចោទជាសំណួរថា តើអ្នកណាជាអ្នកនៅពីក្រោយការបង្កើតថ្ងៃ២ ធ្នូ ១៩៧៨នេះ ដោយថាគ្មាននណាក្រៅពីវៀតណាមនោះទេ។

គួរបញ្ជាក់ថា ទិវា២ ធ្នូ ឆ្នាំ១៩៧៨ មានឈ្មោះដើមថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» និងបច្ចុប្បន្នត្រូវបានប្តូរឈ្មោះមកជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ