មេដឹកនាំគណបក្សថ្មីមួយបានរិះគន់ចំៗថា ការដែលលោក ហ៊ុន សែន និងលោក សម រង្ស៊ី យល់ដូចគ្នាលើការប្តូរខ្នាតផែនទី ពីខ្នាត Bonne ១លើ១០០ពាន់ ទៅជាខ្មាត UTM ១លើ៥០ពាន់វិញនោះថា ជាអំពើក្បត់ជាតិ។
កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក បានឯកភាពគ្នា ពឹងបារាំងឲ្យធ្វើជាអាជ្ញាកណ្តាល គូរចម្លងផែនទី ពីខ្នាត Bonne ១/១០០ពាន់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ទៅជាផែនទីខ្នាត UTM ១/៥០ពាន់វិញ ដោយថា ដើម្បីឈានទៅបញ្ចប់ការបោះបង្គោលព្រំដែនដែលនៅសេសសល់។
ការលើកឡើងរបស់មេដឹកនាំទាំងពីនេះ ត្រូវបានប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបង្ហាញជំហរគាំទ្រ។
ប៉ុន្តែប្រធានគណបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា បានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់លោក កាលពីថ្ងៃទី៣០ ខែវិច្ឆិកាថា៖ «ការរួមគំនិតគ្នារវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី ដែលព្រមព្រៀងដូរខ្នាតមាត្រដ្ឋានផែនទីជាមួយ យួន មកប្រើខ្នាតមាត្រដ្ឋាន ១/៥០.០០០ ជំនួសខ្នាតមាត្រដ្ឋាន ១/១០០.០០០ វិញនោះជាអំពើក្បត់ជាតិ និងរួមគំនិតក្បត់ជាតិ ដែលមិនអាចអត់ឱនឲ្យបាន»។
នៅថ្ងៃទី២ ធ្នូនេះ លោក សួន សេរីរដ្ឋា បញ្ចាប់់ប្រាប់VODថា បានជាលោកហ៊ានចោទប្រកាន់មេដឹកនាំគណបក្សទាំងពីរបែបនេះ ដោយលោកសំអាងទៅខ្លឹមសារនៃរដ្ឋធម្មនុញ្ញត្រង់មានត្រា២។
លោកថា៖ «នៅក្នុងមាត្រា២នៃរដ្ឋធម្មនុញ្ញ បានកំនត់ថា ផែនទីប្រទេសខ្មែរប្រើខ្នាត១លើ១០០ពាន់។ ហើយទឹកដីខ្មែរ មិនអាចជនណាម្នាក់ អាចបំបែកបានទេ។ ដូច្នេះបើសិនជាមានអ្នកនយោបាយជនណា ដែលព្យាយាមប្តូរខ្នាតផែនទី គឺមានន័យថាប្រឆាំងរដ្ឋធម្មនុញ្ញ។ បើប្រឆាំងរដ្ឋធម្មនុញ្ញ គឺក្បត់ជាតិ ហើយបា»។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ សុំមិនប្រតិកម្មទៅនឹងការលើកឡើងនេះទេ ដោយលោកជំរុញឲ្យពិនិត្យតែទៅលើតែខ្លឹមសារ ដែលលោក សម រង្ស៊ី ធ្លាប់បានលើកឡើងតាមបណ្តាញសង្គមកន្លងទៅ ។
ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុន ឥសាន បានច្រានចោលការចោទប្រកាន់នេះ។លោកថា៖ «ប្តូរផែនទីជាលក្ខណៈបច្ចេកទេសតើ មាននរណាទៅលុបចោលខ្នាតផែនទីខ្នាត១លើ១០០ពាន់ ដែលហៅថាខ្នាត Bonne នោះ ព្រោះវានៅក្នុងរដ្ឋធម្មនុញ្ញ។ ហើយថាខ្មាត១លើ១០០ពាន់នោះវាខ្នាតតូចពេក ដល់អញ្ចឹងការបោះបង្គោលនៅលើដីជាក់ស្តែងហ្នឹង វាជួបការលំបាក។ អញ្ចឹងទេបានជាគេពង្រីកវា មកខ្នាត១លើ៥០ពាន់ វិញ អញ្ចឹងវាធំជាង២ដង។ ដល់ធំជាង២ដងទៅ អាហ្នឹងវាអាចកំនត់ទីតាំងនៅលើដីហ្នឹងវាច្បាស់ជាង អាផែនទី១លើ១០០ពាន់។ អាហ្នឹងគ្រាន់តែជាលក្ខណៈបច្ចេកទេសទេ តាមពិតយើងនៅតែយកផែនទីខ្មាត១លើ១០០ពាន់ធ្វើជាគោល ដែលមានកំនត់ក្នុងរដ្ឋធម្មនុញ្ញហ្នឹង»។
មកដល់ពេលនេះបាន៨៣ភាគរយហើយ នៅសល់១៧ភាគរយទៀត ដែលភាគីទាំងពីនៅខ្វែងគំនិតគ្នានៅឡើយ ហើយថានឹងស្វែងរកដំណោះស្រាយរួមដើម្បីបន្តបោះបញ្ចប់នៅពេលឆាប់ៗ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា បានចាត់ទុកថា ជាការល្អមួយដែលមេដឹកនាំទាំងពីរ ស្វែងរកកិច្ចអន្តរាគមន៍ពីប្រទេសបារាំងក្នុងការស្វែងរកដំណោះស្រាយរឿងព្រំដែននេះ ថាជាយន្តការល្អមួយ អាចផ្តល់ទំនុកចិត្តឡើងវិញ ដល់ពលរដ្ឋនៃប្រទេសទាំងពីរ ។
លោកថា៖ «ភាគីកម្ពុជានិងវៀតណាមរើសភាគីបារាំងនេះ វាត្រឹមត្រូវហើយ ព្រោះបារាំងជាអ្នកគូសវាសទីតាំងភូមិសាស្ត្រចាស់ ដែលសម័យបារាំងវៀតណាម ព្រំដែនរដ្ឋបាលកម្ពុជា ហើយនិងកូសាំងស៊ិននិងមានបង្កោលបារាំងនៅសល់ខ្លះ បារាំងវាអាចដឹង អញ្ចឹងការគូសផ្ទេរផែនទីហ្នឹងវាអាចសុក្រឹតជាង។ អញ្ចឹងបើកាលណាបារាំងសម្រេចទៅ អាចមានការជឿជាក់ពីពលរដ្ឋកម្ពុជានិងពលរដ្ឋវៀតណាម មានសុក្រឹតភាពបានច្រើនជាង។ អញ្ចឹងខ្ញុំឃើញថាយន្តការហ្នឹងវាល្អ»។
កន្លងទៅលោក ហ៊ុន សែន ធ្លាប់វាយបកលោក សម រង្ស៊ី វិញធ្ងន់ៗ នៅពេលដែលមេបក្សប្រឆាំងរូបនោះ ធ្លាប់ចោទលោកថា ជាមេដឹកនាំរណបបរទេសនិងជាអ្នកក្បត់ជាតិនោះ។ ហើយការវាយបករបស់លោក ហ៊ុន សែន នេះធ្វើឲ្យលោក សម រង្ស៊ី សម្រេចនិរទេសទៅក្រៅប្រទេសម្តងទៀត កាលពីចុងឆ្នាំ២០១៥។
ប៉ុន្តែសម្រាប់លោក សួន សេរីរដ្ឋា អះអាងថា លោកមិនព្រួយបារម្ភពីការវាយបកផ្លូវច្បាប់ពីលោក ហ៊ុន សែន ទេនៅពេលដែលលោក ប្រើពាក្យថា «ការរួមគ្នាប្តូរខ្នាតផែនទីជាអំពើក្បត់ជាតិនោះ»៕