អ្នកតវ៉ាជាអ្នកកាន់សាសនាឥស្លាមប្រមាណ ១០០ ០០០នាក់ ជាជនជាតិឥណ្ឌូនេស៊ី ប្រមូលផ្តុំធ្វើដំណើរទៅកាន់កណ្តាលទីក្រុង Jakarta ជាថ្មីទៀតនៅព្រឹកថ្ងៃសុក្រនេះ ដើម្បីទាមទារឲ្យមានការឃាត់ខ្លួនអភិបាលក្រុងនោះ ព្រោះពួកគេចោទថា បានមើលងាយគម្ពីរកូរ៉ាន់។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara បានចុះផ្សាយថា សមត្ថកិច្ចប្រមាណ២២ ០០០នាក់ ត្រូវដាក់ពង្រាយ ដើម្បីការពារជៀសវាងអំពើហិង្សា ខណៈការតវ៉ាដែលដឹកនាំដោយក្រុមឥស្លាមនិយមតឹងនេះ បានបះទង្គិចជាមួយសមត្ថកិច្ចម្តងរួចមកហើយកាលពីខែមុន បានបណ្តាលឲ្យមនុស្សប្រមាន១០០នាក់រងរបួស។
ក្រុមអ្នកកាន់សាសនាឥស្លាមទាំងនេះ ចោទអភិបាលក្រុងគឺលោក Basuki Tjahaja Purnama ឬគេហៅឈ្មោះ Ahok ជាអ្នកកាន់សាសនាគ្រឹស្តថា មើលងាយបំពានគម្ពឺរកូរ៉ាន់ ជាគម្ពីររបស់សាសនាឥស្លាម។ ទោះយ៉ាងណាអ្នកតវ៉ាសន្យាថា ពួកគេធ្វើការតវ៉ាដោយសន្តិវិធីមិនឲ្យមានអំពើហិង្សាកើតឡើងនោះទេ។
អ្នកតវ៉ាបានចាប់ផ្តើមធ្វើដំណើរពីព្រះវិហារ Istiqlal ឆ្ពោះទៅកាន់វិមានរដ្ឋាភិបាល នៅកណ្តាលក្រុង អំឡុងម៉ោង៥ព្រឹក បន្ទាប់ពីការថ្វាយបង្គំព្រះរួចមក។
អ្នកនាំពាក្យស្នងការនគរបាល Antara លោក Argo Yuwono ថ្លែងថា កម្លាំងការពារសន្តិសុខមានគ្រប់គ្រាន់ មិនមានការបារម្ភអ្វីទេ។ លោកបង្ហាញក្តីសង្ឃឹមថា អ្វីៗនឹងដំណើរទៅល្អដូចការសន្យារបស់ក្រុមអ្នកតវ៉ាថា មិនឲ្យមានផ្ទុះហិង្សាឡើងទេ៕









