វិភាគ៖ ហេតុអ្វីមានការបញ្ចេញសារឆ្លងឆ្លើយរវាងនាយករដ្ឋមន្រ្តីនិង​ ធី សុវណ្ណថា?

លោក ហ៊ុន ​សែន និងកញ្ញា ធី សុវណ្ណថា (ហ្វេសប៊ុក)

សារឆ្លងឆ្លើយដែលគេជឿថាជាសាររបស់លោក ហ៊ុន សែន និង ធី សុវណ្ណថា ត្រូវបានគេផ្សព្វផ្សាយកាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីមានការបែកធ្លាយសារឆ្លងឆ្លើយរវាងអតីតអ្នករិះគន់រដ្ឋាភិបាលរូបនេះ ជាមួយកូនប្រុសនាយករដ្ឋមន្រ្តីដែលត្រូវបានបែកធ្លាយកាលពីថ្ងៃអាទិត្យ។

ក្នុងសារសន្ទនាតាមបណ្តាញទំនាក់ទំនងសង្គម ហៅថា Line ដែលផ្ញើមកកាន់អ៊ីម៉ែលរបស់អ្នកសារព័ត៌មាន VOD បានបង្ហាញថា ក្នុងការសន្ទនានោះ លោក ហ៊ុន សែន និង ធី សុវណ្ណ បានប្រើពាក្យថា “តានិងចៅ” ដោយបាននិយាយពីរឿងផ្ទាល់ខ្លួនមួយចំនួន ប៉ុន្តែភាគច្រើនផ្តោតសំខាន់លើយុទ្ធសាស្ត្របំបែកបំបាក់គណបក្សប្រឆាំង។

កិច្ចសន្ទនាដែលនិយាយពីការផ្តល់លុយខ្ទង់មួយ១លានដុល្លារដល់ ធី សុវណ្ណថា ដើម្បីបំបែកបំបាក់គណបក្សប្រឆាំងនោះ គឺកើតឡើងតែប្រហែលមួយសប្តាហ៍ បន្ទាប់ពីនាយករដ្ឋមន្រ្តីកម្ពុជានិងវៀតណាមបានឯកភាពគ្នាប្តូរខ្នាតផែនពី១លើ១០០ពាន់ទៅ១លើ៥០ពាន់ ខណៈការព្រមព្រៀងនេះធ្វើឲ្យការរិះគន់ថា ធ្វើឲ្យកម្ពុជាចាញ់ប្រៀបវៀតណាម។

គិតត្រឹមថ្ងៃសុក្រ ទី២ ខែធ្នូនេះ នៅមិនទាន់ឃើញថាមានការបញ្ជាក់ណាមួយពីភាគីពាក់ព័ន្ធអំពីការបញ្ចេញសារសន្ទនារវាងលោក ហ៊ុន សែន និង ធី សុវណ្ណថា នៅឡើយទេ ប៉ុន្តែការបែកធ្លាយសារសន្ទនារវាង ធី សុវណ្ណថា និងលោក ហ៊ុន ម៉ានិត ត្រូវបានអ្នកនាំពាក្យគណបក្សកាន់អំណាចទទួលស្គាល់ថា ជាការពិត ដោយថាមកពីការផ្លាស់ប្តូរទូរសព្ទ។

កាលពីដើមឆ្នាំនេះ សារសន្ទនាដែលជឿថាជាសាររវាងលោក កឹម សុខា និងនារីម្នាក់ ក៏ត្រូវបានគេបញ្ចេញជាភាគបន្តបន្ទាប់ ហើយក្រោយមកអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនមន្រ្តីសិទ្ធិមនុស្សចំនួន៤រូប និងមន្រ្តី គ.ជ.ប លោក នី ចរិយា ដោយចោទថា បានការពារស្រីមុំ កុំឲ្យនិយាយការពិតពាក់ព័ន្ធសំណុំរឿងស្នេហានោះ។

យ៉ាងណាក៏ដោយ ក្នុងកិច្ចសន្ទនាជាច្រើនខែរវាង ធី សុវណ្ណថា និងលោក ហ៊ុន ម៉ានិត អ្នកទាំងពីរបាននិយាយពីផែនការតាមរំខានលោក កឹម សុខា ដើម្បីឲ្យចេញមុខឆ្លើយតបនឹងរឿងអាស្រូវនេះ។

ចំណែកការបែកធ្លាយសារសន្ទនារវាងត្រកូលអ្នកកាន់អំណាចជាមួយនឹង ធី សុវណ្ណថា ជាអតីតអ្នករិះគន់រដ្ឋាភិបាលមិនសំចៃមាត់នោះ ធ្វើឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុកបាននាំគ្នាចាប់អារម្មណ៍ច្រើន។

អ្នកប្រើហ្វេសប៊ុកខ្លះលើកឡើងថា ការទំលាយសារសន្ទនានោះអាចមកពីរដ្ឋាភិបាលចង់បង្វែរការចាប់អារម្មណ៍របស់មជ្ឈដ្ឋាននានាទាក់ទងរឿងប្តូរខ្នាតផែនទីបោះបង្គោលព្រំដែនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែមតិភាគច្រើនយល់ថា ការបែកធ្លាយសារឆ្លងឆ្លើយរវាងមេដឹកនាំកំពូលជាមួយនារីវ័យក្មេងរូបនេះ គឺមកពីបញ្ហាផ្ទៃក្នុងរបស់ក្រុម ធី សុវណ្ណថា និងខ្លះទៀតថាមកពីមានការផ្លាស់ប្តូរទូរសព្ទទៅអ្នកផ្សេង។

កាលពីថ្ងៃព្រហស្បតិ៍ ឃើញមានហ្វេសប៊ុកដែលដាក់ឈ្មោះថា Srey Chamroeun និងមួយទៀត ដាក់ឈ្មោះថា Thy Sovanntha បានស្នើឲ្យសមត្ថកិច្ចចាប់ខ្លួន ឈ្មោះ ផែ សុវណ្ណរិទ្ធ ដែលរងការចោទថាជាអ្នកបញ្ចេញសារសម្ងាត់នោះ។

លោកបណ្ឌិត ចាន់ វិបុល អ្នកជំនាញខាងអភិបាលកិច្ចយល់ថា ការចេញផ្សាយកិច្ចសន្ទនានោះមិនមែនជារឿងចៃដន្យទេ។ លោកថាបញ្ហានេះអាចមកពីជម្លោះផ្ទៃក្នុងរបស់ក្រុមនេះ។

លោកមានប្រសាសន៍ថា៖ «រឿងនេះសុទ្ធតែជារឿងមួយដែលមានការរៀបចំ ប៉ុនែ្តសម្រាប់យើងអ្នកនៅខាងក្រៅដែលមិនមែនជាសមត្ថកិច្ច មិនអាចបង្ហាញបានជាប្រព័ន្ធទេ ប៉ុន្តែការលេចឡើងនេះ វាជារឿងនយោបាយ ទាំងស្រុង។ យើងមើលឃើញទិដ្ឋភាពនេះ ហើយវាបង្ហាញឲ្យកាន់តែច្បាស់ហើយអំពីភាពប្រេះស្រាំង ការបែកបាក់គ្នា ការមិនទុកចិត្តគ្នារវាងក្រុមនិងក្រុម ពីក្រុមមួយទៅក្រុមមួយ ពីបក្សមួយទៅបក្សមួយ។ ភាសាខែ្មរយើងគេហៅថា រឿងផ្ទៃក្នុង ហាក់បីដូចជាការចាប់ផ្ដើមពន្លិច ពីចំនុចគ្រោះថ្នាក់ផ្ទៃក្នុងនៃគណបក្សនីមួយៗ…»។

សម្រាប់ លោក សូ ចន្ថា អ្នកវិភាគនយោបាយមានប្រសាសន៍ថា ការបញ្ចេញសារសន្ទនានេះបង្ហាញថា នៅកម្ពុជាមិនមានសុវត្ថិភាពក្នុងការសន្ទនាជាលក្ខណៈឯកជននោះទេ។ បើប្រៀបធៀបនឹងករណីលោក កឹម សុខា លោកថារឿងពីរនេះខុសគ្នា។

លោកយល់ថា៖ «ជាងនេះទៅទៀត ឆ្លុះបញ្ចាំងអំពីនយោបាយកខ្វក់ដែលអ្នកនយោបាយនៅកម្ពុជាតែងប្រើប្រាស់ ហើយមែនទែនទៅ វាជានយោបាយដែលហួសសម័យទៅហើយនៅក្នុងសតវត្យទី២១នេះ ហើយខ្ញុំជឿថាប្រជាពលរដ្ឋខែ្មរមិនចង់ឃើញហើយក៏មិនស្វាគមន៍ចំពោះល្បិចកលនយោបាយបែបនេះដែរ»។

បើតាមការសន្ទនានោះ ធី សុវណ្ណថា បានសរសេរថា នាងបានទទួលលុយចំនួន៥០ម៉ឺនដុល្លារ ដើម្បីបម្រើសកម្មភាពបំបែកបំបាក់គណបក្សសង្រ្គោះជាតិ៖ «ចៅបានទុក៥០ម៉ឺនរួចរាល់ហើយ ៣០ម៉ឺនដាក់ធនាគារ៣ និង២០ម៉ឺនដាក់ទូដែកទុកប្រើបន្ទាន់ រៀបចំកាំម៉ារ៉ាសុវត្ថិភាព ទ្វាសុវត្ថិភាព និងអង្គរក្សផ្ទាល់ខ្លួនរួចរាល់ហើយ»។

ពេលនោះឃើញសាររបស់លោក ហ៊ុន សែន ឆ្លើយថា៖ «ប្រសិនបើជាចៅត្រូវការយកទុនទុកក្នុងឲ្យហើយ តានឹងបញ្ជូនបន្ថែម ៦០០ ០០០$ទៀត»។

ក្នុងសារបន្តទៀតលោក ហ៊ុន សែន បានប្រាប់ឲ្យ ធី សុវណ្ណថា ធ្វើបាតុកម្មដូរមេបក្សប្រឆាំងដោយថា៖ «ធ្វើមុន២០១៨ល្អ។ ចៅរៀបចំកម្លាំងដូរមេបក្ស។ រង្ស៊ី តាទប់មិនឲ្យចូល ចៅចាត់ការ កឹម សុខា បាតុកម្មរាល់ថ្ងៃ បើដូរមេបក្សមិនបាន ត្រូវបក្សជា២។ តាធានាចិញ្ចឹមបាតុកម្មរបស់ក្រុមចៅ»។

ធី សុវណ្ណថា សរសេរថាខ្លួនទទួលយកផែនការនេះ ដោយថានឹងធ្វើបាតុកម្មបិទស្នាក់បក្សប្រឆាំងនៅខែមករាឆ្នាំ២០១៨ ឲ្យរើសប្រធានបក្សថ្មី ហើយលោក ហ៊ុន សែន សន្យាថា៖ «តាបំរ៉ុងហិរញ្ញវត្ថុបម្រើឲ្យការងារចៅ»។

លោកបណ្ឌិត ចាន់ វិបុល មានប្រសាសន៍ថា ការបែកធ្លាយការសន្ទនាបែបនេះ គឺហួសពីរឿងបុគ្គលឯកជន ឈានដល់រឿងសាធារណៈដែលត្រូវតែមានការស៊ើបអង្កេតជាពីរដំណាក់កាល។

លោកលើកឡើងថា៖ «ប្រសិនបើវាជាបញ្ហាគ្រោះភ័យទៅដល់ប្រទេសជាតិ ខ្ញុំយល់ឃើញថាវាជារឿងមួយដែលចាំបាច់ធើ្វការស្រាវជ្រាវជាលក្ខណ:ប្រព័ន្ធ ហើយប្រើប្រាស់ការដាក់ទោសទណ្ឌទៅតាមផ្លូវច្បាប់ ប៉ុន្តែបើត្រឹមតែបែកធ្លាយ[…]លក្ខណ:បុគ្គលមិនមានហានីភ័យគ្រោះថា្នក់ដល់សង្គមជាតិ ខ្ញុំយល់ឃើញថាត្រូវស៊ើបអងេ្កតដូចគ្នា តែវិធានការឬក៏ចំណាត់ការហឹ្នងទៅតាមទម្ងន់ទោស។ ការស៊ើបអងេ្កតជាទូទៅតែងតែមានដូចទិដ្ឋភាពនេះត្រូវតែមានការស៊ើបអងេ្កតពីរដង ទីមួយការសងេ្កតលើការបែកធ្លាយ ហើយនិងទីពីរទៀត ការស៊ើបអង្កេតទៅក្នុងទម្ងន់នៃការទំនាក់ទំនងថា តើទម្ងន់នេះវាអាចជះដល់ឋាន:បុគ្គល»។

ជាមួយគ្នានោះ លោកបណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា ការសន្ទនាបែបនេះជាបទល្មើសព្រហ្មទណ្ឌ។

លោកពន្យល់ថា៖ «គឺមានមាត្រាច្បាប់ព្រហ្មទណ្ឌមួយចែងអំពីចរាចរណ៍ឥទិ្ធពល។ ដូចេ្នះដែលគេជាអាចស៊ើបអង្កេតមើលថា តើនេះជាទង្វើមួយ ដែលជាបទល្មើសព្រហ្មទណ្ឌចរាចរណ៍ឥទិ្ធពលឬទេ»។

ទោះជាយ៉ាងណាមន្រ្តីរដ្ឋាភិបាលបានឲ្យដឹងថា មិនមានគម្រោងស៊ើបអង្កេតកិច្ចសន្ទនារវាងលោក ហ៊ុន សែន និង ធីសុវណ្ណថានោះទេ ប៉ុន្តែថានឹងពិចារណាស៊ើបអង្កេតសារសន្ទនាឆ្លើយឆ្លង (chat) រវាង ធី សុវណ្ណថា ទៅកាន់លោក ហ៊ុន ម៉ានិត កូនប្រុសលោកនាយករដ្ឋមន្ត្រី ដែលជាមន្រ្តីក្រសួងការពារជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ