ប្រធានស្តីទីបក្សប្រឆាំងលោក កឹម សុខា បានលើកឡើងថា ការលើកលែងទោសដល់រូបលោកនាពេលថ្មីៗនេះ គឺមានការឯកភាពគ្នាទាំងសងខាងដោយគ្មានលក្ខខណ្ឌ និងមិនមានការដោះដូរអ្វីនោះទេ។
មេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានព្រះមហាក្សត្រ សម្ដេចព្រះ នរោត្ដម សីហមុនី ប្រោសព្រះរាជទានលើកលែងទោស កាលពីថ្ងៃសុក្រកន្លងមកនេះ ទៅតាមការស្នើសុំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការលើកលែងទោសដល់លោក កឹម សុខា បានជំរុញឲ្យមានមន្ទិលសង្ស័យថា មានលក្ខខណ្ឌអ្វីមួយស្ថិតនៅពីក្រោយនៃការលើកលែងទោសនេះ។
ថ្លែងនៅចំពោះមុខអ្នកគាំទ្រនៅទីស្នាក់ការគណៈបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ នាព្រឹកថ្ងៃនេះ លោក កឹម សុខា ប្រាប់ថា ការដោះស្រាយបញ្ហារបស់លោក គឺជាដំណោះស្រាយដោយគ្មានការដោះដូរ ឬមានលក្ខខណ្ឌ ហើយការដោះស្រាយនេះ គឺជាការដោះស្រាយរវៀងខ្មែរ និងដូចគ្នា។
លោកបញ្ជាក់ថា៖ «ខ្ញុំបញ្ជាក់ហើយ ដំណោះស្រាយនេះអត់មានលក្ខខណ្ឌទេ ហើយក៏អត់មានប្តូរអីដែរ គឺឯកភាពគ្នាទំាងសងខាងថា អត់មានលក្ខខណ្ឌ អត់មានដោះដូរ។ ទី២ ដំណោះស្រាយនេះ ជាដំណោះស្រាយរវៀងខ្មែរ និងខ្មែរ»។
លោក កឹម សុខា បានបន្ថែមថា លោកនឹងស្វះស្វែងរកដំណោះស្រាយសម្រាប់ក្រុមមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីរៀបចំការបោះឆ្នោត ព្រមទាំងសកម្មជនដទៃទៀតរបស់បក្សប្រឆាំង ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ។
លោក កឹម សុខា ថ្លែងបន្តថា៖ «ទីបីដំណោះស្រាយនេះមិនមែនដំណោះស្រាយចប់ត្រឹម កឹម សុខាទេ នឹងឈានដល់ដោះស្រាយបញ្ហាផ្សេងៗ ទៀតជាពិសេសបងប្អូនយើងដែលនៅក្នុងពន្ធនាគារសព្វថ្ងៃនេះ ក៍យើងនឹងធ្វើក្នុងពេលឆាប់នេះដើម្បីឱ្យមានដំណោះស្រាយ»។
លោកបន្ថែមថា លោកបានពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់គណៈបក្សកាន់អំណាចរួចហើយ ពាក់ព័ន្ធនឹងមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ដែលកំពុងនៅជាប់ឃុំក្នុងពន្ធនាគា។ លោកថា ការដោះស្រាយបញ្ហានេះនឹងធ្វើតាមប្រព័ន្ធតុលាការ។
លោកបញ្ជាក់ថា៖ «យើងនឹងដោះស្រាយបញ្ហាដោយប្រើទស្សនៈនិងមនសិកាជាដំណាក់កាលតាមប្រព័ន្ធតុលាការនឹង ហើយយើងនឹងធ្វើឱ្យបានឆាប់ៗខាងមុខនេះ»។
លោក កឹម សុខា ដែលបានស្នាក់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិរយៈពេលកន្លះឆ្នាំនោះ ត្រូវបានតុលាការកម្ពុជាសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល៦ខែ និងពិន័យជាប្រាក់៨០ម៉ឺនរៀល ក្រោមការចោទប្រកាន់ពីបទបដិសេធចូលខ្លួន ពាក់ព័ន្ធនឹងសំណុំរឿងដែលគេទម្លាយថា លោកមានស្នេហាលួចលាក់ជាមួយនាង ខុម ចាន់តារាទី ហៅ ស្រីមុំ៕