រឿង​លូក​លាន់​កិច្ច​ការ​រដ្ឋ ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​បន្ត​ទាមទារ​ទៅ​អ្នកស្រី ផាក ឲ្យ​លាលែង​ពីតំណែង

ក្រុម​បាតុករ​កូរ៉េ​ខាង​ត្បូង​ប្រ​ឆាំង​អ្នក​ស្រី​ ផាក​ (រូបភាពពី​ទីភ្នាក់​ងារ​Channel News Asia)

ពលរដ្ឋកូរ៉េខាងត្បូងរាប់រយពាន់នាក់ បានចេញតវ៉ាជាថ្មីម្ដងទៀតនៅកណ្ដាលទីក្រុងសេអ៊ូលកាលពីល្ងាចថ្ងៃម្សិលមិញ ដែលជាបាតុកម្មនៅចុងសប្ដាហ៍ចំនួន ៦លើករួចមកហើយ ដើម្បីទាមទារទៅប្រធានាធិបតីកូរ៉េខាងត្បូង អ្នកស្រី ផាក ហ្គឹនហេ ឲ្យចុះចេញពីតំណែង ដោយសារតែរឿងអាស្រូវនយោបាយ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ក្បួនបាតុកម្មនោះ បានកើតឡើងបន្ទាប់ពីបក្សប្រឆាំងចំនួន ៣ បានបង្ហាញច្បាប់មួយទៅសភា សម្រាប់ដាក់បន្ទុកទៅលើអ្នកស្រី ផាក ដែលអាចនឹងក្លាយជាប្រធានាធិបតីជាប់ឆ្នោតដំបូងគេដែលនឹងត្រូវចាកចេញពីតំណែងមុនអាណត្តិទាំងខូចបង់កិត្តិយស។

ច្បាប់នោះ ដែលចុះហត្ថលេខាដោយសមាជិកសភា ១៧១រូប ក្នុងចំណោមសមាជិកសភា ៣០០រូប បានចែងថា អ្នកស្រី ផាក បានរំលោភរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ តាមរយៈការរំលោភអំណាច នៅក្នុងរឿងអាស្រូវប្រើប្រាស់ឥទ្ធិពល។

ក្រុមបាតុករដែលបានដើរក្បួននៅចម្ងាយ ១០០ម៉ែត្រពីវិមានខៀវនោះ បានអំពាវនាវទៅអ្នកស្រី ផាក ឲ្យចុះចេញភ្លាមៗ ដោយពួកគេបានច្រានចោលការសុំទោសជាសាធារណៈរបស់អ្នកស្រី និងស្នើទៅសភាឲ្យសម្រេចពីពេលវេលា និងវិធីសម្រាប់ឲ្យអ្នកស្រី ផាក ចុះចេញពីតំណែង។

ស្ត្រីវ័យ ៤៣ឆ្នាំ អ្នកស្រី គីម ចែវ៉ា ដែលបានចូលរួមជាមួយកូនស្រីវ័យជំទង់ ២រូបផងនោះ បាននិយាយថា៖ “វាជារឿងអាម៉ាស់សម្រាប់ជាតិ ដែលអ្នកស្រី ផាក នៅតែស្ថិតក្នុងតំណែងនៅឡើយ។ អ្នកស្រី ផាក គួរតែចុះចេញហើយ”។

ដោយដៃកាន់ស្លាកអក្សរសរសេរថា “ចាប់ខ្លួនអ្នកស្រី ផាក ហ្គឹនហេ” អ្នកស្រី គីម បន្ថែមថា៖ “ខ្ញុំគិតថា វាសំខាន់ណាស់ក្នុងការអប់រំពួកគេ ឲ្យបានយល់នូវអ្វីគឺជាប្រជាធិបតេយ្យ”។

អ្នកស្រី ផាក ត្រូវបានគេចោទថា បានឃុបឃិតជាមួយមិត្តភក្តិ អ្នកស្រី ឆយ ស៊ុនស៊ីល ដែលត្រូវបានតុលាការចោទប្រកាន់ពីបទរំលោភអំណាច ដើម្បីគាប់សង្កត់ទៅលើបណ្ដាក្រុមហ៊ុនធំៗ ជាថ្នូរទៅនឹងការទទួលបានមូលនិធិសម្រាប់អង្គការសប្បុរសមួយ ដែលត្រូវបានរៀបចំឡើងសម្រាប់ជួយជំរុញគំនិតផ្ដួចផ្ដើមរបស់អ្នកស្រី ផាក។

អ្នកស្រី ផាក បានបដិសេធថា អ្នកស្រីមិនបានប្រព្រឹត្តខុសនោះទេ ប៉ុន្តែ បានថ្លែងសុំទោសចំពោះសាធារណជន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ