មេឃុំបក្សប្រឆំាងមួយរូប ដែលគេចោទប្រកាន់ពីបទសូកប៉ាន់សាក្សី ស្រែកថា «អយុត្តិធម៌» ខណៈដែលតុលាការប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃចន្ទ ទី៥ខែធ្នូ ឆ្នាំ២០១៦នេះ បានប្រកាសសាលក្រមផ្តន្ទាទោសមេឃុំគណបក្ស សម រង្ស៊ី នៅខេត្តកំពង់ចាម លោក ស៊ាង ចែត ចំនូន៥ឆ្នាំ ក្នុងសំណុំរឿងសូកប៉ាន់សាក្សី ពាក់ព័ន្ធអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ។
បន្ទាប់ពីប្រកាសសាលក្រម លោក ស៊ាង ចែត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការប្រកាសសាលក្រមផ្តន្ទាទោសរូបលោកចំនួន៥ឆ្នាំ ពាក់ព័ន្ធនឹងសំណុំរឿងដែលគេចោទថាសូកប៉ាន់សាក្សីនូវទឹកប្រាក់២លានរៀល ជារឿងអយុត្តិធម៌ ដោយលោកថា មិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។
លោកថា៖ «ផ្តន្ទាទោសខ្ញុំ៥ឆ្នាំ អត់យុត្តិធម៌ទេ ព្រោះរឿងសូកប៉ាន់នេះ ខ្ញុំគ្មានទៅសូកប៉ាន់ទេ»។
យ៉ាងណាក៏ដោយ នៅក្នុងពេលប្រកាសសាលាក្រម ចៅក្រមបានប្រាប់ទៅលោក ស៊ាង ចែត ថាបើមិនពេញចិត្តនឹងសាលក្រមនេះ លោកមានសិទ្ធិប្តឹងជំទាស់ ទៅសាលាឧទ្ធរណ៍តាមនីតិវិធីច្បាប់។
លោក ហែម សុជាតិ មេធាវីការពារក្តីឲ្យមេឃុំបក្សប្រឆំាងបានពន្យល់ថា អ្នកស្រី ស៊ាង លន ដែលជាម្តាយស្រីមុំ ធ្លាប់ប្រាប់ទៅតុលាការថា លុយពីរលានរៀល ដែលលោក ស៊ាង ចែត បានប្រគាល់ឲ្យអ្នកស្រី មិនមែនឲ្យកូនស្រីរបស់គាត់ ឈ្មោះស្រីមុំនោះទេ។ លោក ហែម សុជាតិ បន្តថា លុយនោះកូនក្តីលោកបានប្រគល់ឲ្យម្តាយស្រីមុំ ដោយសារតែស្ត្រីរូបនោះចាស់ជរាគ្មានទីពឹង បន្ទាប់ពីស្រីមុំអត់មានការងារធ្វើ ក្រោយពីគេចោទថា មានស្នេហាលួចលាក់ជាមួយលោក កឹម សុខា។
លោក ហែម សុជាតិ ក៏បានសម្តែងការសោកស្តាយចំពោះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចផ្តន្ទាទោសកូនក្តី៥ឆ្នំា ដោយពុំបានបង្ហាញភស្តុតាងដាក់បន្ទុក។
លោកថា៖ «តុលាការមុននឹងប្រកាសដាក់ទណ្ឌកម្មទៅលើនរណាម្នាក់ គឺចៅក្រមត្រូវបង្ហាញពីកំហុស និងបង្ហាញពីភស្តុតាងដាក់បន្ទុក ដើម្បីសម្រេច ចំពោះបញ្ហានេះខ្ញុំឃើញថា សាលក្រមសម្រេចមិនត្រឹមត្រូវហើយដូចជាមិនមានតម្លាភាពទេ ពីព្រោះតុលាការអត់បានប្រាប់ពីហេតុផលនៃការដាក់ទោសទេ គឺអានយកសេចក្តីសម្រេចតែម្តង»។
មេធាវីរូបនោះបញ្ជាក់ថា លោកគ្រោងប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ តាមនីតិវិធីច្បាប់ ពោលមិនឲ្យផុតពីមួយខែ នៃការប្រកាសសាលក្រមសាលាដំបូងនេះទេ។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស អង្គការលីកាដូ លោក អំ សំអាត យល់ថា សំណុំរឿងលោក ស៊ាង ចែត ដែលតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ ជារឿងនយោបាយ។ លោកថា រាល់សំណុំរឿងពាក់ព័ន្ធនិងនយោបាយដូចជា លោក អ៊ំ សំអាន ហុង សុខហួរ មន្ត្រីបក្សប្រឆំាង និងមន្ត្រីសិទ្ធិមនុស្ស គួរតែតុលាការដោះលែងឲ្យមានសេរីភាពវិញ ដូចករណីលោក កឹម សុខា។
លោក អំ សំអាត ថា បើរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ មិនដោះស្រាយបញ្ហានេះទេ លោកថានឹងធ្វើឲ្យស្ថានការណ៍នយោបាយនៅកម្ពុជាបន្តភាពតានតឹង និងមានការរិះគន់ពីសហគមន៍អន្តរជាតិផងដែរ។
លោកថា៖ «ទោះបីជាលើកលែងទោសឯកឧត្តម កឹម សុខា បើអ្នកទំាងអស់ (លោក អ៊ំ សំអាន ហុង សុខហួរ មន្ត្រីបក្សប្រឆំាង និងមន្ត្រីសិទ្ធិមនុស្ស) មិនត្រូវបានដោះលែង ស្ថានភាពនយោបាយនៅតែជាប់គំា ហើយស្ថានភាពតានតឹងដដែល ហើយក៏វាទទួលការរិះគន់ពីមតិជាតិ ពិសេសសហគមន៍អន្តរជាតិវាកាន់តែធ្ងន់ធ្ងរថែមទៀត ខ្ញុំគិតថា រដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធលោកនឹងពិចារណាអ្វីដែលខាត អ្វីដែលចំណេញ»។
មេឃុំរបស់គណបក្ស សម រង្ស៊ី ក្នុងខេត្តកំពង់ចាម លោក ស៊ាង ចែត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ដែលធ្វើឡើងទៅតាមចម្លើយនៅក្នុងលិខិតចំហរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលបានចោទលោកមេឃុំរូបនេះថា បានបញ្ចុះបញ្ចូលលួងលោមឲ្យនាងនិយាយកុហកសមត្ថកិច្ច អំពីរឿងទំនាក់ទំនងស្នេហាលួចលាក់ជាមួយ លោក កឹម សុខា ដោយសន្យាថានឹងជួយឲ្យនាងបានទៅរស់នៅក្រៅប្រទេស៕









