តំណាងពលរដ្ឋដែលរងគ្រោះដោយបញ្ហាដីធ្លី និងកសិកម្មមកពី៨ខេត្តបាននាំគ្នាឡើងមកដាក់ញ្ញាត្តិនៅក្រសួងពីរ និងរដ្ឋសភា ដើម្បីជម្រុញឲ្យស្ថាប័នជាតិទាំងនេះ ជួយដោះស្រាយបញ្ហាដីធ្លីនិងបញ្ហា កសិកម្មដែលពួកគេកំពុងជួបប្រទះ។
នៅព្រឹកថ្ងៃចន្ទទី៥ ខែធ្នូនេះ តំណាងពលរដ្ឋដែលមានបញ្ហាដីធ្លី និងកសិកម្មប្រមាណជាង១៥០នាក់ដែលតំណាងឲ្យ៣៧សហគមន៍មកពីខេត្តស្វាយរៀង ព្រៃវែង កណ្តាល តាកែវ ព្រះវិហារ ព្រះសីហនុ ត្បូងឃ្មុំ និងខេត្តកំពត បាននាំគ្នាមកដាក់ញ្ញាត្តិនៅក្រសួងរៀបចំដែនដី ក្រសួងកសិកម្ម និងរដ្ឋសភាជាតិ ដើម្បីជម្រុញឲ្យស្ថាប័នទាំងនេះ ជួយដោះស្រាយបញ្ហាពូកគាត់។
ក្នុងញ្ញាតិ្តរួមដាក់ជូនស្ថាប័នទាំងនេះបានឲ្យដឹងថា មុខរបរកសិកម្ម និងការប្រើប្រាស់ដីជាសហកម្មសិទ្ធិនេះត្រូវបានចាប់ផ្តើមឆ្នាំ១៩៧៩ ដោយពុំមានការបំពាបំពាន ឬបណ្តេញចេញពីសំណាក់ក្រុមហ៊ុន ឬជនណាមួយឡើយ ហើយការងារកសិកម្មទៀតសោត គឺមិនមានអ្វីចោទជាបញ្ហានោះទេ។ តែរហូតមកដល់ឆ្នាំ២០០៥ បញ្ហាពួកគេគឺកើតមានឡើងបន្តបន្ទាប់ ទាំងតម្លៃកសិកម្មមានតម្លៃទាប និងពិបាករកទីផ្សារ ពុំមានការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាល ហើយមានសហគមន៍មួយចំនួនបានរងនូវការបំពានបំពានដីធ្លីពីសំណាក់ក្រុមហ៊ុន និងអ្នកមានអំណាចផងដែរ។
តំណាងសហគមន៍កសិករកម្ពុជាលោក ញ៉ិល ភាព បានឲ្យអ្នកសារព័ត៌មានដឹងថា លោកមានក្តីសង្ឃឹមតិចបំផុត លើដំណោះស្រាយបញ្ហាដីធ្លី ដែលសហគមន៍លោកជួបប្រទះ ព្រោះការតវ៉ារបស់សហគមន៍លោកជាច្រើនលើកទៅស្ថាប័នជាតិធំ មានទាំងរដ្ឋសភាផង គឺមិនមានការឆ្លើយតបជាវិជ្ជមានណានោះទេ។
លោកថា៖ «ខ្ញុំឃើញថា បញ្ហាដីធ្លីនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាបញ្ហាមួយដែលធំបំផុត ហើយដែលរដ្ឋាភិបាលគ្មានឆន្ទះក្នុងការដោះស្រាយទាល់តែសោះយើងឃើញមាន សហគមន៍ដីធ្លីជាច្រើនមិនថាជាសមាជិករបស់សហគមន៍កសិករកម្ពុជា ឃើញថាមិនទាន់មានសហគមន៍ណាមួយដែលទទួលយកដំណោះស្រាយអាចឲ្យសហគមន៍អាចទទួលយកបានទេ»។
លោកឲ្យដឹងបន្ថែមថា ដរាបណាមិនមានដំណោះស្រាយណាសមរម្យជូនពួកគាត់ គឺសហគមន៍ដែលមានវិវាទដីធ្លីនៅថ្ងៃនេះ នឹងឡើងមកដាក់ញ្ញាត្តិតវ៉ាបន្ថែមទៀត។
ពលរដ្ឋដែលមានទំនាក់ដីធ្លីនៅខេត្តព្រះសីហនុ លោក វីនី ថាសហគមន៍ចាប់ផ្តើមកើតទំនាស់នៅឆ្នាំ២០០២ ជាមួយក្រុមហ៊ុនចិនមួយ ដែលលោកថា បានឃុបឃិតជាមួយអាជ្ញាធរខេត្តក្នុងការយកដីរបស់ពួកគាត់។ លោកបន្ថែមថា ចាប់តាំងពីរងការបណ្តេញចេញមក ពួកគាត់មិនមានដីធ្វីស្រែចម្ការ ហើយពលរដ្ឋមួយចំនួនដើរចាំចម្ការគេ និងពលរដ្ឋមួយចំនួនទៀត គឺរស់នៅដោយពឹងផ្អែកទៅលើបងប្អូនរបស់ខ្លួន។
លោកថា៖ «ដីខ្ញុំមាន៧ហិចតាកាប់វាលស្អាតចែស មានដំណាំខ្នុរ ដាំបន្លែអីបានទាំងអស់។ អត់មានសំណងហ្មង(ក្រុមហ៊ុនចូលមក)។ […] ខ្ញុំយល់ថាវាជាការឃុតឃិតពីអាជ្ញាធរធ្វើបាបប្រជាពលរដ្ឋធ្វើឲ្យប្រជាពលរដ្ឋវេទនាតោកយ៉ាក ហើយវាប៉ះពាល់ទៅដល់ជីវភាព រហូតទៅដល់អាយុជីវិតរបស់ប្រជាជនទៀត»។
ក្នុងញ្ញាត្តិរួមដែលបានដាក់នោះ មានសហគមន៍ដែលមានទំនាស់ដីធ្លីចំនួន១២សហគមន៍ដែលកំពុងមានទំនាស់ ជាមួយក្រុមហ៊ុន និងអ្នកមានអំណាច ក្នុងនោះ ភាគច្រើននៃសហគមន៍មានទំនាស់ទាំងនោះកើតឡើងនៅខេត្តព្រះសីហនុ ដែលពួកគេសុំឲ្យក្រសួងរៀបចំដែនដីមានដំណោះស្រាយ។
ការដាក់ញ្ញាត្តិនេះ ត្រូវបានក្រុមការងារទទួលពាក្យបណ្តឹង នៃក្រសួងរៀបចំដែនដី បានចុះមកទទួលនិងបានសន្យាបញ្ជូនញ្ញាត្តិនេះ ទៅរដ្ឋមន្ត្រីដើម្បីត្រួតពិនិត្យ។
សមាជិកក្រុមការងារទទួលពាក្យបណ្តឹងក្រសួងដែនដី លោក ឡាយ ផលលឹម បានឲ្យអ្នកសារព័ត៌មានដឹងថាក្រសួងបានរៀបចំក្រុមការងារ ដើម្បីដោះស្រាយបញ្ហាដីធ្លីរួចរាល់ហើយ តែលោកថាអ្វីដែលត្រូវរង់ចាំនោះ គឺលទ្ធផលរបស់ក្រុមការងារ ដែលបានចុះទៅស្រាវជ្រាវ។
លោកថា៖ «ភាគច្រើនក្រសួងបានដាក់ក្រុមការងារចុះទៅធ្វើហើយតើ! តែការចុះនេះមិនមែនតែមួយថ្ងៃធ្វើហើយទេ តែប្រជាពលរដ្ឋចេះតែបារម្ភ។ ធម្មតាទេគាត់មានទំនាស់គាត់ចេះតែបារម្ភអញ្ចឹង ប៉ុន្តែក្រសួងនឹងខិតខំចុះអញ្ចឹងប៉ុន្តែ និងបន្តជួយចុះដោះស្រាយហ្នឹងដដែលទេ»។
បន្ទាប់ពីដាក់ញ្ញាត្តិនៅក្រសួងដែនដីនៅព្រឹកនេះ ប្រជាជនដែលបានតវ៉ាទាំងនោះបានលើកគ្នាដើរបន្តទៅដាក់ញ្ញាត្តិទៅកាន់ក្រសួងកសិកម្ម និងរដ្ឋសភាបន្តទៀត ដើម្បីឲ្យស្ថាប័នទាំងនេះជួយអន្តរាគមន៍ដោះស្រាយបញ្ហាកសិកម្ម និងដីធ្លីនេះបន្ថែមទៀតផងដែរ។
ខ្លឹមសារនៃញ្ញាត្តិរបស់ពួកគេនោះ បានស្នើរដល់ស្ថាប័នជាតិ ជួយស្វែងរកទីផ្សារជូនប្រជាកសិករ រដ្ឋជួយទិញផលិតផលកសិករ និងផ្តល់កម្ចីសម្រាប់កសិករ បញ្ឈប់ការនាំចូល ផលិតផលកសិកម្មពីក្រៅប្រទេស និងលើកទឹកចិត្តដល់ការប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុក។
នៅក្នុងខ្លឹមសារនៃញត្តិដដែល ពួកគេបានស្នើសុំដល់រដ្ឋសភា ដើម្បីច្រានចោលច្បាប់ស្តីពីដីកសិកម្ម ដែលព្រាងដោយអគ្គនាយកដ្ឋានកសិកម្ម និងសុំឲ្យក្រសួងរៀបចំដែនដី ជួយដោះស្រាយបញ្ហាដីធ្លី ជាពិសេសអន្តរាគមន៍បញ្ចប់ការគំរាមកំហែង និងចោទប្រកាន់សហគមន៍ដីធ្លីដែលកំពុងរងគ្រោះ៕