សកម្មជនដីធ្លី២នាក់នៅខេត្តព្រះសីហនុត្រូវអាជ្ញាធរចាប់ខ្លួនករណីជម្លោះដីធ្លី

ពលរដ្ឋមានជម្លោះដីធ្លីនៅតំបន់ក្បាលឆាយខេត្តព្រះសីហនុអះអាងថា សមត្ថកិច្ចបានចាប់អ្នក ភូមិ២នាក់ ខណៈពេលចេញតវ៉ាប្រឆាំងអាជ្ញាធរយកគ្រឿងចក្រឈូសឆាយផ្ទះសម្បែងរបស់ពួកគេ។

អាជ្ញាធរខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ខែវិច្ឆិកា ដល់ទី៤ខែធ្នូឆ្នាំ២០១៦ បានដាក់កំលាំងចុះ កាយព្រំដីព័ទ្ធនៅតំបន់ក្បាលឆាយ ដោយបានប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅតំបន់នោះប្រមាណ ២០០គ្រួសារ។

ពលរដ្ឋអ្នកស្រី លន់ សុទីន ប្រាប់វីអូឌីតាមទូរសព្ទនៅថ្ងៃទី៦ធ្នូនេះថា អាជ្ញាធរបានឈួសឆាយផ្ទះប្រជាពលរដ្ឋនៅតំបន់ក្បាលឆាយ អស់ជិត១០០ខ្នង និងបានចាប់ឃុំខ្លួនអ្នកភួមិ២ នាក់ថែមទៀត ដែលរហូតមកដល់ថ្ងៃនេះ នៅមិនទាន់មានការដោះលែងវិញនោះទេ។

អ្នកស្រីបន្ថែមថា៖ តុលាការសុំឲ្យពួកគាត់ផ្តល់យុត្តិធម៌ដល់គ្រួសារខ្ញុំផង និងបងស្រីម្នាក់ទៀត ដែលសមត្ថកិច្ចចាប់ទៅគាត់មេមាយទេ។ គេ[អាជ្ញាធរ]ថាប្តីខ្ញុំហ្នឹងកាប់ដើមឈើទី២យកដីខុស ច្បាប់ ហើយគេថាប្តីខ្ញុំបំផុសបំផុសប្រជាពលរដ្ឋមិនឲ្យប្រជាពលរដ្ឋទទួលយកការដោះដូរយកដី ថ្មី។អាជ្ញាធរគាត់គួរមានការដោះស្រាយឲ្យសមរម្យមួយទៅប្រជាពលរដ្ឋគាត់មិនប្រកែកទេ ប៉ុន្តែអភិបាលខេត្តមិនធ្វើតាមប្រសាសន៍សម្តេចទេ អនុសាសន៍សម្តេចនិយាយហើយនិយាយ ទៀតថាបើប្រជាពលរដ្ឋនៅកន្លែងណាឲ្យនៅក្លែងហ្នឹងទៅកុំប៉ះពាលគាត់ប៉ុន្តែអាជ្ញាធរធ្វើដោយ បំពាន

អ្នកស្រី លន់ សុទីន បន្តថា អ្នកភូមិដែលអាជ្ញាធរចាប់ខ្លួននោះទី១ ឈ្មោះ សេង ណៃហួរ ជាស្វាមីរបស់អ្នកស្រី និងម្នាក់ទៀតឈ្មោះ ញឹម ម៉េងលី ជាស្រ្តីមេម៉ាយ។

ស្រ្តីម្នាក់ទៀតដែលស្នើសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា ផ្ទះ និងដំណាំរបស់អ្នកស្រីត្រូវសមត្ថកិច្ច ឈួសឆាយចោលអស់ ដោយអ្នកស្រីមិនហ៊ានទៅមើលនោះទេ ដោយបារម្ភខ្លាចសមត្ថកិច្ចចាប់ខ្លួន ព្រោះអ្នកស្រី និងមនុស្ស១៤នាក់ផ្សេងទៀត ក៏សមត្ថកិច្ចកំពុងតាមចាប់ខ្លួនពាក់ព័ន្ធរឿងជម្លោះដីធ្លីនេះដែរ។

អ្នកស្រីបន្ថែមថា៖ ឈូសផ្ទះហ្នឹងប្រជា១០០ខ្នងជាងគ្រាន់តែថាខ្ញុំមិនហ៊ានទៅអើតមើលគេ ឃើញកំលាំងសមត្ថកិច្ចច្រើនអញ្ចឹង ព្រោះលឺថាគេ[សមត្ថកិច្ច]កំពុងតាមចាប់អ្នកភូមិផ្សេង ទៀត

អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា ករណីសមត្ថកិច្ចចាប់ខ្លួនអ្នកភូមិ ២នាក់នោះ មិនពាក់ព័ន្ធនឹងរឿងតវ៉ាដីធ្លីទេ គឺពាក់ព័ន្ធរឿងកាប់ឈើនិងរុករានដីយករដ្ឋខុស ច្បាប់ ដែលប្តឹងដោយរដ្ឋបាលព្រៃឈើ ខេត្តព្រះសីហនុកាលពីឆ្នាំ២០១៤។

លោកបន្ថែមថា៖ បងប្អូនដែលចាប់តាមខ្ញុំដឹងគឺពាក់ព័ន្ធនឹងការកាប់ព្រៃឈើនៅតំបន់ក្បាល ឆាយយកដី ដល់អញ្ចឹងបើគិតពីកុំហុសទី១កាប់ព្រៃរបស់រដ្ឋ ទី២មករំលោភយកដីរដ្ឋទៀត

លោកបន្តថា ប្រជាពលរដ្ឋមួយចំនួន ដែលកំពុងមានជម្លោះដីធ្លីនៅតំបន់ក្បាលឆាយនោះគឺ អាជ្ញាធរកំពុងធ្វើការដោះស្រាយ ដោយបានកាត់ខ្វៀលដីខ្លះនៅតំបន់នោះ ទៅឲ្យពលរដ្ឋប៉ុន្តែ លោកថាមានពលរដ្ឋខ្លះចង់បានហួសហេតុ ដែលអាជ្ញាធរមិនអាចពិបាកក្នុងការដោះស្រាយ។

លោកបន្ថែមថា៖ សូមឲ្យបងប្អូនប្រជាពលរដ្ឋហ្នឹងជួយសហការណ៍ជាមួយអាជ្ញាធរទទួលយក ទៅអាអីដែលអាជ្ញាធរយើងផ្តល់ឲ្យ ហើយអ្វីដែលគាត់ចង់បានវាមិនមែនស្រេចចិត្តគាត់ចង់បាន ទេ

មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ប្រចាំខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ យល់ថា ការចាប់ខ្លួនអ្នកភូមិ២នាក់នោះ អាចជាប់ពាក់ព័ន្ធរឿងកាប់ឈើ និងរឿងវិវាទដីធ្លីផងដែរ ដោយលោកថា ពលរដ្ឋទាំងពីរនាក់ក៏មានដីនៅតំបន់ក្បាលឆាយដែរ។

លោកបន្តថា ដើម្បីបញ្ចប់ការតវ៉ានោះ គឺរដ្ឋត្រូវបើកកិច្ចប្រជុំជាមួយប្រជាពលរដ្ឋមួយចំនួនដែលនៅក្នុងព្រំដីថ្មីនៃតំបន់អភិរក្សក្បាលឆាយនោះ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយតម្លាភាព និងយុត្តិធម៌សម្រាប់ទាំងអស់គ្នា។

លោកបន្ថែមថា៖ និយាយរួមទៅតំបន់ក្បាលឆាយហ្នឹងវាមានទាំងវិវាទដីធ្លីវាមានទាំងកាប់ព្រៃ ឈើ ការកាប់ព្រៃឈើគឺបានវាទយកដីលក់

កាលថ្ងៃទី៤ខែធ្នូឆ្នាំ២០១៦ ពលរដ្ឋមានប្រមាណ៤០នាក់ នៅតំបន់ក្បាលឆាយ ខេត្តព្រះសីហនុ បាននាំគ្នាតវ៉ាបិទផ្លូវជាតិលេខ៤ និងដុតកង់ឡានចំណុចមុខរោងចក្រស្បែកជើងញ៉ូវស្តារ (New Star) ក្នុងសង្កាត់លេខ១ ខេត្តព្រះសីហនុ ដើម្បីប្រឆាំងអាជ្ញាធរចុះរុះរើផ្ទះរបស់ពួកគេប៉ុន្តែក្រោយមកក៏បានរំសាយការប្រមូលផ្តុំវិញ ក្រោយពីអាជ្ញាធរព្រមានចាត់វិធានការច្បាប់ដើម្បីសម្រួលចរាចរណ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ