សហ​ព្រះ​រាជ​អាជ្ញា​សាលា​ក្ដី​ខ្មែរ​ក្រហម​ខ្វែង​គំនិត​គ្នា​ជុំ​វិញ​សំណុំ​រឿង​យាយ ចែម

អ្នកស្រី អ៊ឹម ចែម កម្មាភិបាលម្នាក់នៃរបបខ្មែរក្រហម (ECCC)

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃនេះ ដោយបានបង្ហាញនូវការខ្វែងគំនិតគ្នារវាងសហព្រះរាជជាតិ និងសហព្រះរាជអាជ្ញអន្តរជាតិ ជុំវិញការពង្រីកសំណុំរឿង ០០៤ ពាក់ព័ន្ធនឹងអ្នកស្រី អ៊ឹម ចែម កម្មាភិបាលម្នាក់នៃរបបខ្មែរក្រហម។

នៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃនេះរបស់សាលាក្ដីខ្មែរក្រហម សហព្រះរាជអាជ្ញាជាតិ បានសន្និដ្ឋានថា អ្នកស្រី អ៊ឹម ចែម មិនស្ថិតនៅក្នុងប្រភេទបុគ្គលដែលសាលាក្ដីកូនកាត់មួយនេះ មានយុត្តាធិការទៅលើនោះឡើយ ដោយសហព្រះរាជអាជ្ញាជាតិ ចាត់ទុកអតីតកម្មាភិបាលខ្មែរក្រហមនេះ មិនមែនជា “មេដឹកនាំជាន់ខ្ពស់” និងមិនស្ថិតក្នុងចំណោមបុគ្គល “ដែលទទួលខុសត្រូវខ្ពស់បំផុត” នោះឡើយ។

ទោះជាយ៉ាងណា ភាគីព្រះរាជអាជ្ញាអន្តរជាតិ បានទាញសេចក្ដីសន្និដ្ឋានថា អ្នកស្រី អ៊ឹម ចែម មិនមែនជា “អ្នកដឹកនាំជាន់ខ្ពស់” នោះទេ ប៉ុន្តែ ថា អ្នកស្រីគឺស្ថិតនៅក្នុងចំណោមបុគ្គល “ដែលទទួលខុសត្រូវខ្ពស់បំផុត”។

អ្នកស្រី អ៊ឹម ចែម ឬយាយ ចែម គឺជាអតីតលេខាស្រុក ឬមេដឹកនាំស្រុកក្នុងស្រុកកោះអណ្តែត ក្នុងតំបន់ ១៣ នៃភូមិនិរតី មុននឹងអ្នកស្រី ត្រូវបានផ្លាស់ប្ដូរឲ្យកាន់ស្រុកព្រះនេត្រព្រះ ក្នុងតំបន់ ៥ នៃភូមិភាគពាយព្យ នៅអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ។ យាយ ចែម ត្រូវបានគេជឿថា ទទួលខុសត្រូវលើការសម្លាប់មនុស្សរាប់ពាន់នាក់ នៅក្នុងតំបន់ដែលអ្នកស្រីកាន់កាប់អំឡុងរបបខ្មែរក្រហម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ