សាលាឧទ្ធរណ៍ជំរះក្តីមន្ត្រីគ.ជ.ប ករណីមន្ត្រីតុលាការសៀមរាបប្តឹង

លោក នី ចរិយា នៅសាលាដំបូងរាជធានីភ្នំពេញកាលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦

សាលាឧទ្ធរណ៍នៅព្រឹកនេះ បានបើកសវនាការលើអគ្គលេខាធិការរង គ.ជ.ប មួយរូប លើសំណុំរឿងដែលមន្ត្រីតុលាការខេត្តសៀមរាបប្ដឹងពីបទបរិហារកេរ្តិ៍ ពាក់ព័ន្ធនឹងករណីជម្លោះដីធ្លី។

កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសលោក នី ចរិយា ឲ្យជាប់ពន្ធនាគារ៦ខែ និងពិន័យជាប្រាក់ចំនួន៦លានរៀល ពាក់ព័ន្ធនិងបណ្តឹងរបស់មន្ត្រីតុលាការខេត្តសៀមរាប ដែលប្តឹងលោកពីបទបរិហារកេរ្តិ៍។

បន្ទាប់ពីសវនាការជិត២ម៉ោង នៅព្រឹកថ្ងៃអង្គារ ទី៦ ខែធ្នូនេះ អគ្គលេខាធិការរង គ.ជ.ប. និងជាអតីតប្រធានស៊ើបអង្កេតនៅសមាគមន៍អាដហុក លោក នី ចរិយា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា សំណុំរឿងរបស់លោក ដែលត្រូវបានមន្ត្រីតុលាការខេត្តសៀមរាបប្ដឹងថា បរិហារកេរ្តិ៍ និងបរិហារបង្កាច់កេរ្តិ៍ជាសាធារណៈនិងការថ្លែងជាសាធារណៈ ដើម្បីដាក់សម្ពាធលើតុលាការ ពាក់ព័ន្ធនឹងករណីជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប លោកថា «ទុកឲ្យសាធារណៈជនវាយតម្លៃ ជាពិសេស តុលាការប្រកាសសាលដីកា នៅថ្ងៃទី១៤ធ្លូ ខាងមុខនេះ»។

យ៉ាងណាក៏ដោយ ចៅក្រមជម្រះក្តីនៅសាលាឧទ្ធរណ៍លោក ប្លង់ សំណាង បានលើកឡើងក្នុងអង្គសវនាការថា សំណុំរឿងលោក នី ចរិយា នឹងត្រូវប្រកាសសាលដីកានៅថ្ងៃទី១៤ ខែធ្នូ វេលាម៉ោង២រសៀល។

លោក សំ សុគង់ មេធាវីការពារក្តីឲ្យលោក នី ចរិយា បានលើកឡើងថា នៅក្នុងសវនាការនៅព្រឹកនេះ លោកយល់ថា ការសួរដេញដោល ការបង្ហាញភស្តុតាង អង្គហេតុ និងអង្គច្បាប់ គួបផ្សំនិងស្ថានការណ៍នយោបាយ អាចធ្វើឲ្យកូនក្តីរបស់លោករួចផុតពីការចោទប្រកាន់ ដោយលោកថា កូនក្តីមិនបានប្រព្រឹត្តនោះទេ។

លោកមានប្រសាសន៍ថា៖ «បើយើងពិនិត្យទៅលើអង្គហេតុ អង្គច្បាប់ពេលសួរដេញដោលក្នុងសវនាការ លក្ខណៈនយោបាយល្អដែរ យើងអាចសង្ឃឹមថាតុលការនឹងពិនិត្យអំពីផ្លូវច្បាប់ ឬភស្តុតាងផ្សេងៗ ពេលសវនាការ បើយើងពិនិត្យភស្តុតាងនិងផ្លូវច្បាប់កូនក្តីខ្ញុំមិនមានកំហុសទេ មតិសង្ស័យត្រូវបានផ្តល់ប្រយោជន៍ទៅដល់ជនជាប់ចោទតាមគោលការណ៍ច្បាប់ បានន័យថាកូនក្តីខ្ញុំបានរួចផុតពីបទចោទ»។

គួរបញ្ជាក់ថា លោក នី ចរិយា កាលពីនៅធ្វើជាប្រធានស៊ើបអង្កេតនៅសមាគមន៍អាដហុក ធ្លាប់ត្រូវបានលោកនាយករដ្ឋមន្ត្រីព្រមានដោយមិនបញ្ចេញឈ្មោះម្តងថាជា «អាក្មេងព្រហើន» ពេលលោក នី ចរិយា រិះគន់រដ្ឋាភិបាលពីភាពយឺតយ៉ាវនៃការជំរុញយន្តការដោះស្រាយដីធ្លីឲ្យមានប្រសិទ្ធភាពនោះ។

ហើយបច្ចុប្បន្ន លោក នី ចរិយា កំពុងជាប់បណ្តឹងមួយទៀតនៅតុលាការពាក់ព័ន្ធនឹងការចោទថាលោកសមគំនិតសូកប៉ាន់សាក្សី មិនឲ្យនិយាយរឿងពិតប្រាប់តុលាការករណីចោទថា លោក កឹម សុខា មានសេ្នហាលួចលាក់ ប៉ុន្តែសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួនលើកឡើងថា ជារឿងនយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ