លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃនេះ បានព្រមានទៅដល់ជនពិការ ឲ្យប្រុងប្រយ័ត្នចំពោះអ្នកញុះញង់ ឲ្យពួកគេបន្តច្រៀងនៅតាមស្តុបនិងនៅតាមទីសាធារណៈនានា ដែលលោកថាបង្កការលំបាកដល់អាជ្ញាធរក្នុងការរៀបចំសណ្ដាប់ធ្នាប់ក្រុង។
ថ្លែងនៅក្នុងទិវាជនពិការលើកទី១៨ នៅឯសាលសន្និសីទកោះពេជ្រ នៅព្រឹកថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅស្ថាប័នពាក់ព័ន្ធទាំងអស់ឲ្យប្រមូលក្រុមអ្នកចម្រៀងជនពិការទាំងអស់ បង្កើតជាសមាគមជាក់លាក់ណាមួយ ដែលលោកថា ដើម្បីងាយស្រួលដល់រដ្ឋាភិបាលក្នុងការជួយឧបត្ថម្ភ ដើម្បីបង្កើតទៅជាក្រុមអ្នកចម្រៀងអាជីពនិងងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត។
លោកបន្ត៖ «សូមក្មួយៗ អ្នកចម្រៀង អ្នកភ្លេងនៃជនពិការ កុំក្លាយជាឧបករណ៍អ្នកនៅពីក្រោយ ខ្លួនត្រូវម្ចាស់ការ។ ពូនឹងតាមពិនិត្យមើលនូវការរៀបចំនូវបញ្ហានេះ ជាមួយអភិបាលក្រុង ក្រសួងសង្គមកិច្ច ពីការរៀបចំបែបនេះ»។
ជាមួយគ្នានោះ លោក ហ៊ុន សែន បានក្រើនរំលឹកទៅដល់ជនពិការមួយចំនួនដែលនៅបន្តច្រៀងតាមស្តុប ឲ្យប្រុងប្រយ័ត្នចំពោះការចាញ់បោកអ្នកញុះញង់។
នាយកប្រតិបតិ្តអង្កការជនពិការកម្ពុជាលោក ងិន សៅរត័្ន ហាក់បង្ហាញជំនឿស្ទាក់ស្ទើរចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ដោយលោកស្នើមានការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ បើមានមែនត្រូវចាប់ញុះញង់ នោះមកដាក់ទោសតាមច្បាប់។
លោកបន្ត៖ «តាមការស្រាវជ្រាវរបស់ក្រសួងសង្គមកិច្ច គេរកឃើញអញ្ចឹង ប៉ុន្តែក្នុងនាមអង្គការជនពិការកម្ពុជា យើងចង់ឲ្យមានគណៈកម្មការណ៍ស៊ើបអង្កេតឲ្យបានត្រឹមត្រូវសិន ប្រសិនបើមានមែន ចង់ឲ្យដោះស្រាយតាមប្រព័ន្ធច្បាប់ឲ្យបានត្រឹមត្រូវ ដោយសាររឿងនេះមានការកេងប្រវ័ញ្ចរបស់បងប្អូនជនពិការ»។
ជនពិការម្នាក់ដែលធ្លាប់ដើរច្រៀងតាមស្តុប កញ្ញា ស្រី នូ វណ្ណី មានប្រសាន៍ថា ករណីដែលជនពិការដើរច្រៀងតាមស្តុបនិងតាមផ្សារនោះមិនមានអ្នកណាមកបង្ខិតបង្ខំឬញុះញុងឲ្យច្រៀងនោះទេ គឺពួកគាត់គ្មានជំរើសដោយសារខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
លោកស្រីបន្តថា៖ «អត់មានអ្នកញុះញង់ទេ វាជាការស្ម័គ្រចិត្តរបស់ជនពិការទេ គ្រាន់តែជាការស្ម័គ្រចិត្តអត់មានក្រុមណាញុះញង់បង្កិតបង្ខំឲ្យជនពិការគាត់ធើ្វចឹងដែរ ប៉ុន្តែដោយសារគាត់អត់មានជំនាញអី មានតែជំនាញហឹ្នង[ច្រៀង] ព្រោះជនពិការដែលគាត់ប្រកបអាជីពហឹ្នង ជាជនពិការដែលគាត់អត់មានឪកាស អត់មានការរៀនសូត្រ ហើយគាត់មានអាយុច្រើនហើយហួសការរៀនសូត្រ បើគេបិទ គាត់អត់បានច្រៀង វាធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់»។
កន្លងមកអាជ្ញាធររាជធានីភ្នំពេញធ្លាប់រឹបអូសឧបករណ៍តន្ត្រីរបស់ជនពិការភ្នែកមិនឲ្យច្រៀងតាមទីសាធារណៈដើម្បីរៃអង្គាសថវិកា ដោយអាជ្ញាធរយល់ថា បានបង្ករប៉ះពាល់ដល់សណ្តាប់សាធារណៈ ប៉ុន្តែក្រោយការរឹបអូសនេះ ត្រូវមហាជនរិះគន់ថាការរំលោភសិទ្ធិនិងរំលោភយ៉ាងធ្ងន់ធ្ងរលើសេដ្ឋកិច្ច ខណៈការសន្យាធានាជួយរកការងារធ្វើជូនជនពិការឲ្យមានជីវភាពសមរម្យរបស់អាជ្ញាធរ នៅមិនទាន់មានប្រសិទ្ធភាពនៅឡើយ។
បើតាមលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បច្ចុប្បន្នកម្ពុជាមានជនពិការចំនួនប្រមាណជាង២ម៉ឺននាក់។
ចំណែករបាយការណ៍អង្គការសុខភាពពិភពលោកនិងធនាគារពិភពលោកបានបង្ហាញថា ជនពិការកំពុងប្រឈមនឹងបញ្ហាជាច្រើន និងត្រូវបានទទួលស្គាល់ថាភាគច្រើនស្ថិតក្នុងកម្រិតនៃភាពក្រីក្រដោយរាប់បញ្ចូលការទទួលបានឱកាសតិចតួចក្នុងសង្គមដូចជាសុខភាព ការអប់រំ សេដ្ឋកិច្ចសង្គម និងនយោបាយ៕