ប្រជាសហគមន៍និងពលរដ្ឋប្រមាណ៥០០នាក់នៅព្រឹកថ្ងៃអង្គារទី៥ធ្នូនេះ បានប្រមូលផ្ដុំគ្នានៅតំបន់អង្គរឃ្យុងយូខេត្ដសៀមរាប ដើម្បីទាមទារឲ្យអាជ្ញាធរជួយអន្តរាគមន៍និងផ្ដល់យុត្ដិធម៌ ពាក់ព័ន្ធរឿងជម្លោះដីធ្លី បញ្ហាផ្នែកសេវាទេសចរណ៍និងការរំលោភសិទ្ធិមនុស្សនានា។
ក្រុមប្រជាពលរដ្ឋទាំងនោះមកពីសហគមន៍ចំនួន១៣និងសមាគមផ្នែកសេវាទេសចរណ៍ រួមមានសហគន៍ស្គន់ សហគមន៍តាពែន សហគមន៍ត្បែងលិច សហគមន៍ត្បែងកើត សហគមន៍ដូចឪ ជាដើម។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វ៉ន ពៅ លើកឡើងនៅកន្លែងប្រមូលផ្ដុំគោរពទិវាសិទ្ធិមនុស្ស១០ ធ្នូ លើកទី៦៨ នាព្រឹកថ្ងៃនេះថា ក្រុមអ្នកដឹកជញ្ជូញភ្ញៀវទេសចរណ៍តាមរ៉ឺម៉ក ពួកគាត់ប្រឈមនឹងបាត់បង់មុខរបរដោយសារអាជ្ញាធរបង្កើតឲ្យមានក្រុមហ៊ុនបរទេសជួលម៉ូតូនិងរថយន្ដអគ្គីសនីដឹកភ្ញៀវទេសចរណ៍ នៅក្នុងតំបន់អង្គរ ដែលលោកថា ធ្វើឲ្យពួកគាត់ដែលជាម្ចាស់ប្រទេសជាតិបាត់បង់ប្រាក់ចំណូលនិងប៉ះពាល់ជីវភាពប្រចាំថ្ងៃពួកគាត់ផងដែរ។
លោកបន្ដថា៖ «យើងជាអ្នករត់ម៉ូតូទេសចរណ៍ ម្ចាស់ទឹកម្ចាស់ដី យើងជាម្ចាស់ប្រទេសដូចរដ្ឋធម្មនុញ្ញបានចែងថា ប្រជាពលរដ្ឋជាម្ចាស់វាសនាប្រទេសជាតិ។ ភោគផលនៃប្រាសាទអង្គរ ត្រូវបានបាត់បង់ធ្លាក់ទៅលើឈ្មួញធំៗ ឈ្មួញកូរ៉េ នេះ ឬយុត្ដិធម៌! ដូច្នេះដើម្បីយុត្ដិធម៌ ត្រូវបញ្ឍប់ជាបន្ទាន់ នូវការជួលម៉ូតូនៅតាមផ្ទះសំណាក់តាមសណ្ឋាគារមួយចំនួន»។
ដោយឡែកប្រជាសហគមន៍ ដែលមានជម្លោះដីធ្លីចំនួន១៣ទៀត ពួកគេបានសម្ដែងក្ដីទុក្ខកង្វល់ស្រដៀងគ្នាថា ពួកគាត់មានជម្លោះដីធ្លីរាំរ៉ៃជាច្រើនឆ្នាំមកហើយ ប៉ុន្ដែគ្មានដំណោះស្រាយពីអាជ្ញាធរ ហើយខ្លះទៀតមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់នៅឡើយទេ បើទោះបីពួកគេស្វែងរកអន្ដរាគមន៍ពីប្រមុខរដ្ឋាភិបាលក៏ដោយ ដោយថា អាជ្ញាធរគ្រាន់តែសន្យាចោលប៉ុណ្ណោះ។
ពួកគាត់បន្ដថា ការយឺតយ៉ាវនៃការដោះស្រាយនេះ ធ្វើឲ្យពួកគាត់ជួបការលំបាក និងរងការគម្រាមកំហែងពីសមត្ថកិច្ច និងប្រើហិង្សាមកលើពួកគេផងដែរ។ ពួកគាត់ជំរុញឲ្យអាជ្ញាធរផ្ដល់ភាពយុត្ដិធម៌និងពន្លឿនការដោះស្រាយជម្លោះដីធ្លីនិងផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ឲ្យបានឆាប់និងមានប្រសិទ្ធភាព។
ពួកគាត់បន្ដ៖ «សូមជម្រាបជួនសម្ដេចនាយកថា ពួកអប្សរានៅស្រុកអង្គរធំ និយាយរួមអប្សរាទូទៅអត់ឲ្យប្រជាពលរដ្ឋរស់នៅលើដីខ្លួនឯងបានសោយសុខ។ បីឆ្នាំគត់គ្មានបានធ្វើអ្វីសោះ កាប់បំផ្លាញដុតបំផ្លាញ ដុតផ្ទះកាប់ដំណាំ ដែលពលរដ្ឋខំដាំបាន ចាប់ពលរដ្ឋមកដាក់គុក១២នាក់ ហើយវ៉ៃរបួសបែកក្បាល បាញ់ពិការរហូតមកដល់សព្វថ្ងៃ អត់មានដំណោះស្រាយទេ ដោះឲ្យបានមុនបោះឆ្នោតចា៎! កុំចង់បានតែសំឡេងឆ្នោត ពេកជួយអាសូកូនចៅផង»។
ករណីនេះ អភិបាលរងនិងជាអ្នកនាំពាក្យខេត្ដសៀមរាបលោក លី សំរិទ្ធ មានប្រសាសន៍ថា អាជ្ញាធរបានដោះស្រាយជូនពួកគាត់ជាបន្ដបន្ទាប់ និងបន្ដដោះស្រាយបន្ថែមទៀត ប៉ុន្ដែលោកថា ពលរដ្ឋមួយចំនួនបានកាប់ព្រៃរានយកដីបន្ថែម។ លោកបន្ដថា ករណីការបាត់បង់សេវាកម្មដឹកជញ្ជូនភ្ញៀវតាមរ៉ឺម៉កកង់បីនោះ លោកថា វាស្រ័យទៅលើសេវាកម្មអ្នកដឹកជញ្ជូន ហើយលោកជម្រុញឲ្យសមាគមដឹកតាមម៉ូតូកង់បី ពង្រឹងដល់អ្នកបើកបរឲ្យមានសណ្ដាប់ធ្នាប់ និងបំរើសេវាកម្មឲ្យបានល្អ។
លោកបន្ដថា៖ «គ្រាន់តែរបៀបច្រង៉ាងច្រង៉ាងដូចសព្វថ្ងៃនេះ ល្មមគេអត់ត្រូវការគាត់ដែរហ្នឹង តែគេអត់ត្រូវការហ្នឹងចប់ហើយសេវាក្រុមហ៊ុនល្អជាងណា។ តាមបទបញ្ជា០១ ធ្វើបានមួយចំនួនហើយទៅកាត់រានព្រៃយកមួយចំនួនទៀតឥឡូវគេ ទៅដោះគេទៅពិនិត្យ មើលនីតិវិធីច្បាប់យើងដែលត្រូវឲ្យគាត់របៀបម៉េច! »។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីការដូខេត្ដសៀមរាបលោក ចៅ ល័ក្ខវណ្ណា មានប្រសាសន៍ថា ករណីបញ្ហាជម្លោះដីធ្លីរហូតដល់មានការបណ្ដេញចេញ និងការរំលោភសិទ្ធិមនុស្ស មានសកម្មភាពខ្លាំងខ្លានៅឆ្នាំ២០១៤និង២០១៥។ ប៉ុន្ដែលោកថា នៅឆ្នាំ២០១៦នេះ បញ្ហាជម្លោះដីធ្លីមានការថយចុះ។ លោកបន្ដថា រហូតមកដល់ពេលនេះ អាជ្ញាធរមានដំណោះស្រាយដល់ពលរដ្ឋបានប្រមាណ៤០% ខណៈតំបន់ជម្លោះខ្លះនៅឆ្ងាយពីអាជ្ញាធរ។ លោកស្នើឲ្យស្ថាប័នពាក់ព័ន្ធពន្លឿនចេញប័ណ្ណកម្មសិទ្ធិនិងដោះស្រាយជម្លោះដីធ្លីនេះឲ្យបានឆាប់៕