គណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើដែលដឹកនាំដោយអគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសឲ្យដឹងថា គណៈកម្មការនេះបានចុះបង្រ្កាបក្រុមហ៊ុនកែច្នៃឈើមួយស្ថិតនៅខេត្តព្រះវិហារ ដែលកាប់ឈើក្នុងតំបន់ហាមឃាត់ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា កម្លាំងប្រដាប់អាវុធបានចុះឡោមព័ទ្ធក្រុមហ៊ុន ហុង សុភាព ដែលជាក្រុមហ៊ុនកែច្នៃឈើនេះរួចផ្អាកសកម្មភាព បន្ទាប់ពីរកឃើញថាក្រុមហ៊ុននោះបានចូលកាប់ឈើលក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារជាតំបន់ហាមឃាត់។
លោកថា៖ «ចុះទៅត្រួតពិនិត្យទៅគឺឃើញមានឈើហ៊ុប ហើយជាមួយនឹងឈើដែលជាក្ដាបន្ទះ ហ្នឹងមានកន្លែងកែច្នៃ ដូច្នេះដីនោះជាដីសម្បទាន សង្គមកិច្ចរបស់កងទ័ព ចឹងការកាប់នេះយើងពិនិត្យទៅ ជំនាញកំពុងត្រួតពិនិត្យ។ ចឹងការត្រួតពិនិត្យជំហានដំបូងឃើញឈើនេះ គឺកាប់នៅក្នុងដីសប្បទានផង ហ្នឹងចំនួនទៀតគឺកាប់នៅក្នុងដីតំបន់រម្យណីយដ្ឋានប្រាសាទព្រះវិហារដូច្នេះជាតំបន់ដែលហាមឃាត់ ចឹងការកាប់នេះគឺល្មើសច្បាប់ នៅពេលដែលកាប់នៅទីនោះ ឈើដែលយើងឃាត់បានបណ្ដោះអាសន្នបានចំនួន ជាង ៥០០ ម៉ែត្រគួប ភាគច្រើនឈើប្រភេទលេខ២»។
បើតាម លោក អេង ហ៊ី ឲ្យដឹងថា គណៈកម្មការជាតិដែលចុះទៅឡោមព័ទ្ធចាប់ក្រុមហ៊ុនកែច្នៃឈើ មានកម្លាំងកងរាជអាវុធហត្ថប្រមាណ២០០នាក់ រួមទាំងឧត្ថម្ភាគចក្រផងដែរ។ លោកថា ក្រុមការងារកំពុងស្រាវជ្រាវរកភស្ភុតាងបន្ថែមដើម្បីបញ្ជូនសំណុំរឿងនេះទៅតុលាការ។
អ្នកសម្របសម្រួលសមាគមន៍អាដហុក ប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ សាទរចំពោះការចុះបង្ក្រាបនេះ។ ទន្ទឹមនឹងនេះ លោកជំរុញឲ្យអាជ្ញាធរចាត់វិធានការនេះឲ្យមានតម្លាភាពនិងចាប់អ្នកពាក់ព័ន្ធមកដាក់ទោស ដើម្បីទប់ស្កាត់កុំឲ្យបទល្មើសនេះកើតឡើងបន្តទៀត។
ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាដែលសកម្មក្នុងការការពារព្រៃឈើលោក អ៊ួច ឡេង កោតសរសើរចំពោះការចុះបង្ក្រាប ប៉ុន្តែលោកនៅតែបារម្ភ ដោយថាការចុះបង្កា្របបទល្មើសព្រៃឈើរបស់អាជ្ញាធរហាក់នៅមានការលាក់បាំងព័ត៌មាន។
លោកថា៖ «ប្រជាពលរដ្ឋយើងយល់ឃើញថា ប្រហែលជាអាចមានអ្វីមួយនៅពីក្រោយ ដើម្បីជួយសម្រួលដល់ឧក្រិដ្ឋជនដែលរកស៊ីព្រៃឈើទាំងនោះ ដែលលក្ខណៈជាប្រព័ន្ធនិងមានលក្ខណៈជាដុះស្លែងយូរណាស់មកហើយ ដែលយើងទើបតែបង្រ្កាប ទើបតែរកឃើញនៅក្នុងឆ្នាំ២០១៦-២០១៧នេះ។ តើទឹកប្រាក់ដែលគេបំផ្លាញធនធានធម្មជាតិព្រៃឈើយើងមានតម្លៃប៉ុន្មានតាំងពីឆ្នាំ២០១០ ឆ្នាំ២០១៤ ដែលរាជរដ្ឋាភិបាលចេះតែចេញអាជ្ញាប័ណ្ណដោយលួចលាក់បែបនេះ ថាតើមានក្រុមហ៊ុនប៉ុន្មាន ហើយមានរោងចក្រអារឈើប៉ុន្មាន ដែលកំពុងបំផ្លាញធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា»។
គួរបញ្ជាក់ថាកាលពីខែមករា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្កើតក្រុមការងារពិសេសមួយដែលដឹកនាំដោយនាយកលោក សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសអមដោយកងទ័ពឆ័ត្រយោង៩១១និងអភិបាលខេត្តមួយចំនួនដោយប្រើឧត្ថម្ភាគចក្រពីរគ្រឿង ដោយអះអាងថាដើម្បីបង្រ្កាបបទល្មើសព្រៃឈើនៅកម្ពុជា៕