ស្ដេច​ថ្មី​ថៃ​តែង​តាំង​សមាជិក​ថ្មី​ចូល​ក្នុង​ក្រុម​ប្រឹក្សា​ដ៏​មាន​អំណាច

ព្រះមហាក្សត្រថ្មីថៃ បានតែងតែសមាជិក ៣រូបទៀត ចូលទៅក្នុងឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ នៅថ្ងៃនេះ និងបានដកអតីតសមាជិកមួយចំនួនចេញវិញ ដែលនេះគឺជាការសម្រេចចិត្តដំបូងមួយរបស់ទ្រង់ បន្ទាប់ពីឡើងសោយរាជ្យសម្បត្តិ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ព្រះមហាក្សត្រ មហា វិជ្ជរ៉ាឡុងកន ព្រះជន្ម ៦៤ឆ្នាំ ត្រូវបានប្រកាសជាស្ដេចកាលពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុន ដោយបានបន្តរាជវង្សចក្រីដែលមានអាយុកាល ២៣៤ឆ្នាំមកហើយ និងបង្កើនក្ដីរំពឹងអំពីស្ថេរភាពនៅក្នុងទីផ្សារហិរញ្ញវត្ថុ។

សេចក្ដីប្រកាសព័ត៌មានរបស់រាជវាំងថៃនៅថ្ងៃនេះ បានឲ្យដឹងថា ស្ដេច មហា វិជ្ជរ៉ាឡុងកន បានតែងតាំងមន្ត្រី ៣នាក់ ចូលទៅក្នុងឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ ដែលមានសមាជិកសរុប ១១នាក់។ ការតែងតាំងនេះ ត្រូវបានគេចាត់ទុកជាការសម្រេចចិត្តថ្មីបំផុត ធ្វើឡើងដោយព្រះអង្គ។

ជាងនេះទៅទៀត ក្សត្រ មហា វិជ្ជរ៉ាឡុងកន ក៏បានដកតំណែងសមាជិកមួយចំនួនចេញពីក្រុមប្រឹក្សានេះផងដែរ ក្នុងនោះមានប្រធានការិយាល័យព្រះរាជទ្រព្យ ដែលជាស្ថាប័នគ្រប់គ្រងទៅលើទ្រព្យសម្បត្តិរបស់រាជវង្ស មានតម្លៃដល់ទៅ ១០ពាន់លានដុល្លារ និងគ្រប់គ្រងលើអចលនទ្រព្យសំខាន់ៗនៅក្នុងរាជធានីបាងកក។ ក្រៅពីនេះ អ្នកដែលត្រូវបានដកចេញ ក៏មានអតីតមេបញ្ជាការកងទ័ព ២រូបផងដែរ។

ទោះជាយ៉ាងណា ស្ដេច មហា វិជ្ជរ៉ាឡុងកន នៅតែបន្តរក្សាទុកប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ លោក ប្រេម ទីនស៊ូឡានុន អាយុ ៩៦ឆ្នាំ អតីតមេបញ្ជាការកងទ័ព និងអតីតនាយករដ្ឋមន្ត្រី ហើយក៏បានកាន់តំណែងជារាជានុសិទ្ធិផងដែរ នៅមុនស្ដេចថ្មីឡើងសោយរាជ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ