អ្នករាយការណ៍គ្មានព្រំដែន (Reporters Without Borders) បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងមន្ដ្រីការពារសិទ្ធិមនុស្សជាបន្ទាន់ បន្ទាប់ពីពួកគេត្រូវបានតុលាការកំពូលច្រានចោលសំណើសុំនៅក្រៅឃុំ។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយថ្ងៃទី៦ ធ្នូម្សិលមិញ អ្នករាយការណ៍គ្មានព្រំដែនបានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែងមន្ដ្រីសិទ្ធិមនុស្សចំនួន៥នាក់ឲ្យមានសេរីភាពជាបន្ទាន់និងដោយគ្មានលក្ខខ័ណ្ឌ ពាក់ព័ន្ធសំណុំរឿងដែលគេចោទថាបានសូកប៉ាន់សាក្សី។
សេចក្ដីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីមន្ដ្រីការពារសិទ្ធិមនុស្សទាំងនេះត្រូវបានតុលាការកំពូលបានច្រានចោលបណ្តឹងសាទុក្ខសុំនៅក្រៅឃុំរបស់មេធាវីការពារក្តី ដោយសំអាងថាសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ស្របតាមនីតិវិធីច្បាប់ ខណៈពួកគេត្រូវបានឃុំខ្លួនអស់រយៈពេល៨ខែមកហើយ។
គួរបញ្ជាក់ថា តុលាការកំពូលនៅព្រឹកថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ បានប្រកាសសាលដីកាលើសំណុំរឿងមន្រ្តីសិទ្ធិមនុស្សអាដហុក៤រូប គឺលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី និងមន្រ្តី គ.ជ.ប លោក នី ចរិយា ដោយបានសម្រេចបន្តឃុំខ្លួនបណ្តោះអាសន្ន ដើម្បីមានពេលបន្ថែមស្វែងរកភស្ភុតាងដាក់បន្ទុក។
បើតាមមាត្រា២០៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌបានបញ្ជាក់ថា ការឃុំខ្លួនបណ្តោះអាសន្ននេះមិនអាចលើសពី៦ខែទេ។ ប៉ុន្តែពេលផុតថេរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារពេលឃុំខ្លួនបណ្តោះអាសន្នម្តង៦ខែ ដោយដីកាមានសំអាងហេតុត្រឹមត្រូវ និងអាចបន្ដឃុំខ្លួនបណ្តោះអាសន្នបានតែ២ដងប៉ុណ្ណោះ៕









