មន្ត្រីជំនាញបាននិយាយថា រញ្ចួយដីកម្លាំង៦,៤រិច្ឆទ័រញ័រនៅក្នុងខេត្ត Aceh ស្ថិតលើកោះស៊ូម៉ាត្រា នៅភាគខាងជើងនៃប្រទេសឥណ្ឌូនេស៊ីនៅព្រឹកថ្ងៃពុធនេះ ប៉ុន្តែមិនមានសញ្ញាបង្ហាញពីការគំរាមកំហែងដោយរលកស៊ូណាមីទេ។
អ្នកភូមិសាស្ត្រអាមេរិកថ្លែងថា កម្លាំងរញ្ជួយនោះញ័រក្នុងទំហំ១០គីឡូម៉ែត្រ ចាប់ផ្តើមនៅម៉ោង៥:០៣នាទី នៅព្រឹកថ្ងៃពុធនេះ។ ខេត្ត Aceh របស់ឥណ្ឌូនេស៊ីនេះ គឺជាខេត្តមួយ ដែលរងការវាយប្រហារពីរលកយក្សស៊ូណាមី កើតនៅសមុទ្រឥណ្ឌា នៅឆ្នាំ២០០៤។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
តាមការវាយតម្លៃរបស់អ្នកភូមិសាស្ត្រអាមេរិក ជំហានដំបូងបានបញ្ជាក់ថា ចំនួនអ្នកស្លាប់និងខូចខាតអាចមានកម្រិតទាប។ កាលពីខែមិថុនាកន្លងទៅ មានការរញ្ជួយដីកម្លាំង៦,៥ រិច្ឆទ័រ បានញ័រនៅភាគខាងលិចនៃកោះ ស៊ូម៉ាត្រា ហើយបានធ្វើឲ្យខូចខាតអាគារសំខាន់ៗនិងមនុស្សចំនួន៨នាក់រងរបួស។
ឥណ្ឌូនេស៊ីជាប្រទេសដែលប្រឈមមុខញឹកញាប់ ដោយសារការរញ្ជួយដីនិងគំរាមកំហែងដោយសារបំផ្ទុះភ្នំភ្លើង។
ការរញ្ជួយដីដែលបង្កជារលកស៊ូណាមីកាលពីឆ្នាំ២០០៤នៅសមុទ្រឥណ្ឌា បានប៉ះពាល់ដល់ខេត្ត Aceh របស់ឥណ្ឌូនេស៊ី ហើយបានបណ្តាលឲ្យមនុស្សជាង១៧០ ០០០នាក់បានស្លាប់៕









