មេដឹកនាំជប៉ុននិងរុស្ស៊ី ដាក់ចេញគម្រោងក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ដែលអាចចាប់ផ្តើមឡើងក្នុងជំនួបនៅពេលខាងមុខនេះ ប៉ុន្តែពួកគេបារម្ភពីបញ្ហាជម្លោះដណ្តើមដែនកោះ នឹងមិនអាចស្វែងរកដំណោះស្រាយបានទេ។
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្ស៊ីនហ្សូ អាបេ បានសន្យាកាលពីខែកញ្ញាថា នឹងដោះស្រាយបញ្ហាជម្លោះទឺកដីឲ្យបានហើយអស់ ដើម្បីបញ្ចប់ឧបសគ្គក្នុងការទំនាក់ទំនងជាមួយរុស្ស៊ី ដែលជាយុទ្ធសាស្ត្រមួយលោកសង្ឃឹមថាជួយដល់រដ្ឋអំណាចទីក្រុងតូក្យូ ខណៈការប្រឈមមុខរវាងជប៉ុននិងចិនកាន់តែកើនឡើង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការសម្រេចធ្វើសម្បទានដែនកោះនោះឲ្យជប៉ុន គឺជារឿងគ្រោះថ្នាក់សម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ប៉ុន្តែសម្រាប់ការទំនាក់ទំនងសេដ្ឋកិច្ចវិញ គឺទីក្រុងតូក្យូស្វាគមន៍ ខណៈតម្លៃប្រេងរបស់រុស្ស៊ីធ្លាក់ចុះដោយសារបណ្តាប្រទេសលោកខាងលិចដាក់ទណ្ឌកម្មសេដ្ឋកិច្ច។
ប៉ុន្តែលោក អាបេ ថ្លែងថាអ្វីៗគ្រប់យ៉ាងអាចនឹងមានការរីកចម្រើន ប៉ុន្តែលោកថាបញ្ហាទាំងនេះមិនអាចដោះស្រាយបានក្នុងជំនួបតែមួយលើកនោះទេ។
បច្ចុប្បន្នជប៉ុននិងរុស្ស៊ីកំពុងមានជម្លោះលើកោះចំនួន៤ ដែលអូសបន្លាយតាំងពីសង្គ្រាមលោកលើកទី២បានបញ្ចប់មក ដែលកោះនោះនៅក្បែរកោះ Hokkaido ភាគខាងជើងជប៉ុននិងនៅភាគខាងត្បូងនៃកោះ Kuriles របស់រុស្ស៊ី។
មេដឹកនាំជប៉ុនលោក អាបេ និង មេដឹកនាំរុស្ស៊ីលោក ពូទីននៅថ្ងៃទី១៥ និង ១៦ខែធ្នូ គឺថ្ងៃទី១ជួបមូលដ្ឋានរបស់អាបេ នៅភាគនិរតី ហើយបន្ទាប់មកជួបនៅទីក្រុងតូក្យូ៕