លោក ស៊ាង ចែត​ ​​ត្រូវ​ដោះ​លែង​ ខណៈបក្ស​ប្រឆាំង​ថា​ខ្លួននឹង​ស្វះ​ស្វែង​រក​ការ​ចរចាបន្ថែម​

មេឃុំរបស់គណបក្ស សម រង្ស៊ី លោក ស៊ាង ចែត

មេឃុំមកពីគណបក្សប្រឆាំង លោក ស៊ាង ចែត ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ខណៈបក្សប្រឆាំងថា ខ្លួននឹងធ្វើការចរចាបន្ថែមជាមួយបក្សកាន់អំណាច ដើម្បីស្វែងរកឲ្យមានការដោះលែងមនុស្សជាង១០នាក់ផ្សេងទៀត។

មេឃុំមកពីគណបក្សប្រឆាំងលោក ស៊ាង ចែត ត្រូវបានដោះលែងឲ្យមានសេរីភាពវិញនៅព្រឹកថ្ងៃទី៨ ធ្នូនេះ បន្ទាប់ពីព្រះមហាក្សត្រសម្រេចព្រះរាជទានទោសកាលពីម្សិលមិញ។ ការដោះលែងនេះ មានរយៈពេលមិនដល់២៤ម៉ោងពេញផង បន្ទាប់ពីជំនួបចរចាទ្វេភាគីរវាងលោក ហ៊ុន សែន និងលោក កឹម សុខា។

បន្ទាប់ពីដើរចេញពីមណ្ឌលអប់រំកែប្រែទី១ ព្រៃស លោក ស៊ាង ចែត បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកអរគុណដល់គណបក្សប្រជាជននិងសង្គ្រោះជាតិ ដែលបានចរចាគ្នាធ្វើឲ្យមានការដោះលែងលោកនៅព្រឹកនេះ តែលោកបញ្ជាក់ថា លោកនៅតែមិនមានកំហុសដូចការចោទប្រកាន់របស់អង្គភាពប្រឆាំងអំពើរពុករលូយនោះទេ។ ទោះជាយ៉ាងណាលោកថា លោកមិនមានបំណងក្នុងការប្តឹងផ្តល់អ្វីបន្ថែមទេ ព្រោះការលើកលែងទោស វាគ្រប់គ្រាន់ហើយសម្រាប់លោក។

លោកថា៖ «ដូចខ្ញុំបានថាហើយ ស្ថានភាពនយោបាយគណបក្សទាំងពីរនេះ ត្រូវរ៉ូវគ្នាមួយរំពេច។ ដោះលែងខ្ញុំៗ សូមថ្លែងអំណរគុណ ជាពិសេសសម្តេចនាយកដែលលើកលែងទោសដល់ខ្ញុំបាទ ហើយខ្ញុំក៏សូមថ្លែងអំណរគុណសម្តេចនាយកនិងសម្តេច ស ខេង ជាពិសេសលោកអនុប្រធាន ដែលលោកខំរកច្រកចរចា ឥឡូវខ្ញុំមានជំនឿថា ទៅថ្ងៃខាងមុខនេះនឹងមានការចរចាគ្នា ដោះលែងអ្នកទោសមនសិកា អស់រលើញ ហ្នឹងពិតជាសន្តិភាពមែនហើយប្រជាពលរដ្ឋខ្មែរ»។

នៅព្រឹកនេះក៏លោក កឹម សុខា បានដឹកនាំសមាជិកគណបក្សសង្គ្រោះជាតិចុះទៅជួបលោក ស៊ាង ចែត និងចូលសួរសុខទុក្ខសកម្មជនខ្លួនចំនូន១៥នាក់ ដែលបានជាប់ឃុំតាំងពីឆ្នាំ២០១៥កន្លងទៅ។ ក្រោយពីបានសួរសុខទុក្ខអ្នកទាំងនោះរួច លោក កឹម សុខា មិនបាននៅថ្លែងសារអ្វីទៅកាន់ក្រុមអ្នកព័ត៌មាននោះទេ។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឬទ្ធិ បានឲ្យអ្នកសារព័ត៌មានដឹងថា ការដោះលែងលោក ស៊ាង ចែត នេះជាជំហាននៃការចរចាមួយ ដែលលោកថានឹងបន្តឲ្យមានការចរចាដោះលែងអ្នកទាំងប៉ុន្មានអ្នកផ្សេងទៀត ដែលរួមមានមន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប សកម្មជនដីធ្លី សមាជិកនិងសកម្មជនខ្លួនទាំងជាង១០នាក់ផ្សេងទៀត។

លោកថា៖ «ខ្ញុំជឿថាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិក៏បានជម្រាបហើយថា យើងនឹងលើកយកករណីនេះមកធ្វើការជំហានៗដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ គឺដោះស្រាយបញ្ហាអ្នកជាប់ពន្ធនាគារកន្លងមកនេះ»។

ទោះជាយ៉ាងណាទាំងលោក អ៊ូ ច័ន្ទឬទ្ធិ និងលោក កឹម សុខា មិនបានបញ្ជាក់ទេថា ការចរចាកាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនបានលើកយកបញ្ហាអ្វីខ្លះមកជជែកនោះទេ ក្រៅពីការដោះលែងអ្នកដែលជាប់ឃុំប៉ុន្មាននាក់។

លោក ហ៊ុន សែន នៅព្រឹកនេះ ក៏បានថ្លែងក្នុងពិធីខួប៥ឆ្នាំរបស់ក្រុមហ៊ុនជប៉ុនមួយថា លោកមិនចូលចិត្តការដាក់សម្ពោធពីខាងណាក្នុងការដោះស្រាយនយោបាយកម្ពុជានោះទេ លោកបញ្ជាក់ដោយមិនសូវចំ តែហាក់ដូចជាសម្តៅទៅលើការដោះលែងមេឃុំ ស៊ាង ចែត ថាជាការចរចានយោបាយរវាងបក្សទាំងពីរ។ ក្នុងនោះ លោកក៏បានបញ្ជាក់ដែរថា ការដោះលែងនេះ គឺមិនមានសម្ពោធពីខាងណានោះទេ ហើយលោកក៏មិនត្រូវការឲ្យមានសម្ពោធពីខាងណា ដើម្បីដោះលែងអ្នកផ្សេងទៀតដែរ។

លោកថា៖ «ម្សិលមិញ គេនិយាយស្រួលទៅទៀត ប៉ុន្តែកុំប្រើពាក្យ International Pressure (សម្ពោធអន្តរជាតិ)ទៅ! បើថា International Pressure អញដេកទៀត។ ប៉ុន្តែបើថា និយាយស្រួល វាស្ងាត់ស្ងៀម! ធ្វើ! ចំណុចខ្ញុំខុសគេត្រង់កន្លែងហ្នឹង! ចាំចរិតខ្ញុំឲ្យច្បាស់ ហើយបើនិយាយថាធ្វើហ្នឹងដោយសារគៀបអញ្ចេះគៀបអញ្ចុះ អាហ្នឹងអត់ផ្លូវទេ! អញ្ចឹងអាអ្នកក្រោយ អត់បានទេ ពីព្រោះបើធ្វើតាមតែគេគាបដដែល អាអ្នកក្រោយឲ្យនៅកន្លែងហ្នឹងទៅវ៉ើយ! ថាកុំឲ្យសោះអាកន្លែងហ្នឹង! ផ្តាំផ្ញើទុកឲ្យហើយ»។

ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត បានប្រាប់វីអូឌីកាលពីម្សិលមិញថា ការសម្រេចនេះ បើទោះបីជារដ្ឋាភិបាលខំប្រឹងបញ្ជាក់ថា ការចាប់ខ្លួនអ្នកទាំងអស់ មិនពាក់ព័ន្ធនឹងរឿងនយោបាយក៏ដោយ តែវាបានស្តែងច្បាស់ហើយនៅពេលដែលមានការចរចានេះ។ លោកបន្ថែមថា ការពាក់ព័ន្ធរវាងនយោបាយជាមួយប្រព័ន្ធយុត្តិធម៌នេះ វាបានធ្វើឲ្យបាត់បង់ទំនុកចិត្តទៅលើប្រព័ន្ធតុលាការកម្ពុជា ហើយជាពិសេសគឺប៉ះពាល់ដល់តម្លៃនីតិរដ្ឋនិងសិទ្ធិមនុស្ស។

លោកថា៖ «អ្វីដែលគេមើលឃើញគឺវាអត់ខុស។ អញ្ចឹងក្រោយពីស្ថានភាពនៃការចរចាផ្នែកនយោបាយបានត្រូវរ៉ូវគ្នាមកយើងឃើញថា ចេញដំណឹងល្ហៀងៗជាបន្តបន្ទាប់ថា អ្នកទាំងអស់ហ្នឹងនឹងមានការដោះលែង ហើយសញ្ញាណទីមួយដែលវិជ្ជមានហ្នឹង គឺការលើកលែងទោសឲ្យ ឯកឧត្តម កឹម សុខា ជាវិជ្ជមានទីមួយ។  […] គ្មានអីចំលែក ខ្ញុំមើលជាហូរហែមក កម្ពុជាវាស្ថិតនៅក្នុងស្ថានភាពហ្នឹង កាលណានយោបាយតឹងរឹង យើងឃើញថាការចាប់ខ្លួនសកម្មជន ការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្ស  នៅពេលដែលស្ថានភាពធូរស្រាល គឺមានការដោះលែងជាបន្តបន្ទាប់។ នេះជាវប្បធម៌មួយមិនល្អ!»។

កាលពីឆ្នាំ២០១៥ សកម្មជនបក្សប្រឆាំង និងសកម្មជនដីធ្លី ដែលត្រូវបានតុលាការចាប់ខ្លួន ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពិធីបុណ្យចូលឆ្នាំខ្មែរ គឺបន្ទាប់ពីមានការចរចារត្រូវរ៉ូវគ្នារវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី នៅមន្ទីររដ្ឋសភា។

ប៉ុន្តែនៅពេលស្ថានការណ៍នយោបាយរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី ប្រែជាល្អក់កករ ក៏មានការចាប់ខ្លួនសកម្មជនបក្សប្រឆាំងជាង១០នាក់ រួមមានលោក មាជ សុវណ្ណារ៉ា លោក អឿ ណារិទ្ធិ លោក អ៊ុក ពេជ្រសំណាង ជាដើម ត្រូវបានតុលាការដាក់ពន្ធនាគារសារជាថ្មីដល់សព្វថ្ងៃនេះ។ ហើយណៈពេល ដែលលោក កឹម សុខា ត្រូវរ៉ូវជាមួយលោក ហ៊ុន សែន ក៏មានសញ្ញានៃការដោះលែងមនុស្សមួយចំនួន ដូចពេលដែលលោក ហ៊ុន សែន ត្រូវរ៉ូវជាមួយលោក សម រង្ស៊ី ដូចគ្នា។

បច្ចុប្បន្ន មានមន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប សកម្មជនដីធ្លី និងសកម្មជនបក្សប្រឆាំង មិនតិចជាង២០នាក់ទេ ដែលត្រូវបានតុលាការចាប់ឃុំខ្លួន។ ទោះជាយ៉ាងណា រដ្ឋាភិបាល ហៅការឃុំខ្លួនមន្ត្រីសកម្មជនានាកន្លងមក ជាការអនុវត្តច្បាប់នៅក្នុងប្រទេស ប៉ុន្តែសម្រាប់សង្គមស៊ីវិល និងមជ្ឈដ្ឋានមួយចំនួននៅតែចាត់ទុកថា ជារឿងនយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ