មន្ត្រីប៉ាគីស្ថានបាននិយាយថា ករណីធ្លាក់យន្តហោះ PK-661 កាលពីថ្ងៃពុធម្សិលមិញមិញ នៅតំបន់ Havelian អ្នកធ្វើដំណើរនិងអ្នកធ្វើការសរុបចំនួន៤៨នាក់លើយន្តហោះនោះស្លាប់ទាំងអស់។
ជើងហោះហើរ PK-661 បានហោះចេញពីរដ្ឋ Chitral ទៅរដ្ឋ Islamabad បានធ្លាក់នៅតំបន់ភ្នំក្បែរក្រុង Havelian រួចផ្ទុះឆេះ ចំណែកអ្នកដំណើរនៅលើនោះស្លាប់ទាំងអស់ ហើយសាកសពឆេះខ្លោចអស់រហូតមើលលែងស្គាល់។ នេះបើតាមសារព័ត៌មាន BBC។
មានសេចក្តីរាយការណ៍របស់សមត្ថកិច្ចថា អ្នកចម្រៀងប៉ុបល្បីឈ្មោះ ហើយបច្ចុប្បន្នជាអាចារ្យនៅក្នុងសាសនាឥស្លាមលោក Junaid Jamshed ក៏បានធ្វើដំណើរតាមជើងហោះហើរនោះផងដែរ។
មានការចោទប្រកាន់ថា យន្តហោះនោះមានបញ្ហាប្រព័ន្ធសុវត្ថិភាព ប៉ុន្តែក្រុមអ្នកត្រួតពិនិត្យបញ្ជាក់ថា មុនពេលចាកចេញដំណើរ មិនមានសញ្ញាពីបញ្ហាបច្ចេកទេសនោះទេ។ ពេលនេះសមត្ថកិច្ចជំនាញកំពុងបើកការស៊ើបអង្កេតរកការពិតនៃការធ្លាក់នេះ៕