កម្ពុជារង់ចាំចម្លើយក្នុងការបញ្ជូនជនល្មើសវៀតណាម ពាក់ព័ន្ធនឹងការធើ្វទារុណកម្មលើកុមារ

មន្រី្តជាន់ខ្ពស់រដ្ឋាភិបាលមួយរូប បានអះអាងនៅថ្ងៃទី៩ខែធ្នូនេះថា កម្ពុជាបានរៀបចំសំណុំបែបបត់រួចរាល់ហើយ ដើម្បីស្នើសុំឲ្យបញ្ជូនជនល្មើសជនជាតិវៀតណាម មកកាន់ប្រទេសកម្ពុជា ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។

អ្នកនាំពាក្យក្រសួងមហាផៃ្ទ លោក ខៀវ សុភ័ក្រ បានមានប្រសាសន៍ប្រាប់វីអូឌីនៅព្រឹកថៃ្ងសុក្រនេះ ថារដ្ឋាភិបាលកម្ពុជា បានរៀបចំលិខិតស្នាមជាផ្លូវការរួចហើយ ក្នុងការបញ្ជូនជនល្មើសឈ្មោះ ង្វៀន ថាញ់ដុង អាយុ៣៤ឆ្នាំ ពីបទធ្វើទារុណកម្មលើកុមារកម្ពុជា ។

លោកបន្ត៖ «យើងបានរៀបចំលិខិតស្នាមផ្លូវការហើយសំណូមពរទៅខាងវៀតណាមឲ្យបញ្ជូនល្មើសមកយើងដើម្បីរៀបចំបែបបទសំណុំរឿងបញ្ជូនទៅតុលាការហើយរហូតដល់ព្រឹកនេះមិនទាន់បានទទួលការឆ្លើយតបយ៉ាងមិចទេបាទ តែយើងបានស្នើរទៅរួចហើយ ហើយវៀតណាមដោយសារពាក្យបណ្ដឹងរបស់យើងគាត់ក៍បានរួមកិច្ចសហការដើម្បីឃាត់ខ្លួនជននោះហើយនៅហូជីមិញធើ្វការឃាត់ខ្លួនហើយ នៅតែការបញ្ជូនមកកាត់ទោសនៅស្រុកខែ្មរទេបាទ»

អគ្គលេខាធិការនៃសម្ព័ន្ធមិនមែនរដ្ឋាភិបាលដើម្បីសិទិ្ធកុមារ លោក សុន ពេញ បានលើកឡើងថារដ្ឋាភិបាលគួរតែចាត់វិធានការទប់ស្កាត់រឿង ដែលកើតឡើងចំពោះកុមារ ហើយរដ្ឋាភិបាល គួរតែសហការគ្នាឲ្យបានល្អ ក្នុងការដោះស្រាយរឿងនេះ។

កាលពីថ្ងៃទី៧ខែធ្នូ នាយកដ្ឋាននគបាលព្រហ្មទណ្ឌនៃក្រសួងសន្តិសុខវៀតណាមបានចាប់ខ្លួនបុរសជនជាតិវៀតណាមឈ្មោះ ង្វៀន ថាញ់ដុង អាយុ៣៤ឆ្នាំ នៅខេត្តអាងយ៉ាង ពីបទធ្វើទារុណកម្មលើកុមារកម្ពុជា។ ការឃាត់ខ្លួនបុរសជាជនជាតិវៀតណាមនេះ គឺធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយវីដេអូខ្លីបជាច្រើននៅលើបណ្តាញទំនាក់ទំនងសង្គម ដែលបង្ហាញពីការធ្វើទារុណកម្មក្មេងប្រុសរងគ្រោះម្នាក់ អាយុ២ឆ្នាំ ដែលជាកូនជនជាតិខ្មែរ នឹងមានឪពុកម្តាយជាកម្មករចាំចំការ នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ក្នុងវីដេអូខ្លីបមួយ ដែលបានចែករំលែកក្នុងបណ្តាញទំនាក់ទំនងសង្គមនាពេលកន្លងមក បានបង្ហាញសកម្មភាព បុរសឈ្មោះ ង្វៀន ថាញ់ដុង បានចងមុខក្មេងជនរងគ្រោះ និងបានចងស្លាបសេកទៀត ហើយបានយកកាំភ្លើងឆក់ ឆក់ក្បាល ជើងខ្នងនិងប្រដាប់ភេទ ដែលធ្វើឲ្យក្មេងប្រុសរូបនេះស្រែកយំ។ ចំណុចមួយទៀត ក្នុងវីដេអូ ជនជាតិវៀតណាមរូបនេះ បានទះកំផ្លៀងក្មេងប្រុសរូបនេះ ហើយបានបៀមម្រាមដៃ ឬវត្ថុផ្សេងទៀតរុកចូលក្នុងបំពង់កធ្វើឲ្យក្មេងប្រុសរូបនេះខក់ទៀត។

បើតាមការបញ្ជាក់ពីក្រុមគ្រួសារ បច្ចុប្បន្ន កុមារារងគ្រោះ ដែលត្រូវជនជាតិវៀតណាមធ្វើទារុណកម្ម ត្រូវបាននាំយកមកពិនិត្យសុខភាព នៅមន្ទីរទំនើបមួយក្នុងរាជធានីភ្នំពេញ ហើយត្រូវបានសមាជិកព្រឹទ្ធិសភា លោក ម៉ុង ឬទ្ធី បានចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាមួយចំនួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ