សាលារាជធានីភ្នំពេញប្រាប់ឲ្យសង្គមស៊ីវិលប្រារព្ធទិវាសិទ្ធិមនុស្សនៅទីស្នាក់ការ

សាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃសុក្រទី៩ ខែធ្នូនេះ នៅតែប្រកាន់ជំហរ ដោយមិនអនុញ្ញាតឲ្យក្រុមអង្គការសង្គមប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅថ្ងៃទី១០ធ្នូ នៅទីលានប្រជាធិបតេយ្យនិងទីតាំងមួយចំនួនទៀត តាមការស្នើសុំ និងប្រាប់ឲ្យប្រារព្ធទិវានេះនៅទីស្នាក់ការរបស់ខ្លួនវិញ។

កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិលចំនួន៦២ស្ថាប័ន បានដាក់លិខិតទៅសាលារាជធានីភ្នំពេញ ដើម្បីស្នើសុំទីលានប្រជាធិបតេយ្យនិងទីលានសួរច្បារមុខវត្តបុទុមវតី ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៦៨ នៅថ្ងៃទី១០ ធ្នូខាងមុខនេះ ប៉ុន្តែសាលារាជធានីភ្នំពេញបានបដិសេធសំណើនេះ ហើយប្រាប់អង្គការសង្គមស៊ីវិលឲ្យរៀបចំនៅទីតាំងឯកជនណាមួយឬទីស្នាក់ការរបស់ខ្លួន។

ក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិលទាំងនោះឲ្យដឹងថា ក្រោយការបដិសេធនេះ ពួកគេបានព្យាយាមចរចានិងស្នើសុំជាបន្តបន្ទាប់ទៀត ប៉ុន្តែសាលារាជធានីភ្នំពេញនៅតែមិនអនុញ្ញាត្តិឲ្យប្រារព្ធពិធីនេះនៅកន្លែងដែលក្រុមខ្លួនបានស្នើសុំ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ម៉េត មាស់ភក្តី មានប្រសាសន៍ថា ការមិនអនុញ្ញត្តិឲ្យសង្គមស៊ីវិលប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូនៅទីលានប្រជាធិបតេយ្យនិងជូបជុំគ្នាសួរច្បារមុខវត្តបុទុមវតី គឺដើម្បីរក្សាសណ្តាប់ធ្នាប់ក្រុង និងកុំឲ្យមានការច្រណែនគ្នា ដោយលោកថាមានអ្នកស្នើសុំកន្លែងនោះ ច្រើនដើម្បីប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូនេះ។

លោកថា៖ «ដោយសារវាមានការស្នើសុំច្រើនក្រុម ដល់ពេលយើង[សាលារាជធានីភ្នំពេញ]ឲ្យមួយ អត់មួយ! អញ្ចឹងវា មានការលើកឡើងថា មានការលម្អៀង សូម្បីតែសាលារាជធានីភ្នំពេញខ្លួនឯង ដំបូងក៏ចង់ធ្វើនៅទីលានប្រជាធិបតេយ្យដែរ តែដោយសារមានស្នើសុំច្រើន ក៏យើងសម្រេចធ្វើនៅកន្លែងឯកជនវិញ។ អញ្ចឹង យើងស្នើសុំឲ្យពួកគាត់កន្លែងឯកជនឬកន្លែងខ្លួនរៀងៗខ្លួន ហើយថាចុះបើសិនជាគាត់នៅតែធ្វើទៀត អាហ្នឹងគឺខ្លីទេ គឺថាប្រទេសមានច្បាប់ អ្នកណាធ្វើ! អ្នកហ្នឹងទទួល!»។

នៅព្រឹកថ្ងៃទី៩ ធ្នូ ឆ្នាំ២០១៦នេះ ក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិលបានជួបប្រជុំគ្នាបន្ទាន់មួយ បន្ទាប់ពីសាលារាជធានីភ្នំពេញនៅតែប្រកាន់ជំហរមិនឲ្យប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅថ្ងៃទី១០ ខែធ្នូ តាមការគ្រោងទុកនោះ។

នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ដែលបានចូលរួមចេញលិខិតស្នើសុំនោះដែរ ប្រាប់វីអូឌីថា ក្រុមអង្គការមិនទាន់សម្រេចយ៉ាងណានោះទេ ចំពោះគម្រោងការរៀបចំប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូនេះ ក្រោយសាលារាជធានីភ្នំពេញបដិសេធ ដោយលោកថារងចាំការប្រជុំគ្នានៅព្រឹកនេះសិន។

ទោះជាយ៉ាងណា លោក សៀ ភារម្យ បានបង្ហើបថា គម្រោងការរៀបចំប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូនេះ អាចនឹងមិនមានអ្វីផ្លាស់ប្តូរទេ។

កន្លងមក ក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិលចំនួនជាង៦០ស្ថាប័នបានសម្ដែងការខកចិត្តរួមម្តងមក ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលមិនឲ្យយកទីតាំងនៅមុខវត្តបុទុមវតី ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅថ្ងៃទី១០ខែធ្នូ ខាងមុខ។

បើតាមលិខិតរបស់ក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិលឲ្យដឹងថា ការបា្ររព្ធពិធីអបអរសាទខួបទី៦៨ នៅថ្ងៃ១០ ធ្នូ ឆ្នាំ២០១៦ខាងមុខនេះ នឹងមានអ្នកចូលរួមចំនួន៥ពាន់នាក់ ដោយជួបជុំគ្នានៅទីលានប្រជាធិបតេយ្យចំនួន៣ពាន់នាក់ រួចហើយដើរហែក្បួនមកកាន់មុខវត្តបុទុមតី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ