សង្គមស៊ីវិលប្រកាសធ្វើទិវាសិទ្ធិមនុស្សនៅទីលានប្រជាធិបតេយ្យ ខណៈអាជ្ញាធរមិនអនុញ្ញាត្តិ

ទិដ្ឋភាពទីលានប្រជាធិបតេយ្យកាលពីពេលកន្លងទៅ

ក្រុមអង្គការសង្គមស៊ីវិលនឹងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ នៅទីលានប្រជាធិបតេយ្យ បើទោះជាសាលារាជធានីភ្នំពេញមិនអនុញ្ញាត្តិក៏ដោយ។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៩ ធ្នូ ឆ្នាំ២០១៦ ក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិលប្រមាណ៦២ស្ថាប័នឲ្យដឹងថា ពួកគេនឹងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ខួបលើកទី៦៨ នៅទីលានប្រជាធិបតេយ្យស្អែកនេះ ដោយថាការប្រារព្ធពិធីនេះ ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹង លើកស្ទួយការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិលចំនួន៦២ស្ថាប័ន បានដាក់លិខិតទៅសាលារាជធានីភ្នំពេញ ដើម្បីស្នើសុំទីលានប្រជាធិបតេយ្យនិងទីលានសួរច្បារមុខវត្តបុទុមវតី ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៦៨ នៅថ្ងៃទី១០ ធ្នូខាងមុខនេះ ប៉ុន្តែសាលារាជធានីភ្នំពេញបានបដិសេធសំណើនេះ ហើយប្រាប់អង្គការសង្គមស៊ីវិលឲ្យរៀបចំនៅទីតាំងឯកជនណាមួយឬទីស្នាក់ការរបស់ខ្លួន។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ម៉េត មាស់ភក្តី មានប្រសាសន៍ថា ការមិនអនុញ្ញត្តិឲ្យសង្គមស៊ីវិលប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូនៅទីលានប្រជាធិបតេយ្យនិងជូបជុំគ្នាសួរច្បារមុខវត្តបុទុមវតី គឺដើម្បីរក្សាសណ្តាប់ធ្នាប់ក្រុង និងកុំឲ្យមានការច្រណែនគ្នា ដោយលោកថាមានអ្នកស្នើសុំកន្លែងនោះច្រើន ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូនេះ។

លោកថា៖ «ដោយសារវាមានការស្នើសុំច្រើនក្រុម ដល់ពេលយើង[សាលារាជធានីភ្នំពេញ]ឲ្យមួយ អត់មួយ! អញ្ចឹងវា មានការលើកឡើងថា មានការលម្អៀង សូម្បីតែសាលារាជធានីភ្នំពេញខ្លួនឯង ដំបូងក៏ចង់ធ្វើនៅទីលានប្រជាធិបតេយ្យដែរ តែដោយសារមានស្នើសុំច្រើន ក៏យើងសម្រេចធ្វើនៅកន្លែងឯកជនវិញ។ អញ្ចឹង យើងស្នើសុំឲ្យពួកគាត់កន្លែងឯកជនឬកន្លែងខ្លួនរៀងៗខ្លួន ហើយថាចុះបើសិនជាគាត់នៅតែធ្វើទៀត អាហ្នឹងគឺខ្លីទេ គឺថាប្រទេសមានច្បាប់ អ្នកណាធ្វើ! អ្នកហ្នឹងទទួល!»។

អគ្គលេខាធិការនៃអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាលោក ព្រហ្ម សុផល ដែលបានចូលរួមចេញលិខិតស្នើសុំនេះ ដែរមានប្រសាសន៍ថា ការដែលពួកគាត់ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ខែធ្នូនៅទីលានប្រជាធិបតេយ្យ គឺមិនមានអ្វីធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សារធារណៈនោះទេ ហើយលោកបានបង្ហាញការខកចិត្តដែលសាលារាជធានីភ្នំពេញមិនសហការជាមួយពួកគេ។

តែយ៉ាងណាលោកថា ក្រុមអង្គការនឹងធ្វើពិធីនេះតាមការគ្រោងទុក ដោយពួកគេមិនអាចធ្វើតាមកន្លែងឯកជនណាមួយបានឡើយ។

លោកបន្ថែមថា៖ “ពួកគាត់សម្រចបន្តធ្វើវេទិកាហ្នឹង ដោយសារវេទិកាហ្នឹងគឺជាវេទិកាសកល សម្រាប់មនុស្សជិតទូទាំងពិភពលោក ហើយដើម្បីគោរពរដ្ឋធម្មនុញ្ញនិងរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសសន្ធិសញ្ញាកត្តិការសញ្ញាពាក់ព័ន្ធនឹងសិទ្ធិមនុស្សដែលរដ្ឋាភិបាលយើងបានសញ្ញេយកមកប្រើប្រាស់ ឥលូវហ្នឹងវាបានក្លាយទៅជាច្បាប់ មិនត្រឹមតែច្បាប់អន្តរជាតិទេ ថែមក្លាយជាច្បាប់ស្រុកយើងទៀត ដល់អញ្ចឹងទៅការរៀបចំហ្នឹងដូចជាមិនធ្វើឲ្យប៉ះពាល់ទៅដល់សណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខ យើងមិនអាចធ្វើតាមអាជ្ញាធរដែលយើងធ្វើតាមការិយាល័យបានទេ ព្រោះតូចៗហ្នឹង បើធ្វើដូចធ្វើបិទទ្វារដដែលហ្នឹង”។

កន្លងមក ក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិលចំនួនជាង៦០ស្ថាប័នបានសម្ដែងការខកចិត្តរួមម្តងមក ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលមិនឲ្យយកទីតាំងនៅមុខវត្តបុទុមវតី ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅថ្ងៃទី១០ខែធ្នូ ខាងមុខនេះ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិលឲ្យដឹងថា ការបា្ររព្ធពិធីអបអរសាទខួបទី៦៨ នៅថ្ងៃ១០ ធ្នូ  ឆ្នាំ២០១៦នេះ ក្រោមប្រធានបទលើកកម្ពស់សិទ្ធិសេរីភាព ការបញ្ចេញមតិ និងជួបប្រជុំ ដោយមានអ្នកចូលរួមប្រមាណ៣៥០០នាក់។

សេចក្តីប្រកាសព័ត៌មានដដែលបានអំពាវនាវ ឲ្យប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ចូលរួមដោយថា ដើម្បីលើកស្ទួយការគោរពសិទ្ធិមនុស្សនៅកម្ពុជា និងបានស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ ព័ន្ធចូលរួមការពារសន្តិសុខសុវត្ថិភាពរបស់អ្នកចូលរួមកម្មវិធីនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ