សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រមលើសំណុំរឿងប្រធានគណបក្សប្រឆំាង លោក សម រង្សី និងជំនួយការពីរនាក់ ពាក់ព័ន្ធនឹងសំណុំរឿងក្លែងឯកសារព្រំដែនកម្ពុជា-វៀតណាម នៅចុងខែធ្នូនេះ ខណៈការជម្រះក្តីនៅថ្ងៃនេះ អវត្តមានជនជាប់ចោទ។
នៅព្រឹកថ្ងៃសុក្រទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំរះក្តីប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងជំនួយការ អ្នកកាន់ទំព័រហ្វេសប៊ុករបស់លោកពីរនាក់ទៀត គឺលោក អឹុង ជុងលាង ហៅម៉ាប់ និងលោក សត្យា សម្បត្តិ ដែលព្រះរាជអាជ្ញាចោទថា បានសមគំនិតក្នុងសំណុំរឿងរបស់សមាជិកព្រឹទ្ធសភាមកពីគណបក្សជំទាស់ លោក ហុង សុខហួរ ពាក់ព័ន្ធនឹងសំណុំរឿងដែលរដ្ឋាភិបាលចោទថា បានក្លែងបន្លំឯកសារសន្ធិសញ្ញាកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩។
ក្នុងសវនាការនៅថ្ងៃនេះ ចៅក្រមជម្រះក្តី លោក លាង សំណាត់ បានសួរដេញដោលសាក្សីលោក ហុង សុខហួរ ថា ករណីបង្ហោះឯកសារសាធារណៈក្លែងក្លាយសន្ធិសញ្ញាកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ នោះ តើលោក សម រង្ស៊ី ជាអ្នកបញ្ជាឬបានដឹងថា ជំនួយការបង្ហោះឯកសារនោះដែរឬទេ? លោក ហុង សុខហួរ ឆ្លើយតបវិញថា លោកមិនបានដឹងពីរឿងនេះនោះទេ។
បន្ទាប់ពីបញ្ចប់ការសួរដេញដោលក្នុងបន្ទប់សវនាការ ចៅក្រមបានប្រាប់ទៅមេធាវីថា តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៨.៣០នាទីព្រឹក នាពេលខាងមុខនេះ។
បន្ទាប់ពីសវនាការសួរដេញដោលសាក្សីគឺលោក ហុង សុខហួរ ប្រមាណជា២ម៉ោងនៅព្រឹកនេះ លោក សំ សុគង់ មេធាវីការពារក្តីឲ្យលោក សម រង្ស៊ី បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានសួរដេញដោលសាក្សី ដូចសួរជនជាប់ចោទ ដោយលោកថា ការសួរនោះ មិនបានផ្តោតលើបទល្មើសសមគំនិត ដែលព្រះរាជអាជ្ញាចោទទាក់ទងនឹងការបង្ហោះឯកសារសាធារណៈក្លែងក្លាយនិងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនោះទេ។
ករណីនេះ លោកមេធាវី សំ សុគង់ ថ្លែងថា លោកមិនមានជំនឿលើប្រព័ន្ធតុលាការដែលផ្តល់យុត្តិធម៌ឲ្យកូនក្តីលោកមានសេរីភាពវិញនោះទេ។
លោកថា៖ «ឯកឧត្តម សម រង្ស៊ី ជាអ្នកនយោបាយ ហើយយើងឃើញថា លទ្ធផលនៃសំណុំរឿងរបស់គាត់ទំាងអស់ កម្របានជោគជ័យ ទោះបីជារឿងហ្នឹង វាមើលទៅមិនឃើញមានភស្តុតាងមិនគ្រប់គ្រាន់ក៏ដោយ ក៏មិនសូវបានជោគជ័យណាស់»។
បន្ថែមពីនេះ លោក សំ សុគង់ ឲ្យដឹងថា ការបង្ហោះឯកសារលើទំព័រហ្វេសប៊ុកលោក សម រង្ស៊ី តុលាការមិនមានភស្តុតាងជាក់លាក់ណាមួយ ដើម្បីដាក់បន្ទុកកូនក្តីលោក ពាក់ព័ន្ធនឹងបទល្មើសសមគំនិត ក្នុងរឿងដែលគេចោទថា ក្លែងឯកសារសារធារណៈក្លែងក្លាយនោះទេ ដោយលោកថា ហ្វេសប៊ុកនោះគ្រាន់តែទុកឲ្យជំនួយការបង្ហោះព័ត៌មានទូទៅជារៀងរាល់ថ្ងៃតែប៉ុណ្ណោះ។
ទោះជាយ៉ាងណា តំណាងព្រះរាជអាជ្ញាលោក សៀង សុខ បានស្នើទៅតុលាការរក្សាបទចោទលើកជនជាប់ចោទទំាងបីរូប ពីបទក្លែងឯកសារសាធារណៈ ការប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
សម្រាប់ លោក យុង ផានិត មេធាវីការពារក្តីឲ្យជំនួយការ លោក សម រង្ស៊ី និយាយថា ការសួរដេញដោលសាក្សីនៅថ្ងៃនេះ ចៅក្រមមិនបានបង្ហាញពីភស្តុតាងច្បាស់លាស់ ដើម្បីដាក់បន្ទុកលើកូនក្តីរបស់លោកនោះទេ។ លោកថា ករណីនេះវិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ ដោយសុំឲ្យតុលាការលើកលែងការចោទប្រកាន់លើកូនក្តីរបស់លោក។
លោកថា៖ «បទចោទប្រកាន់នេះ វាទាក់ទងធាតុផ្សំ វាអត់ទាន់គ្រប់គ្រាន់ ទំាងភស្តុតាង ដូចខ្ញុំលើកឡើង ភស្តុតាងយើងសំដៅលើសាក្សីនិងវត្ថុតាងផ្សេងៗទៀត យើងគ្រាន់តែយល់ឃើញថា ពេលណាអត់ច្បាស់ វាមានវិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ទៅជនជាប់ចោទ ដែលមានច្បាប់ចែងនៅក្នុងរដ្ឋធម្មនុញ្ញ»។
ក្រឡេកមកមើល មាត្រា៣៨ នៃរដ្ឋធម្មនុញ្ញកម្ពុជា សរសេរថា «ការចោទប្រកាន់ ការចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនជនណាមួយអាចធ្វើទៅកើត លុះត្រាតែអនុវត្តត្រឹមត្រូវតាមច្បាប់ បើពុំដូច្នេះទេ វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ»។
ពាក់ព័ន្ធនឹងរឿងនេះ តំណាងរាស្ត្របក្សប្រឆាំង លោក ហុង សុខហួរ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស តាមការចោទប្រកាន់៣ករណី គឺ បទក្លែងឯកសារសាធារណៈ ការប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ក្រោយមក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចផ្តន្ទាទោស លោក ហុង សុខហួរ ដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ។
ទីប្រឹក្សាអភិបាលកិច្ចឯករាជ្យលោក សួន ប៊ុនស័ក្តិ យល់ថា សំណុំរឿងលោក សម រង្ស៊ី និងជំនួយការពីរនាក់ជារឿងនយោបាយ លោកថាករណីនេះ អ្នកនយោបាយត្រូវរកវិធីដោះស្រាយតាមបែបនយោបាយដើម្បីបញ្ចប់បញ្ហានេះ។ លោកថា បើអ្នកនយោបាយជាពិសេសរដ្ឋាភិបាលមិនមានឆន្ទៈដោះស្រាយបញ្ហានេះទេ នោះនឹងធ្វើឲ្យសហគមអន្តរជាតិរិះគន់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានតែក្នុងក្រដាសតែប៉ុណ្ណោះ។
លោកថា៖ «កន្លែងនេះ វាអាចមានការពិចារណាថា ជាពិសេសបក្សកាន់អំណាចដឹកនាំរដ្ឋាភិបាល អាចត្រូវបានគេចោទប្រកាន់ថាមានចេតនាបំបាត់សំឡេងគូប្រឆំាងផ្នែកនយោបាយ គេអាចមើលឃើញអញ្ចឹងពីលំដាប់ថ្នាក់ជាតិនិងថ្នាក់អន្តរជាតិ គេអាចមើលឃើញនៅក្នុងរូបហ្នឹង ហើយបើកាលណាអត់មានការចូលរួមស្មើភាពពីរឿងនយោបាយទេ ខ្ញុំគិតថាមុខមាត់ប្រជាធិបតេយ្យនៅកម្ពុជា គឺគ្រាន់តែមាននៅក្នុងច្បាប់ទេ ប៉ុន្តែជាក់ស្តែងខ្លឹមសារប្រជាធិបតេយ្យមិនសូវមាននោះទេ»។
សវនាការនៅថ្ងៃនេះ ពុំមានវត្តមានជនជាប់ចោទលោក សម រង្ស៊ី និងជំនួយការទំាងពីរនាក់លោក អឹុង ជុងលាង ហៅម៉ាប់ និងលោក សត្យា សម្បត្តិ នោះទេ ខណៈពួកគេកំពុងនិរទេសខ្លួននៅក្រៅប្រទេស។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនទៅក្រៅប្រទេសនោះ បានជាប់បណ្តឹងជាច្រើននៅតុលាការ បណ្តឹងទំាងនោះរួមមាន បណ្តឹងបរិហាកេរ្តិ៍អតីតរដ្ឋមន្ត្រីក្រសួងការបរទេសលោក ហោ ណាំហុង និងបណ្តឹងរិះគន់ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះលោក សម រង្ស៊ី មិនទាន់ប្រកាសថា នឹងវិលចូលប្រទេសវិញ ដើម្បីប្រកួតប្រជែងការបោះឆ្នោតនៅកម្ពុជានាថ្ងៃខាងមុខនោះទេ ខណៈលោក ហ៊ុន សែន បានផាត់លោក សម រង្ស៊ី ចោល ហើយចាប់យកលោក កឹម សុខា ធ្វើជាដៃគូសន្ទនា៕









