លោក ហ៊ុន សែន រំឭកជាថ្មីទៀតថាការអភិវឌ្ឍនៅកម្ពុជាដោយសារមា​ន​កត្តាសន្តិភាព

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ប្រភពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងរំឭកជាថ្មីទៀតថា ប្រទេសកម្ពុជាទទួលបានការអភិវឌ្ឍរហូតដល់បច្ចុប្បន្ន ដោយសារតែមានសន្តិភាព ទើបជំរុញឲ្យក្រុមហ៊ុនបរទេសទុកចិត្តនិងមកបណ្តាក់ទុននៅប្រទេសកម្ពុជាបន្តបន្ទាប់។

ក្នុងពិធីអបអរសាទរខួប៥ឆ្នាំនៃក្រុមហ៊ុនជប៉ុន Minebea នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីតួនាទីសំខាន់របស់របស់ក្រុមហ៊ុនបរទេសក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ លោកបន្តថា ក្រុមហ៊ុនបរទេសជ្រើសរើសការបណ្តាក់ទុននៅកម្ពុជាដោយសារតែកត្តាសុខសន្តិភាព៖ “កត្តាសន្តិភាព ស្ថេរភាពនយោបាយ និងភាពគ្មានការរើសអើង គឺបានផ្តល់បរិយាកាសល្អ និងលទ្ធភាពងាយស្រួលដល់ក្រុមហ៊ុនបរទេសមកបណ្តាក់ទុននៅកម្ពុជា ហើយរាជរដ្ឋាភិបាលក៏មិនតម្រូវការចាំ បាច់អោយមានការចូលរួមពីភាគហ៊ុនក្នុងស្រុកឡើយ។ ដើម្បីជំរុញនិងលើកទឹកចិត្តដល់អ្នកវិនិយោគគិនជប៉ុន រាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្តល់ទិដ្ឋាការ (Visa) ម្តង៣ឆ្នាំ ដល់អ្នកធុរកិច្ចជប៉ុនដែលមកកម្ពុជា“។

លោក ហ៊ុន សែន ជាញឹកញាប់តែងលើកឡើងពីគុណសម្បត្តិនៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលដឹកនាំតាំងពីឆ្នាំ១៩៧៩មកថា បានចូលរួមកសាងសន្តិភាព បញ្ចប់សង្គ្រាមទើបមានការអភិវឌ្ឍដល់បច្ចុប្បន្ន។

ការដែលលោក ហ៊ុន សែន លើកឡើងពីគុណសម្បត្តិនៃសន្តិភាពនេះ ស្របពេលដែលសង្គមស៊ីវិលនិងសហគមន៍អន្តរជាតិមួយចំនួនកំពុងរិះគន់ថា ការរំលោភសិទ្ធិមនុស្ស អំពើពុករលួយ និងភាពអយុត្តិធម៌នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន កំពុងតែបំផ្លាញសុខសន្តិភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ