មួយថ្ងៃក្រោយពីសមាជិកសភាកូរ៉េខាងត្បូង បានសួរដេញដោលប្រធានាធិបតី អ្នកស្រី ផាក ហ្គឹនហេ ហើយ មនុស្សរាប់រយពាន់នាក់ ត្រូវបានគេរំពឹងថានឹងចុះផ្លូវនៅទីក្រុងសេអ៊ូល នៅថ្ងៃនេះ ដោយប្ដូរពីបាតុកម្ម ទៅជាការអបអរសាទរទៅវិញ។ នេះដោយតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
អស់រយៈពេល ៧សប្ដាហ៍ជាបន្តបន្ទាប់ ទីក្រុងសេអ៊ូលពោរពេញទៅដោយការប្រមូលផ្ដុំដុតទៀន ដែលបានក្លាយជាសញ្ញាមួយនៃចលនាមហាបាតុកម្ម ក្នុងបំណងដកអ្នកស្រី ផាក ចេញពីតំណែង។
ទោះបីជាសភាជាតិបានបោះឆ្នោតដកហូតអំណាចពីអ្នកស្រី ផាក កាលពីថ្ងៃម្សិលមិញក្ដី ប៉ុន្តែ ក្រុមសកម្មជននិយាយថា ពួកគេនៅតែបង្កើនសម្ពាធដដែល ដោយសារតែការចោទប្រកាន់អ្នកស្រី ផាក តម្រូវឲ្យមានការយល់ព្រមចុងក្រោយពីតុលាការធម្មនុញ្ញ ជាដំណើរការមួយដែលមានរយៈពេលច្រើនខែ។
ក្រុមអ្នកតវ៉ានៅតែទាមទារថា ប្រធានាធិបតីគួរតែចុះចេញឲ្យបានឆាប់ និងប្រឈមមុខនឹងការកាត់ទោស។
ដោយរង់ចាំរហូតដល់តុលាការធម្មនុញ្ញចេញសាលក្រមនោះ អំណាចអ្នកស្រី ផាក ត្រូវបានព្យួរចោល ហើយអ្នកស្រីនៅតែមាននាមជាប្រធានាធិបតីដដែល និងនៅតែមានអភ័យឯកសិទ្ធិរួចផុតពីការកាត់ទោស។
អ្នកស្រី ផាក ត្រូវបានចោទប្រកាន់ផ្អែកតាមបទល្មើសព្រហ្មទណ្ឌ និងរដ្ឋធម្មនុញ្ញ ដោយសារមិនបានការពារជីវិតពលរដ្ឋឲ្យរួចផុតពីការសូកប៉ាន់ និងរំលោភអំណាច៕












