ទីភ្នាក់ងារព័ត៌មានអន្តរជាតិ បានផ្សាយថា បាតុករប្រហែល ១ពាន់នាក់ បានប្រមូលផ្ដុំគ្នានៅទីក្រុងហុងកុង កាលពីល្ងាចថ្ងៃម្សិលមិញនេះ ដើម្បីជំទាស់ទៅនឹងការបង្ក្រាបលើសមាជិកសភាគាំទ្រលទ្ធិប្រជាធិបតេយ្យ និងប្រព័ន្ធបោះឆ្នោតមួយ ដែលលម្អៀងទៅរកក្រុងប៉េកាំង នៅមុនការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់ទីក្រុងមួយនេះ។
AFP បានផ្សាយថា បាតុកម្មនេះបានកើតឡើង ១ថ្ងៃក្រោយពីមេដឹកនាំទីក្រុងហុងកុង លោក លឿង ជុនយីង បាននិយាយថា លោកនឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតនៅខែមីនាឆ្នាំក្រោយនោះឡើយ។
ខណៈដែលមនុស្សអបអរសាទរចំពោះការប្រកាសរបស់លោក លឿង នោះ ក្រុមអ្នករិះគន់លោក លឿង ព្រួយបារម្ភថា មេដឹកនាំលម្អៀងទៅរកក្រុងប៉េកាំងមួយរូបទៀត នឹងឡើងកាន់តំណែងជំនួសលោក លឿង។
ក្ដីបារម្ភមានកាន់តែខ្លាំងថា ចិននឹងរឹតបន្តឹងកណ្ដាប់ដៃរបស់គេទៅលើទីក្រុងពាក់កណ្ដាលស្វយ័តមួយនេះ បន្ទាប់ពីសមាជិកសភា ២រូប ដែលគាំទ្រឯករាជ្យទីក្រុងនេះ ត្រូវបានគេហាមឃាត់មិនឲ្យចូលកាន់តំណែងរបស់ពួកគេ៕