បណ្ដាប្រទេសសមាជិកអង្គការ OPEC និងប្រទេសផលិតប្រេងដទៃទៀតដែលមិនមែនជាសមាជិក OPEC នៅថ្ងៃនេះ បានឈានដល់កិច្ចព្រមព្រៀងលើកដំបូងមួយរបស់ពួកគេគិតចាប់តាំងពីឆ្នាំ២០០១ ដើម្បីរឹតបន្តឹងទៅលើទិន្នផលប្រេង និងកាត់បន្ថយផលិតកម្មប្រេងនៅទូទាំងពិភពលោក បន្ទាប់ពីតម្លៃប្រេងបានធ្លាក់ចុះអស់រយៈពេលជាង ២ឆ្នាំមកហើយ ដែលជំរុញឲ្យប្រទេសផលិតប្រេងជាច្រើនប្រឈមមុខនឹងកខ្វះថវិកា និងបង្កជាចលាចលនៅតាមបណ្ដាប្រទេសមួយចំនួន។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
នៅពេលកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាបន្ទាប់ពីជជែកគ្នាអស់រយៈពេលជិតមួយឆ្នាំមកនោះ ចំណាប់អារម្មណ៍ទីផ្សារ នៅពេលនេះ នឹងងាកទៅរកការអនុវត្តតាមកិច្ចព្រមព្រៀងនោះ។
អង្គការ OPEC មានប្រវត្តិកុហកបោកប្រាស់ចំនួនទិន្នផលប្រេងជាយូរមកហើយ។ មូលហេតុនេះហើយដែលជំរុញឲ្យប្រទេសនីហ្សេរីយ៉ា និងលីប៊ី ដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ។ រឿងនេះនឹងដាក់បន្ទុកទៅលើប្រទេសអារ៉ាប៊ីសាអ៊ូឌីតកាន់តែខ្លាំង ឲ្យទទួលខុសត្រូវលើការកាត់បន្ថយការនាំចេញប្រេងរបស់ខ្លួន។
ប្រទេសរុស្ស៊ី ដែលកាលពី ១៥ឆ្នាំមុន បានបរាជ័យក្នុងការរក្សាពាក្យសន្យាដើម្បីកាត់បន្ថយប្រេងជាមួយអង្គការ OPEC នោះ ត្រូវបានគេរំពឹងថា នឹងអនុវត្តការកាត់បន្ថយផលិតកម្មប្រេងរបស់ខ្លួនពិតប្រាកដនៅពេលនេះ។ ប៉ុន្តែ ក្រុមអ្នកវិភាគចោទសួរថា តើបណ្ដាប្រទេសផលិតប្រេងជាច្រើនទៀតដែលមិនមែនជាសមាជិករបស់ OPEC នោះ កំពុងតែព្យាយាមបង្ហាញពីការធ្លាក់ចុះទិន្នផលប្រេងឬយ៉ាងណា ខណៈដែលពួកគេចូលរួមក្នុងកិច្ចព្រមព្រៀងនេះ៕