ពលរដ្ឋហ្វីលីពីនដែលកំពុងរស់នៅកម្ពុជា បានតវ៉ាប្រឆាំងនឹងយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់ប្រធានាធិបតីប្រទេសហ្វីលីពីនលោក Rodrigo Duterte ខណៈប្រធានាធិបតីរូបនោះមកទស្សនកិច្ចនៅកម្ពុជាក្នុងសប្តាហ៍នេះ។
ប្រធានាធិបតីបហ្វីលីពីនលោក Duterte ដែលទើបឡើងកាន់តំណែងថ្មី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅសបា្តហ៍នេះ គឺចាប់ពីទីថ្ងៃ១៣ដល់ថ្ងៃទី១៤ឆ្នាំ២០១៦ ដោយគ្រោងជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនានា រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
ពលរដ្ឋហ្វីលីពីនចំនូន៥នាក់នៅព្រឹកថ្ងៃទី១២ ធ្នូ ឆ្នាំ២០១៦នេះ បាននាំគ្នាបិទមុខនិងឈរលើកបដាតវ៉ានៅមុខព្រះបរមរាជវាំង ដោយផ្ញើសារប្រឆាំងនឹងយុទ្ធនាការគ្រឿងញៀនរបស់ប្រធានាធិបតីប្រទេសហ្វីលីពីនលោក Rodrigo Duterte។
នៅក្នុងបដានោះពួកគេសរសេរថា សូមបញ្ឈប់ការសម្លាប់មនុស្សដោយសារការជូញដូរឬការប្រើប្រាស់គ្រឿងញៀន និងស្នើឲ្យគោរពសិទ្ធិមនុស្សនិងនីតិរដ្ឋជាដើម។
ប្រធានាធិបតីហ្វីពីនលោក Duterte បានឡើងកាន់តំណែងកាលពីខែមិថុនាឆ្នាំ២០១៦ ដោយក្នុងរយៈពេលលោកកាន់តំណែងនោះ លោកបានសម្លាប់មេដឹកនាំគ្រឿងធំៗជាច្រើននាក់និងមនុស្សរាប់ពាន់ផ្សេងទៀតត្រូវសម្លាប់ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀន។
លោក Duterte ត្រូវបានមជ្ឈដ្ឋានអន្តរជាតិមួយចំនួនហៅរូបលោកថា ជាមេដឹកនាំផ្តាច់ការសម័យថ្មី បន្ទាប់ពីលោកបានអនុវត្តផែនការបោសសំអាតអ្នកពាក់ព័ន្ធនឹងការជួញដូរគ្រឿងញឿនតាមរយៈការធ្វើឃាតនិងឃុំខ្លួនមនុស្សច្រើនម៉ឺននាក់ ដែលប្រទេសលោកខាងលិចចាត់ទុកថាជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ៕