ព្រះមហាក្សត្រថៃថ្មី មហា វិជ្ជរ៉ាឡុងកន បានចេញរាជសារលើកលែងទោសដល់អ្នកទោសជាច្រើននាក់ ដែលនេះគឺជាសកម្មភាពមេត្តាធម៌លើកទី១ ដែលព្រះមហាក្សត្រផ្ដល់ប្រជានុរាស្ត្ររបស់ទ្រង់ បន្ទាប់ពីការសោយទិវង្គតព្រះបិតារបស់ទ្រង់។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ព្រះមហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ បានសោយទិវង្គតកាលពីខែតុលាកន្លងមក ក្នុងជន្មាយុ ៨៨ឆ្នាំ បន្ទាប់ពីសោយរាជ្យសម្បត្តិអស់រយៈពេល ៧០ឆ្នាំ។ ព្រះរាជបុត្រមួយអង្គគត់របស់ទ្រង់ គឺព្រះមហាក្សត្រ មហា វិជ្ជរ៉ាឡុងកន ត្រូវបានប្រកាសជាស្ដេចថ្មីនៅដើមខែធ្នូនេះ។
យោងតាមសេចក្ដីប្រកាសរបស់រាជវាំងថៃ បានឲ្យដឹងថា ការលើកលែងទោសដល់អ្នកទោស គឺជាព្រះរាជសកម្មភាពលើកដំបូងរបស់ទ្រង់ ចាប់តាំងពីទ្រង់ឡើងសោយរាជ្យសម្បត្តិ ដើម្បីបង្ហាញមេត្តាធម៌របស់ព្រះមហាក្សត្រ។ ពិធីលើកលែងទោស គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំនៅក្រោមរាជ្ជកាលស្ដេច ភូមិបុល។
ស្ត្រីជាប់ទោសដោយសារប្រព្រឹត្តបទល្មើសលើកដំបូង អ្នកទោសមួយចំនួនដែលបានជាប់ទោសមួយភាគបីហើយ និងអ្នកទោសមានពិការភាព ឬជំងឺធ្ងន់ធ្ងរ ស្ថិតក្នុងចំណោមអ្នកទោសដែលត្រូវបានលើកលែងទោស។ ទោះជាយ៉ាងណា គេពុំដឹងថា តើអ្នកទោសប៉ុន្មាននាក់ នឹងត្រូវបានដោះលែងនោះឡើយ៕









