អ្នកឃ្លំាមើលធនធានធម្មជាតិរិះគន់រដ្ឋាភិបាលថា ការបង្កើតគណៈកម្មាធិការជាតិថ្មីមួយទៀត ដើម្បីបង្ក្រាបបទល្មើសធនធានធម្មជាតិទូទំាងប្រទេសនោះ ធ្វើឲ្យខាតបង់ថវិកាជាតិ ខណៈគណៈកម្មាធិការបង្ក្រាបបទល្មើសព្រៃឈើដែលបង្កើតជិត១ឆ្នាំ មិនទាន់ចាប់ឈ្មួញឈើមកផ្តន្ទាទោសនៅឡើយ។
ក្នុងសេចក្តីសម្រេចមួយរបស់រដ្ឋាភិបាលកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការជាតិថ្មីមួយទៀត ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិទូទំាងប្រទេស ក្រោមការដឹកនាំដោយលោក សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខណៈគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ដែលលោក សៅ សុខា ដឹកនាំកន្លងមកនោះ មិនទាន់ចាប់ឈ្មួញឈើមួយចំនួនដែលមានងារជាឧកញ៉ាយកទៅផ្តន្ទាទោសនៅឡើយ។
ប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជាលោក ឡុង សូចែត យល់ថា រដ្ឋាភិបាលគួរតែពង្រឹងនិងជំរុញឲ្យស្ថាប័ននៅតាមមូលដ្ឋានអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ជាពិសេសអ្នកប្រព្រឹត្តបទល្មើសនេសាទ ដែលធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិ ជាជាងបង្កើតគណៈកម្មាធិការជាតិថ្មីមួយទៀតធ្វើឲ្យខាតបង់ថវិកាជាតិ៖ «និយាយពីថវិកាជាតិ វាមិនចំណេញទេ ព្រោះអីបើស្ថាប័នច្រើន ជាក់ស្តែងយើងមើលឃើញស្ថានភាព កន្លែងស្ថាប័នគ្រប់ឲ្យញឹកស្អេកមក ប៉ុន្តែបទល្មើសឲ្យញឹកស្អេក ដូចប្រដេញគ្នា មិនដឹងថារដ្ឋាភិបាលយល់ម៉េចទេ បើសិនជាខ្ញុំវិញគិតថា ពង្រឹងតែស្ថាប័នមួយឲ្យទទួលខុសត្រូវដាច់ណាត់ទៅ វាល្អជាងមានគ្នាច្រើនហើយ អត់មានការទទួលខុសត្រូវជាក់លាក់»។
យ៉ាងណាក៏ដោយ នៅក្នុងសេចក្តីសម្រេចរបស់រដ្ឋាភិបាលបានឲ្យដឹងទៀតថា គណៈកម្មាធិការជាតិថ្មីនោះ បានជំរុញឲ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទសហការជាមួយអ្នកដឹកនំាគណៈកម្មាធិការថ្មីនេះ ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ដូចជាការកាប់ព្រៃឈើ ការដឹកឈើ និងការនាំចេញ ឈើខុសច្បាប់ ការចាប់សត្វព្រៃ និងការនាំចេញសត្វព្រៃខុសច្បាប់ ការកាប់រានទន្រ្ទានយកដីរដ្ឋ ព្រមទាំងការរុករករ៉ែដោយរ៉ែដោយខុសច្បាប់នៅទូទាំងប្រទេសជាដើម។
នាយកប្រតិបត្តិអង្គការការពារធនធានធម្មជាតិលោក ឈើយ ឧត្តមរស្មី ជាកូនប្រុសលោក ឈុត វុទ្ធី អតីតសកម្មជនបរិស្ថានដែលត្រូវបានបាញ់សម្លាប់ មិនមានជំនឿថា គណៈកម្មាធិការដែលបង្កើតឡើងថ្មីនេះ អាចទប់ស្កាត់បទល្មើសឲ្យមានប្រសិទ្ធភាពបាននោះទេ ដោយលោកថា កន្លងមកគណៈកម្មាធិការបង្ក្រាបបទល្មើសព្រៃឈើ មិនទាន់ចាប់ជនល្មើសយកទៅផ្តន្ទាទោសនៅឡើយ៖ «ខ្ញុំគិតថាវាគ្មានបានការអីទេ ដែលបង្កើតកិច្ចការងារហ្នឹងឡើង(បង្កើតគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិថ្មី) ព្រោះថា រដ្ឋាភិបាលទីមួយមិនមានឆន្ទៈពិតប្រាកដក្នុងការងារ ព្រោះថាលើកមុនរឹបអូសឈើបានរាប់ម៉ឺនម៉ែត្រគូប បន្ទាប់មកមិនឃើញមានចាប់ឧកញ៉ាមកដាក់គុកផង»។
លោក ឈើយ ឧត្តមរស្មី ផ្តល់ជាយោបល់ទៅរដ្ឋាភិបាលថា ត្រូវប្រុងប្រយ័ត្នលើការចំណាយថវិកាជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ ដោយថាជៀសវាងមន្ត្រីមួយចំនួនប្រព្រឹត្តអំពើពុករលួយ។
លោក សៅ សុខា ជាប្រធានគណៈកម្មការដែលទើបបង្កើតឡើងថ្មីនេះ បដិសេធមិនធ្វើអត្ថាធិប្បាយ ខណៈអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក អេង ហ៊ី ទូរសព្ទចូលមិនមានអ្នកទទួល។
កាលពីកន្លងទៅនេះ លោក ហ៊ុន សែន បានបង្កើតក្រុមការងារពិសេសមួយដែលដឹកនាំដោយនាយឧត្តមសេនីយ៍ លោក សៅ សុខា ឲ្យចុះទប់ស្កាត់បទល្មើសព្រៃឈើដែលកំពុងកើតមាននៅភូមិភាគឦសាន។ ជាលទ្ធផលរដ្ឋាភិបាលអះអាងថា រឹបអូសបានឈើល្មើសច្បាប់ជាង៧០ម៉ឺនម៉ែត្រគូប ប៉ុន្តែអ្នកពាក់ព័ន្ធមិនត្រូវបានយកមកផ្តន្ទាទោសទេ៕