ឥណ្ឌា​ជម្លៀស​មនុស្សរាប់​ម៉ឺន​នាក់ ខណៈ​ឆ្នេរ​អាគ្នេយ៍​ប្រឈម​មុខ​នឹង​ព្យុះ​ស៊ីក្លូន

អាជ្ញាធរឥណ្ឌា បានជម្លៀសមនុស្សរាប់ម៉ឺននាក់ចេញពីតំបន់ទំនាប និងបានបិទសាលារៀន និងមហាវិទ្យាល័យនានា នៅថ្ងៃនេះ ខណៈដែលព្យុះស៊ីក្លូន កំពុងបោកបក់សំដៅទៅឆ្នេរភាគអាគ្នេយ៍នៃប្រទេសនេះ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

AFP ដកស្រង់សេចក្ដីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារឧតុនិមយឥណ្ឌាយកមកចុះផ្សាយថា ព្យុះស៊ីក្លូន Vardah កំពុងបោកបក់សំដៅទៅឈូងសមុទ្របេងហ្កាល់ ហើយគេព្យាករថា នឹងទៅដល់ទីក្រុងជិនណៃរបស់រដ្ឋតាមីលណាឌូ ព្រមទាំងរដ្ឋអាន់ដ្រាប្រាដេសនៅជិតខាងនោះ នៅប៉ុន្មានម៉ោងនៅក្នុងថ្ងៃនេះ។ ទីភ្នាក់ងារឧតុនិយមឥណ្ឌា បានចាត់ទុកព្យុះស៊ីក្លូននេះ គឺជាព្យុះដ៏សហាវ។

ភ្លៀងបានចាប់ផ្ដើមធ្លាក់យ៉ាងខ្លាំងក្លានៅតំបន់ឆ្នេរមានមនុស្សរស់នៅច្រើន នៅមុនពេលព្យុះបោកបក់មកដល់ ខណៈកម្លាំងខ្យល់បានបក់ផ្ដួលរលំដើមឈើ និងបង្គោលភ្លើង។ ជើងហោះហើរនៅព្រលានយន្តហោះជិនណៃ ត្រូវបានគេពន្យារ ឬលុបចោល។

ព្យុះ Vardag ត្រូវបានគេព្យាករថានឹងថមថយឥទ្ធិពលរបស់ខ្លួននៅពេលវាបក់សំដៅទៅខាងលិច ប៉ុន្តែ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌា បាននិយាយថា ខ្យល់ព្យុះនេះបោកបក់ក្នុងល្បឿនដល់ទៅ ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយនាំមកនូវទឹកភ្លៀងជោគជាំ។

មន្ត្រីឥណ្ឌានិយាយថា ប្រជាជនជាង ២ម៉ឺន ៣ពាន់នាក់ នៅរដ្ឋតាមីលណាឌូ ត្រូវបានគេជម្លៀសទៅកាន់មណ្ឌលសង្គ្រោះ ដោយគេគ្រោងថា មនុស្សរាប់ម៉ឺននាក់ទៀត នឹងត្រូវជម្លៀសចេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ