មន្ដ្រីទេសចរណ៍អះអាងថា ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ចូលទៅទស្សនានៅតំបន់អង្គរ នៅឆ្នាំ២០១៦នេះ មានចំនួន ៥លាននាក់ ដោយបានកើនឡើង ១ភាគរយ ជាកំណើនដ៏យឺតយ៉ាវបំផុត បើធៀបទៅនឹងតំបន់ទេសចរណ៍ធំៗរបស់ប្រទេសកម្ពុជា។
ថ្លែងនៅក្នុងកិច្ចប្រជុំការងារផ្នែកឯកជនក្នុងវិស័យទេសចរណ៍នៅឯខេត្តសៀមរាប នៅថ្ងៃនេះ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានឲ្យដឹងថា នៅឆ្នាំ២០១៦នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទៅលេងនៅតំបន់ទេសចរណ៍អង្គរ មានចំនួន ៥លាននាក់ ដែលក្នុងនោះភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួនជាង ២លាន ១៥ម៉ឺននាក់។
ទោះជាយ៉ាងណា បើធៀបទៅនឹងឆ្នាំ២០១៥កន្លងមក ចំនួនភ្ញៀវទេសចរណ៍ចូលទៅទស្សនាតំបន់អង្គរ មានកំណើនតែ ១ភាគរយប៉ុណ្ណោះ ខណៈដែលទីក្រុងភ្នំពេញ ទទួលបានកំណើន ១២ភាគរយ ហើយក្រុងព្រះសីហនុ ទទួលបានកំណើនដល់ទៅ ១៥ភាគរយឯណោះ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានជំរុញទៅរដ្ឋាភិបាលចិន ឲ្យបង្កើនភ្ញៀវទេសចរចិន ធ្វើដំណើរមកទស្សនាប្រទេសកម្ពុជា ឲ្យបាន ២លាននាក់ នៅត្រឹមឆ្នាំ២០២០ ខណៈដែលភ្ញៀវទេសចរចិនចូលមកបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ មានចំនួនដល់ទៅ ២០លាននាក់។
សហប្រធានក្រុមការងារទេសចរណ៍ លោក ហូ វណ្ឌី មានប្រសាសន៍ថា មិនមែនមានតែប្រទេសកម្ពុជានោះទេ ដែលប្រឈមមុខនឹងកំណើនភ្ញៀវទេសចរយឺតយ៉ាវបែប ប៉ុន្តែ លោកថា តំបន់មួយចំនួននៅតាមបណ្ដាប្រទេសអាស៊ី ក៏ប្រឈមមុខនឹងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរផងដែរ ខណៈតំបន់ខ្លះទទួលបានកំណើនខ្លាំងទៅវិញ។
លោកពន្យល់ថា បញ្ហានេះ អាចមកពីការគំរាមកំហែងនៃសង្គ្រាមភេរវកម្ម បញ្ហាសេដ្ឋកិច្ចពិភពលោកផងដែរ។ លោកសម្ដែងការព្រួយបារម្ភចំពោះកំណើនភ្ញៀវទេសចរណ៍តិចតួចនេះ ដែលលោកថា អាចប៉ះពាល់ដល់អ្នករកស៊ីកក្នុងវិស័យនេះ ព្រមទាំងរាជរដ្ឋាភិបាលផងដែរ។ ប៉ុន្ដែ លោកថា នេះគ្រាន់តែតួលេខបឋមប៉ុណ្ណោះ។
ទោះជាយ៉ាងណា កន្លងមក រដ្ឋាភិបាលបានព្យាករណ៍ថា នឹងមានភ្ញៀវទេសចរណ៍មកទស្សនានៅកម្ពុជាប្រមាណ ៥លាននាក់នៅឆ្នាំ២០២០ខាងមុខ៕