ពលរដ្ឋជិត២០០នាក់នៅខេត្ដសៀមរាបនាព្រឹកថ្ងៃអង្គារនេះ បាននំាគ្នាតវ៉ានៅមុខតុលាការ ដោយទាមទារឲ្យស្ថាប័ននេះផ្ដល់យុត្ដិធម៌ដល់ប្រធានក្រុមយុវជនមួយរូបមកពីគណបក្សប្រឆាំង ខណៈតុលាការចោទប្រកាន់ពីបទបរិហាកេរ្តិ៍ ករណីបង្ហោះរូបថតស្ត្រីម្នាក់ថាជាជនជាតិវៀតណាមមានសិទ្ធិចុះឈ្មោះបោះឆ្នោត។
ប្រធានក្រុមយុវជនខេត្ដសៀមរាបមកពីគណបក្សសង្គ្រោះជាតិលោក ជិន សុខង៉េង ប្រាប់វីអូឌីនៅកន្លែងតវ៉ាថា ពលរដ្ឋទាំងនោះភាគច្រើនជាយុវជន បានទាមទារឲ្យតុលាការផ្ដល់យុត្ដិធម៌ដល់លោក សៀក ចំណាប់ ជាប្រធានក្រុមយុវជនប្រចាំក្រុងសៀមរាប។ លោក សៀក ចំណាប់ ត្រូវបានស្ដ្រីឈ្មោះ ឈុន ភាព នៅសង្កាត់នគរធំ ប្តឹងពីបទបរិហារកេរ្តិ៍ ករណីប្រធានក្រុមយុវជនបក្សប្រឆាំងបានបង្ហោះស្ដ្រីរូបនោះនៅតាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីដើមខែកញ្ញាកន្លងមក ដោយចោទថាជាជនជាតិវៀតណាមបានចុះឈ្មោះបោះឆ្នោត។
លោក ជិន សុខង៉េង បន្ដថា តុលាការមិនត្រូវកោះហៅប្រធានយុវជនរូបនោះទៅសាកសួរនោះទេ ដោយលោកថាមានតែ គ.ជ.ប ប៉ុណ្ណោះ ព្រោះករណីនេះស្ថិតនៅក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោត។ លោកចាត់ទុកការឲ្យចូលបំភ្លឺនេះជាការគំរាមកំហែងដល់ក្រុមយុវជនរបស់របស់ពួកគេ។
លោកបន្ដថា៖ «មកដើម្បីគាំទ្រលើកទឹកចិត្ដដល់លោក សៀក ចំណាប់ ប្រធានចលនាយុវជនក្រុងសៀមរាបដើម្បីបង្ហាញថាយុវជនគ្រាន់តែថាជនជាតិវៀតណាមគ្មានសិទ្ធិចុះឈ្មោះបោះឆ្នោតវាខុសដែរឬទេទាមទារឲ្យតុលាការផ្ដល់យុវជន»។
ប្រធានក្រុមយុវជនបក្សប្រឆាំងក្រុងសៀមរាបលោក សៀក ចំណាប់ ប្រាប់ពីវីអូឌីក្រោយពីចូលបំភ្លឺថា តុលាការចោទប្រកាន់លោកពីបទបរិហារកេរិ៍្តជាធារណៈដែលធ្វើឲ្យប៉ះពាល់ដល់សង្គមធ្ងន់ធ្ងរ។ លោកទទួលស្គាល់ថាលោកបានបង្ហោះសារថា ស្ដ្រីឈ្មោះ ឈុន ភាព នោះជាជនជាតិវៀតណាមមែន ប៉ុន្ដែគ្រាន់តែចង់ឲ្យពលរដ្ឋខ្មែរដឹងនិង គ.ជ.ប ស៊ើបអង្កេតឲ្យបានត្រឹមត្រូវថាជាជនខ្មែរឬជនជាតិវៀតណាម។
លោកបន្ដថា៖ «គេថាយើងខុសច្បាប់ ខ្ញុំយល់ថាគ្រាន់តែប៉ុណ្ណឹងក៏វាមិនមែនខុសទាស់អីដែរ គ្រាន់តែហៅជនជាតិយួនបានលុយទៅប្រពន្ធខ្ញុំ អាហ្នឹងបានខ្ញុំខុស ប៉ុន្ដែខ្ញុំហៅគាត់ជាជនជាតិយួនហ្នឹង ចង់ឲ្យរីកចំរើនមិនចង់ឲ្យបរទេសសម្រេចវាសនាប្រទេសជាតិយើង»។
ករណីនេះ វីអូឌី មិនទាន់អាចសាកសួរព្រះរាជអាជ្ញានៃសាលាដំបូងខេត្ដសៀមរាប លោក កើត វណ្ណរ៉េត បាននៅឡើយទេ។
ប្រធានយុវជនបក្សប្រឆាំងប្រចាំក្រុងសៀមរាបនិងជាអតីតអ្នកសង្កេតការណ៍ចុះឈ្មោះបោះឆ្នោត លោក សៀក ចំណាប់ ក៏ធ្លាប់ត្រូវបាននាយប៉ុស្ដិ៍នគរបាលសង្កាត់នគរធំ លោក យ៉ម យ៉ាត់ បានកោះហៅឲ្យបំភ្លឺផងដែរ ក្រោយពីការបង្ហោះសារថាស្រ្តីឈ្មោះ ឈុន ភាព ជាជនជាតិវៀតណាមនោះ។
ទោះជាយ៉ាងណា កាលពីពេលចុះឈ្មោះបោះឆ្នោត លោក សៀក ចំណាប់ បានដាក់ពាក្យបណ្តឹងទៅ គ.ជ.ប ដោយចោទ អ្នកស្រី ឈុន ភាព ថាមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចេញដោយអាជ្ញាធរមូលដ្ឋាន ប៉ុន្តែគាត់និយាយភាសាខ្មែរមិនច្បាស់នោះឡើយ ដែលនាំឲ្យសន្និដ្ឋានថា ស្ត្រីរូបនោះជាជនជាតិវៀតណាម។
លោក សៀក ចំណាប់ បានប្ដឹងទៅគណៈកម្មការរៀបចំបោះឆ្នោតថ្នាក់ខេត្តឲ្យបង្ហាញព្រះរាជ្យក្រឹត្យពីព្រះមហាក្សត្រដែលអនុញ្ញាតឲ្យជនបរទេសកាន់អត្ដសញ្ញាណប័ណ្ណខ្មែរនិងឲ្យលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតនៅពេលខាងមុខ បើសិនរកឃើញខុសប្រក្រតី៕