កម្មករប្រមាណ២០០០នាក់នៅរោងចក្រមួយក្នុងខេត្តស្វារៀង បានបន្តធ្វើបាតុកម្មដល់ថ្ងៃទី១៣ធ្នូនេះ ដោយទាមទារឲ្យអាជ្ញាធររកយុត្តិធម៌ជួនតំណាងរបស់ខ្លួន ដែលត្រូវជនមួយក្រុមប្រើហិង្សា ដោយពួកគេសង្ស័យថាករណីនេះក្រុមហ៊ុនជាអ្នកធ្វើ។
កម្មករម្នាក់អ្នកស្រី វ៉ា វណ្ណលីន ប្រាប់វីអូឌីថា កាលពីថ្ងៃទី៩ កម្មករមួយក្រុមទើបចូលធ្វើការនៅរោងចក្រលូថៃបាន៣ថ្ងៃ បានព្រួតវៃតំណាងកម្មករម្នាក់ឈ្មោះ ខឿន លីដា រហូតមានរបួស ខណៈតំណាងរូបនោះចេញទៅបន្ទប់ទឹក ។
អ្នកស្រីបន្តថា ក្រោយហិង្សានេះកើតឡើង ក្រុមកម្មករបាននាំគ្នាផ្ទុះបាតុកម្ម ដោយទាមទារឲ្យក្រុមហ៊ុនចាប់ជនបង្កទៅដោះស្រាយតាមផ្លូវច្បាប់ ប៉ុន្តែអ្នកស្រីថាក្រុមហ៊ុនបែរជាបើកលុយឲ្យជនដៃដល់ ហើយបណ្តោយឲ្យរត់បាត់ថែមទៀត។
អ្នកស្រីបន្ថែមថា៖ “ក្រុមហ៊ុនរើសបុគ្គលិកថ្មីមកបានតែបីថ្ងៃ ហើយមិនដែលស្គាល់មុខ មិនដែលស្គាល់គ្នាសោះស្រាប់តែទៅវៃតំណាងខ្ញុំ ដល់អញ្ចឹងកម្មករទាំងអស់គ្នាមិនសុខចិត្ត វៃតំណាងយើង ហើយចុះទំរាំដល់ថ្ងៃក្រោយទៀត គេធ្វើបាបកម្មករយើងយ៉ាងណា។ ហើយពេលកម្មករយើងចេញទៅសួរហេតុផលដើម្បីហៅជនល្មើសហ្នឹងទៅដោះស្រាយ ស្រាប់តែអ្នកបកប្រែចិនអះអាងថា គ្មានការដោះស្រាយទេ ព្រោះបើកលុយរត់បាត់ ហើយអត់មានប្រវត្តិរូបច្បាស់លាស់ទៀត រើសមកហ្នឹងលាក់បាំងកម្មករ នេះចូលលក្ខណៈជួលមនុស្សមកវៃតំណាងខ្ញុំ ហើយ”។
អ្នកស្រីមន្ថែមថា ក្រុមកម្មករសង្ស័យថា ករណីជនមួយក្រុមប្រើហិង្សារលើតំណាងរបស់ពួកគេនេះ ជាចេតនារបស់ក្រុមហ៊ុន ដោយថាតំណាងរូបនោះជាមនុស្សសកម្មក្នុងការចេញមុខតវ៉ាទាមទារលក្ខខណ្ឌជូនកម្មករពេលកន្លងមក ហើយរោងចក្រនេះមិនចងឲ្យមានសហជីពនៅក្នុងក្រុមហ៊ុនទេ។
អ្នកស្រីបន្ថែមថា៖ “រោងចក្រហ្នឹងចង់គាបសង្កត់កំលាំងពលកម្មកម្មករដោយមិនចង់ឲ្យតំណាងមកវែកញែករកហេតុផលអីឲ្យកម្មករទេ ដល់អញ្ចឹងគេស្អប់តំណាង មិនដឹងធ្វើម៉េចមានតែធ្វើអញ្ចឹង ព្រោះវារកវិធីហ្នឹងវៃតំណាងខ្ញុំ ដើម្បីឲ្យតំណាងតវិញអាលវា[ក្រុមហ៊ុន]បញ្ឈប់ចោល វាខូចណាស់រោងចក្រហ្នឹង វាចង់គាបសង្កត់កំលាំងពលកម្មកម្មករមិនឲ្យរើរួចទេ មិនពីណាចូលមកដោះស្រាយទេ”។
តំណាងកម្មករដែលត្រូវគេវៃ លោក ខឿន លីដា និយាយថា ពេលថ្មីៗនេះលោកបានដឹកនាំកម្មករតវ៉ាបង្កើតសហជីពក្នុងរោងចក្រប៉ុន្តែក្រុមហ៊ុនមិនពេញចិត្តនោះទេ ហើយអ្នកដែលត្រូវជាមួយក្រុមហ៊ុនតែងតែប្រើពាក់សម្តីគំរាមកំហែងមកលើរូបលោក។
លោកបន្ថែមថា៖ “មុនដំបូងរោងចក្រហ្នឹង គេមិនចង់បានដំណាងកម្មករនិងសហជីពណាចូលក្នុងរោងចក្រគេទេ ប៉ុន្តែកម្មករគេឃើញខ្ញុំក្លាហានតស៊ូក្នុងការងារជួយគេដោះស្រាយបញ្ហា រំលោភសិទ្ធិការងារអញ្ចឹង គេលើកខ្ញុំធ្វើជាតំណាង ដល់អញ្ចឹងហើយគេ[ក្រុមហ៊ុន]និយាយថា ប្រយ័ត្នខ្លួនទៅ ខ្ញុំខ្លួនឯងក៏ដឹងដែរថាប្រហែលជាជួបមានគ្រោះថ្នាក់អីហើយ ប៉ុន្តែខ្ញុំមិនស្មានថា គេហ៊ានមកវៃខ្ញុំដល់រោងចក្រក្នុងបន្ទប់ទឹកទៀត”។
លោកបន្តថា ក្រុមកម្មករក៏ដូចរូបលោក ទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវស្រាវជ្រាវចាប់ជនបង្កនិងអ្នកពាក់ព័ន្ធមកទោសតាមច្បាប់ និងមិនត្រូវកាត់លុយរយៈពេលកម្មករពេលបាតុកម្មនេះទេ។
មន្រ្តីរដ្ឋបាលរោងចក្រលោក សុខ ហួរ ប្រាប់វីអូឌីថា ករណីជម្លោះរវាងកម្មករនិងតំណាងនេះ គឺជារឿងបុគ្គលមិនជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនឡើយ។
លោកបន្តថា ក្រុនហ៊ុនមិនមានសិទ្ធិចាប់ជនដៃដល់នោះទេ តែលោកថាក្រុមហ៊ុនបានបញ្ជូនឯកសារពាក់ព័ន្ធមួយចំនួនដើម្បីតាមចាប់ហើយ។ សម្រាប់ការស្នើសុំមិនកាត់លុយកម្មករពេលតវ៉ានោះ លោកថាក្រុមហ៊ុនមិនអាចធ្វើបានទេ។
លោកបន្ថែមថា៖ “រឿងហ្នឹង រោងចក្រមានសិទ្ធិអីចាប់គាត់ ព្រោះអាហ្នឹងខាងរឿងបទល្មើស ដល់ពេលថ្ងៃគាត់ធ្វើបាតុកម្ម គាត់ចង់បានប្រាក់បៀរវត្សរ៍ម៉េច បើគាត់អត់ធ្វើការផង រោចក្របានលុយអីឲ្យ”។
វិអូឌីមិនអាចទាក់ទងអធិការនគរបាលក្រុងបាវិត លោក កែង គង់ ដើម្បីឆ្លើយតបករណីនេះបានទេ ដោយទូរសព្ទមិនអាចទាក់ទងបាន។
មន្រ្តីសហជីពសិទ្ធិកម្មករខ្មែរ លោក លួស សេង ឲ្យដឹងថាកាលពីខែវិច្ឆិកា កម្មករ-កម្មការនីរោងចក្រកាត់សំលៀកបំពាក់លូថៃប្រមាណ២០០០នាក់ បានតវ៉ារួចម្តងមកហើយ ដើម្បីទាមទារលក្ខខណ្ឌការងារ១៦ចំនុច និងសុំបង្កើតសហជីពក្នុងរោងចក្រ។
លោកបន្តថា ក្រោយបង្កើតបានសហជីពហើយ ក្រុមហ៊ុននេះតែងតែចោទប្រកាន់តំណាងកម្មករថាខុសនេះ ខុសនោះជាបន្តបន្ទាប់ ដោយលោកថាជាចេតនាដាក់កំហុសដើម្បីបញ្ឈប់តំណាងកម្មនោះពីរោងចក្រ៕