ប្រជាជនកូរ៉េរាប់ពាន់នាក់ ដែលនៅរស់រានមានជីវិតពីគ្រោះទឹកជំនន់ ដែលបានវាយប្រហារតំបន់ជនបទដាច់ស្រយាលរបស់កូរ៉េខាងជើងកាលពីខែសីហាកន្លងមកនេះ កំពុងត្រូវការជំនួយជាបន្ទាន់ ខណៈរដូវរំហើយចូលមកដល់។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់សម្ដីមន្ត្រីផ្ដល់ជំនួយអន្តរជាតិម្នាក់ នៅថ្ងៃនេះ។
សហព័ន្ធកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ បាននិយាយថា ទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់កើតមាននៅកូរ៉េខាងជើងនៅក្នុងរយៈពេល ៧០ឆ្នាំចុងក្រោយនោះ បានវាយប្រហារទៅលើតំបន់ភាគឦសាន នៅជាប់ព្រំដែនជាមួយប្រទេសចិន និងរុស្ស៊ី ហើយបានប៉ះពាល់ដល់មនុស្ស ៦សែននាក់ និងបណ្ដាលឲ្យមនុស្ស ៧ម៉ឺននាក់ បាត់បង់ផ្ទះសម្បែង។
ទីភ្នាក់ងារផ្ដល់ជំនួយមនុស្សអន្តរជាតិនេះ បានឲ្យដឹងថា តំបន់ជនបទក្រីក្ររបស់កូរ៉េខាងជើង បានទទួលរងគ្រោះដោយសារតែកង្វះខាតហេដ្ឋារចនាសម្ព័ន្ធសមរម្យ ហើយព្រៃឈើនៅតំបន់ភ្នំជាច្រើន ត្រូវបានគេកាប់ឆ្កាយកដីធ្វើកសិកម្ម ដែលបណ្ដាលឲ្យបាត់បង់របាំងធម្មជាតិសម្រាប់ទប់ទល់នឹងទឹកជំនន់។
ប្រទេសនេះក៏ទទួលរងគ្រោះពីអាកាសធាតុត្រជាក់ខ្លាំងផងដែរ ដែលនេះមានន័យថា មនុស្សដែលបាត់បង់ផ្ទះសម្បែងដោយសារទឹកជំនន់ នឹងកាន់តែរងគ្រោះបន្ថែមទៀត។
ទីភ្នាក់ងារផ្ដល់ជំនួយអន្តរជាតិមួយ បាននិយាយថា កាលពីខែកញ្ញាកន្លងមក ខ្លួនបានស្នើផ្ដល់ជំនួយ ១៥.៥លានដុល្លារ ទៅដល់កាកបាទក្រហមកូរ៉េខាងជើង ប៉ុន្តែ ជំនួយទាំងនោះ បានទៅដល់គោលដៅត្រឹមតែ ២៥ភាគរយប៉ុណ្ណោះ។
ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយកាលពីខែកញ្ញាថា មនុស្ស ១៣៣នាក់ បានស្លាប់នៅក្នុងទឹកជំនន់ ហើយប្រជាជន ៣៩៥នាក់ទៀត បានបាត់ខ្លួន៕