សាលាឧទ្ធរណ៍នៅរសៀលថ្ងៃពុធទី១៤ខែធ្នូនេះ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ ករណីសំណុំរឿងលោក នី ចរិយា ដែលប្តឹងដោយមន្ត្រីតុលាការខេត្តសៀមរាបពីបទបរិហារកេរ្តិ៍។
ការប្រកាសសាលដីកាយ៉ាងឆាប់រហ័សនិងដោយអវត្តមាន លោក នី ចរិយា នៅក្នុងបន្ទប់ជំនុំជម្រះ ប្រធានចៅក្រុមប្រឹក្សាជំនុំជំរះសាលាឧទ្ធរណ៍ លោក ប្លង់ សំណាង បានប្រកាសតម្កល់សាលក្រមសាលាដំបូងទុកជាបានការ និងបញ្ជូនសាលដីកានេះ ទៅមេធាវីការពារក្តីលោក នី ចរិយា។
លោក សំ សុគង់ មេធាវីការពារក្តីឲ្យ លោក នី ចរិយា យល់ឃើញថា សេចក្តីសម្រេចនេះ មិនបានផ្តល់ភាពយុត្តិធម៌ ឬមិនអាចទទួលយកបានទេ។
លោកថា៖ «មេធាវីការពារនឹងជួបជាមួយ លោក នី ចរិយា នៅក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីសិទ្ធិឬផ្លូវច្បាប់ទាក់ទងនឹងការប្តឹងសារទុកចំពោះសាលដីកានេះ»។
សាលាដំបូងរាជធានីភ្នំពេញកាលពីខែកញ្ញាកន្លងទៅ បានសម្រេចផ្តន្ទាទោស លោក នី ចរិយា អតីតប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក ឲ្យជាប់ពន្ធនាគារចំនួន៦ខែ និងពិន័យជាប្រាក់ចំនួន៦លានរៀល ពាក់ព័ន្ធនឹងបណ្តឹងរបស់មន្ត្រីតុលាការខេត្តសៀមរាប ដែលប្តឹងលោកពីបទបរិហារកេរ្តិ៍។
បច្ចុប្បន្ន អគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា កំពុងជាប់បណ្តឹងមួយទៀតនៅតុលាការ ពាក់ព័ន្ធនឹងការចោទថា លោកបានសូកប៉ាន់សាក្សីមិនឲ្យនិយាយរឿងពិតប្រាប់តុលាការ ករណីចោទថា លោក កឹម សុខា មានសេ្នហាលួចលាក់ជាមួយនារីធ្វើការនៅហាងកាត់សក់មួយកន្លែង។
ប៉ុន្តែសង្គមស៊ីវិលជាតិនិងអន្តរជាតិមួយចំនួនលើកឡើងថា ការចោទប្រកាន់លោក នី ចរិយា និងមន្ត្រីសង្គមស៊ីវិលផ្សេងទៀតពាក់ព័ន្ធករណីនេះ ជារឿងនយោបាយដែលអ្នកមានអំណាចចង់បំបិទសំឡេងអ្នកហ៊ានរិះគន់ មិនមែនជារឿងផ្លូវច្បាប់៕