ក្រុមអង្គការសង្គមស៊ីវិលបានថ្កោលទោសចំពោះសាលាឧទ្ធរណ៍ដែលបានសម្រេចបន្ដផ្តន្ទាទោសលោក នី ចរិយា អតីតប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក ពាក់ព័ន្ធសំណុំរឿងដែលប្តឹងដោយមន្ត្រីតុលាការខេត្តសៀមរាបពីបទបរិហារកេរ្តិ៍។
នៅក្នុងសេចក្ដីថ្លែងការណ៍បន្ទាប់ពីសាលាឧទ្ធរណ៍ប្រកាសសាលដីកាកាលពីថ្ងៃពុធម្សិលមិញ អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន២៦ បានសំដែងការមិនពេញចិត្តចំពោះសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ដែលសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការ លើសំណុំរឿងលោក នី ចរិយា ខណៈលោកត្រូវបានឃុំខ្លួនអស់រយៈពេល៧ខែមកហើយ។
លោក ប្លង់ សំណាង ប្រធានចៅក្រមប្រឹក្សាជំនុំជំរះសាលាឧទ្ធរណ៍ បានប្រកាសសាលដីកាយ៉ាងឆាប់រហ័សនិងដោយអវត្តមាន លោក នី ចរិយា ក្នុងបន្ទប់ជំនុំជម្រះ ដោយប្រកាសតម្កល់សាលក្រមសាលាដំបូងទុកជាបានការ និងបញ្ជូនសាលដីកានោះទៅឲ្យមេធាវីការពារក្តីរបស់លោក នី ចរិយា។
អង្គការសង្គមស៊ីវិលបានចាត់ទុកសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ថាធ្វើឡើងដោយពុំត្រឹមត្រូវនិងអយុត្តិធម៌ដោយថា សាលាឧទ្ធរណ៍មិនបានអនុវត្តឯករាជ្យភាពស្ថាប័នតុលាការឲ្យបានពេញលេញ ដើម្បីកែតម្រូវចំណុចខ្វះខាតធ្ងន់ធ្ងរផ្នែកនីតិវិធីរបស់សាលាដំបូងឡើយ។
លោក ឌុច ពិសិដ្ឋ ប្រធានផ្នែកតស៊ូមតិនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានឲ្យវីអូឌីដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការសម្រេចរបស់ចៅក្រមសាលាឧទ្ធរណ៍គឺធ្វើឡើងដោយពុំមានសំអាងហេតុអ្វីត្រឹមត្រូវឡើយ។
លោកថា៖ «មានន័យថាមិនផ្ដល់សំអាងហេតុឲ្យបានគ្រប់គ្រាន់ក្នុងការតម្កល់។ គ្រាន់តែថាប្រកាសដើម្បីតម្កល់សាលាក្រមរបស់សាលាដំបូងជាន់ទាប មិនបានផ្ដល់សំអាងហេតុតាមផ្លូវច្បាប់ ថាតើមានភស្ដុតាងអីគ្រប់គ្រាន់ដើម្បីដាក់បន្ទុកទៅលើលោក នី ចរិយា ពាក់ព័ន្ធបទចោទទាំងបី»។
លោកបន្ថែមថា អង្គការសង្គមស៊ីវិលទទូចឲ្យទម្លាក់បទចោទប្រកាន់ទាំងអស់លើលោក នី ចរិយា ដោយថាការងារដែលលោកធ្វើជាការងារស្របច្បាប់របស់មន្ដ្រីការពារសិទ្ធិមនុស្ស មានចែងក្នុងច្បាប់ជាតិ និងបទដ្ឋានអន្ដរជាតិ។
លោកថា៖ «យើងមិនគាំទ្រឬយើងតស៊ូមតិមិនឲ្យមានបទទាំងឡាយណាដែលចោទប្រកាន់ចំពោះអ្នកការពារសិទ្ធិមនុស្ស ហើយនិងចំពោះអ្នកដែលហ៊ានលើកឡើងអំពីបញ្ហាអវិជ្ជមានមួយចំនួនរបស់មន្ដ្រីសាធារណៈ ឬក៏ស្ថាប័នសាធារណៈ ពីព្រោះនេះគឺជាការងាររបស់ប្រជាពលរដ្ឋគ្រប់ៗរូប ក្នុងការចូលរួមបញ្ចេញមតិដើម្បីកសាង និងស្ថាបនានៅក្នុងស្ថានភាពប្រទេសកម្ពុជាយើង។ ហើយវាជាសេរីភាពមូលដ្ឋានមួយដ៏សំខាន់ដែលច្បាប់ជាតិ និងអន្ដរជាតិគេទទួលស្គាល់»។
VOD មិនអាចទាក់ចៅក្រម ប្លង់ សំណាង ដែលកាន់សំណុំរឿងនេះ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌បាននៅឡើយ។
ក្រុមអង្គកាសង្គមស៊ីវិលក៏បានសំដែងការព្រួយបារម្ភដោយថា រដ្ឋាភិបាលតែងប្រើប្រាស់ស្ថាប័នតុលាការដើម្បីគាបសង្កត់មន្ដ្រីការពារសិទ្ធិមនុស្សដោយបំបិទមិនឲ្យសំឡេងប្រឆាំង និងទទូចឲ្យស្ថាប័នតុលាការខ្លួនឯងអនុវត្តកាតព្វកិច្ចដោយមានឯករាជ្យភាពពិតប្រាកដ។
គួរបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញកាលពីខែកញ្ញាកន្លងទៅ បានសម្រេចផ្តន្ទាទោសលោក នី ចរិយា អតីតប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុកឲ្យជាប់ពន្ធនាគារ៦ខែ និងពិន័យជាប្រាក់៦លានរៀល ដែលមន្ត្រីតុលាការខេត្តសៀមរាបបានប្តឹងអ្នកការពារសិទ្ធិមនុស្សរូបនេះពីបទបរិហារកេរ្តិ៍៕