កម្មកររោងចក្រមួយនៅរាជាធានីភ្នំពេញអះអាងថា មានមនុស្សមួយក្រុមបានប្រើអំពើហិង្សា ខណៈពួកគេតវ៉ានៅមុខរោងចក្រ ដើម្បីទាមទារឲ្យថៅកែទទួលយកតំណាងរបស់ពួកគេចូលធ្វើការងារវិញ។
កម្មករផ្នែកដេរ លោក ដារ៉ូ អះអាងថា ត្រូវជនទាំងនោះប្រើហិង្សាឲ្យរបួសស្រាលលើដៃម្ខាង និយាយថា កាលពីថ្ងៃព្រហស្សតិ៍ម្សិលម៉ិញ វេលាម៉ោងប្រមាណ៤ល្ងាច មានមនុស្សមួយក្រុម មានគ្នាប្រមាណជាង១០នាក់វាយតបមកលើក្រុមកម្មករដែលកំពុងតវ៉ាមុខរោងចក្រ ហ្វឺស ហ្គាវ័ន ដោយបណ្តាលឲ្យកម្មករប្រមាណ៧រងរបួសស្រាល។
លោកបន្តថា ក្រុមជនដៃដល់ទាំងនោះបានដើរចេញពីក្នុងរោងចក្រ ដោយមានពាក់មួកសុវត្តិភាពគ្រប់ៗគ្នា មករុះរើតង់និងបានប្រើអំពើហិង្សារលើកម្មករ ព្រមទាំងបានវាយកម្ទេចឧបករណ៍តវ៉ារបស់កម្មករថែមទៀត។
លោកបន្ថែមថា៖ “ក្រុមហ៊ុនមិនដោះស្រាយឲ្យពួកខ្ញុំៗនៅតែតវ៉ា ដល់ក្រោយមកស្រាប់តែមេខ្ញុំ[ សហជីព]មកដល់ គាត់និយាយស្រួលបួស ស្រាប់តែក្រុមអ្នកពាក់មួកនោះ ស្ទុះមកទាញវៃម៉េក្រូពួកខ្ញុំវៃគាត់ដេញវៃកម្មកររត់ទាំងអស់ ដល់ពេលពួកខ្ញុំឃើញគេវៃតំណាងខ្ញុំ ពួកខ្ញុំក៏រត់ទៅជួយ ស្រាប់តែពួកវាហេមកវៃខ្ញុំ ដល់វៃពួកខ្ញុំៗនាំគ្នារត់ ពួកវាលើដំបងតាមវៃទៀត”។
កម្មករម្នាក់ទៀតកញ្ញា ឆាត ម៉ៃ បានដាក់ការសង្ស័យថា ក្រុមដែលមកប្រើហិង្សាលើកម្មករនោះ អាចជាមនុស្សដែលថៅកែជួលមកកាងក្រុមហ៊ុន ដោយកញ្ញាថាកន្លងមកកម្មករមិនធ្លាប់ស្គាល់និងឃើញអ្នកទាំងនោះនៅក្នុងក្រុមហ៊ុនឡើយ។
កញ្ញាបន្ថែមថា៖ “ពួកខ្ញុំមិនពេញចិត្តទេទង្វើនេះ ព្រោះមិនដែលមានប្រុសៗណាមានមាទធំៗតវ៉ាវៃស្រីៗដែលជាកម្មករអញ្ចឹងទេ ព្រោះស្រីៗកដៃតូចមានកំលាំងណាទៅតដៃជាមួយពួកគាត់។ ពួកគាត់ហ្នឹងចូលមកក្នុងរោងចក្រ គឺពួកគាត់មិនមែនធ្វើការក្នុងរោងចក្រទេ អញ្ចឹងប្រហែលមានអ្នកនៅខាងក្នុងជួលគាត់មកហើយ”។
ក្រុមកម្មករអះអាងថា ក្រោយកើតហេតុភ្លាមៗនោះ នគរបាលសង្កាត់ចាក់អង្រែក្រោយបានមកជួយអន្តរាគមន៍ ដោយធ្វើការសម្របសម្រួលមិនឲ្យកម្មករប្តឹងនោះទេ ហើយកម្មករយល់ព្រមដោយយល់ថាមិនចង់ឲ្យកើតរឿងវែងឆ្ងាយ។
វីអូឌីមិនអាចទាក់ទងប្រធានរដ្ឋបាលរោងចក្រ ហ្វឺស ហ្គាវ័ន លោក ម៉ៃ និមិត្ត ដើម្បីឆ្លើយតបពាក់ព័ន្ធករណីនេះបានទេដោយទូរសព្ទមិនចូល។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ មានប្រសាសន៍ថា មនុស្សដែលមកប្រើអំពើហិង្សាលើកម្មករនោះជាក្រុមសហជីពដែលគាំទ្រក្រុមហ៊ុននិងមាននិន្នាការគាំទ្ររដ្ឋាភិបាល ដែលលោកថាអ្នកទាំងនោះតែងតែធ្វើសកម្មភាពបែបនេះ ហើយមិនត្រូវបានសមត្ថកិច្ចចាប់ដាក់ទោសឡើយ។
លោកបន្ថែមថា៖ “ជាក្រុមសហជីពដែលភាគច្រើនគេកាន់ជើងខាងក្រុមហ៊ុននិងគាំទ្ររដ្ឋាភិបាលតែងដើរបង្កររឿង អញ្ចឹងហើយអត់មានអ្នកណាចាប់ តាមពិតទៅរឿងនេះជារឿងបទល្មើស ហើយជនពាលបែបហ្នឹងរដ្ឋាភិបាលមិនត្រូវទុកឲ្យមានសកម្មភាពអញ្ចឹងបានទេ ព្រោះវាមិនល្អមើល អញ្ចឹងចាប់ពួកហ្នឹងដាក់ពន្ធធានាគារអស់ទៅអ្នកផ្សេងទៀតរាងចាល អញ្ចឹងប្រជាពលរដ្ឋលែងខ្លាចទៀតហើយ”។
លោក អាត់ ធន់ បន្តថាការដែលសមត្ថកិច្ចធ្វើការសម្របសម្រួសក្រៅផ្លូវច្បាប់នេះ គឺជាទង្វើខុសច្បាប់ ដោយលោកស្នើឲ្យរដ្ឋាភិបាលត្រូវមានវិធានការនិងពិនិត្យឡើងវិញចំពោះករណីនេះ។
បើតាមតំណាងកម្មករពួកគេប្រមាណ៣០០នាក់បានតវ៉ានៅមុខរោងចក្រ ហ្វឺស ហ្គាវ័ន រយៈ៣ថ្ងៃហើយ ដើម្បីទាមទាមទារឲ្យថៅទទួលយកតំណាងរបស់ពួកគេម្នាក់ឈ្មោះ ឃឹម មករា ឲ្យចូលធ្វើការវិញ និងទាមទារឲ្យបើកប្រាក់បំណាច់ឆ្នាំជូនកម្មករ។