អង្គការអន្តរជាតិថ្កោលទោសការបន្តឃុំ លោក នី ចរិយា

​លោក នី ចរិយា​ កាល​ពីពេល​កន្លងទៅ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ថ្កោលទោសសាលាឧទ្ធរណ៍ដែលបន្តឃុំខ្លួន លោក នី ចរិយា តាមអំណាចសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបណ្តឹងបរិហារកេរ្តិ៍ដែលប្តឹងដោយមន្ត្រីតុលាការខេត្តសៀមរាប។

សេចក្តីថ្លែងការណ៍របស់លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទិ្ធមនុស្ស កាលពីថ្ងៃទី១៤ ធ្នូ ២០១៦ បានឲ្យដឹងថា ការសំរេចរបស់សាលាឧទ្ធរណ៍ធ្វើឡើងតាមនិន្នាការនយោបាយ ដោយគ្មានសំអាងហេតុត្រឹមត្រូវក្នុងការដាក់ទោសលោក នី ចរិយា។

លោកបន្តថា ស្ថាប័នយុត្តិធម៌ក្នុងប្រទេសកម្ពុជា គឺ «អាក្រក់បំផុត» ដែលករណីមួយនេះគឺជាករណីនយោបាយ។ លោកថា តុលាការធ្វើពុតជាខ្លួនឯងមានឯករាជ្យពីរដ្ឋាភិបាល ហើយច្បាស់ណាស់ថាសកម្មជនដូច លោក នី ចរិយា គឺត្រូវប្រព័ន្ធតុលាការបញ្ជូនទៅពន្ធនាគារ ដូចដែលមេដឹកនាំនយោបាយកម្ពុជាបានរៀបចំរួចហើយ។

Human Rights Watch ប្រឆាំងនឹងទម្រង់ទាំងអស់នៃបទបរិហាកេរ្តិ៍ និងថារដ្ឋាភិបាលកម្ពុជា គួរលុបចោលបទបរិហាកេរ្តិ៍ ព្រោះតាមគោលការណ៍ គ្មាននរណាម្នាក់គួរត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពីបទសម្តែងមតិរបស់ខ្លួននោះឡើយ។

សាលាដំបូងរាជធានីភ្នំពេញកាលពីខែកញ្ញាកន្លងទៅ បានសម្រេចផ្តន្ទាទោសលោក នី ចរិយា អតីតប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុកឲ្យជាប់ពន្ធនាគារ៦ខែនិងពិន័យជាប្រាក់៦លានរៀល ដែលមន្ត្រីតុលាការខេត្តសៀមរាបបានប្តឹងអ្នកការពារសិទ្ធិមនុស្សរូបនេះពីបទបរិហារកេរ្តិ៍។

កាលពីថ្ងៃពុធ អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន២៦ បានសំដែងការមិនពេញចិត្តចំពោះសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ ដែលសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការ លើសំណុំរឿង លោក នី ចរិយា។

មកដល់ពេលនេះ លោក នី ចរិយា កំពុងជាប់ឃុំអស់រយៈពេល៧ខែមកហើយ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនលោកពីបទសូកប៉ានសាក្សី ទាក់ទងសំណុំរឿង លោក កឹម សុខា និងស្រី មុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ