គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសថា រដ្ឋាភិបាលចិនគ្រោងនឹងប្រគល់សម្ភារៈផ្សេងៗដល់ស្ថាប័នមួយនេះ នៅថ្ងៃទី២០ ខែធ្នូខាងមុខនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញនេះ គ.ជ.ប បានប្រកាសថា នៅព្រឹកថ្ងៃទី២០ខែធ្នូ គ.ជ.ប នឹងមានរៀបចំពិធីប្រគល់ និងទទួលសម្ភារ ដែលជាជំនួយរបស់រដ្ឋាភិបាលប្រទេសចិន។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានប្រាប់វីអូឌីនៅព្រឹកថ្ងៃនេះថា ប្រទេសចិនបានផ្ដល់រថយន្តចំនួន ៤០គ្រឿង និងសម្ភារៈជាច្រើនទៀត មានតម្លៃស្មើនឹង ១១លានដុល្លារ ដែលលោកថា នេះគឺជាការផ្ដល់ជំនួយលើកទី ៣ របស់ប្រទេសចិនដល់ស្ថាប័នរៀបចំការបោះឆ្នោតមួយនេះ។
លោកបញ្ជាក់ថា៖ “មិនមានលក្ខខណ្ឌអីទេ គឺចិនចង់ពង្រឹងទំនាក់ទំនងល្អជាមួយកម្ពុជា… សម្ភារៈដែលគេផ្តល់ឱ្យមានដូចជា រថយន្តប្រភេទចម្រុះចំនួន ៤០គ្រឿង បរិក្ខាការងារ ទូរទស្សន៍ តុកៅអី និងសម្ភារៈមួយចំនួនទៀត សរុបជាទឹកប្រាក់ចំនួន ១១លានដុល្លាអាមេរិក”។
កាលពីខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ រដ្ឋាភិបាលចិនបានផ្តល់ជំនួយជាសម្ភារៈដល់ គ.ជ.ប ចំនួន១០មុខម្តងរួចមកហើយ។ ជំនួយទាំងនោះ រួមមាន ម៉ាស៊ីនភ្លើង ១៧០គ្រឿង កុំព្យូទ័រ ៥៥គ្រឿង កុំព្យូទ័រយួរដៃ ៣០គ្រឿង ម៉ាស៊ីនព្រីន ៥៥គ្រឿង មាស៊ីនព្រីនខូល័រ ២០គ្រឿង ម៉ាស៊ីនស្កែន ៤០គ្រឿង ម៉ាស៊ីនបញ្ចាំងស្លាយ ៣៧គ្រឿង ផ្ទាំងក្រណាត់បញ្ចាំងស្លាយ ៣៧គ្រឿង ម៉ាស៊ីនហ្វូតូកូពី ២គ្រឿង និងឧបករណ៍បំពងសំឡេង ៨គ្រឿង។
គួរបញ្ជាក់ថា ចាប់តាំងពីដំណើរការងារដំបូងរបស់ខ្លួន គ.ជ.ប ពឹងផ្អែកយ៉ាងខ្លាំងលើជំនួយបច្ចេកទេសនិងសម្ភារៈបានមកពីសហភាពអឺរ៉ុបនិ ងជប៉ុនដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៦៕