មេ​បក្ស​ប្រឆាំងថា បើ​បក្ស​កាន់​អំណាច​ប្រឆាំង​រដ្ឋាភិបាល​ថ្មី នឹង​ក្លាយ​ជា​ពួក​ឧទ្ទាម

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​បង្ហាញ​ក្ដី​រំពឹង​ជា​ថ្មី​ទៀត​ថា គណបក្ស​របស់​លោក នឹង​រៀបចំ​រដ្ឋាភិបាល​ស្រប​ច្បាប់​មួយ បន្ទាប់​ពី​​ឈ្នះ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ដោយ​លោក​ថា គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​នេះ នឹង​ក្លាយ​ជា​ក្រុម​ឧទ្ទាម ប្រសិន​បើ​ពួកគេ​ប្រឆាំង​នឹងរដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​​គណបក្ស​របស់​លោក។

លោក សម រង្ស៊ី បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​នេះ ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្នុង​កិច្ច​សម្ភាស​នោះ លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​ទៅ​ឯ​បរទេស​នោះ បាន​ថ្លែង​ថា បុគ្គល ឬ​ក្រុម​ណា ដែល​មិន​គោរព​តាម​ច្បាប់ និង​បទ​បញ្ជា​របស់​រដ្ឋាភិបាល​ថ្មី​ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​សង្គ្រោះជាតិ គឺ​ជា​ក្រុម​ឧទ្ទាម ដែល​មេ​បក្ស​ប្រឆាំង​រូប​នេះ​ចាត់​ទុក​ថា មិន​មាន​លទ្ធភាព​តាំង​នឹង​រដ្ឋាភិបាលថ្មី​ស្រប​ច្បាប់។

លោក សម រង្ស៊ី ​និយាយ​ថា៖ “ពេល​ចាញ់​ឆ្នោត បើ​មាន​ក្រុម​ណា បុគ្គល​ណា មិន​ព្រម​ធ្វើ​តាម​ច្បាប់ គោរព​តាម​បញ្ជា​រដ្ឋាភិបាល​ថ្មី​ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត យើង​នឹង​មាន​សិទ្ធិ​ពេញ​លេញ​បង្កើត​​រដ្ឋាភិបាល​ថ្មី។ រដ្ឋាភិបាល​ស្រប​ច្បាប់ មាន​តែ​មួយ​ទេ មិន​អាច​មាន​រដ្ឋាភិបាល​ណាមួយ​ទៀត​ទេ។ [រដ្ឋាភិបាល​ផ្សេង​ទៀត] គឺ​ជា​រដ្ឋាភិបាល​ខុស​ច្បាប់ ជា​ក្រុម​ឧទ្ទាម​​វា​ត្រូវ​ជាង។ តើ​ក្រុម​ឧទ្ទាម​មាន​លទ្ធភាព​តតាំង​ជាមួយ​រដ្ឋាភិបាល​ស្រប​ច្បាប់ រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​​គណបក្ស​សង្គ្រោះ​ជាតិ​ឬ​ទេ? ខ្ញុំ​ថា អត់​មាន​លទ្ធភាព​ទេ ពីព្រោះ​អ្នក​ណា​ទៅ​ភ្ជាប់​វាសនា​របស់​ខ្លួន​ជាមួយ​នឹង​ពួក​ឧទ្ទាម”។

ការថ្លែង​បែប​នេះ​របស់​លោក សម រង្ស៊ី ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ព្រមាន​​ទាំង​មុន និង​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ថា សង្គ្រាម​នឹង​ផ្ទុះ​ឡើង ប្រសិន​បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ការ​បោះ​ឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ