ប៉ូលីសចរាចរណ៍បានឲ្យដឹងថា យ៉ាងហោចណាស់ក្រុមអ្នកដឹកឈើម្នាក់ស្លាប់ និងម្នាក់ទៀតរបួសស្រាល នៅខេត្តមណ្ឌលគិរី ខណៈមន្ត្រីបរិស្ថានបើករថយន្តគៀរថយន្តឈ្មួញដឹកឈើមិនឲ្យបន្តដំណើរទៅមុខ បណ្តាលឲ្យប៉ះទង្គិចគ្នាកាលពីយប់ថ្ងៃទី១៧ ខែធ្នូ។
គ្រោះថ្នាក់ចរាចរណ៍រវាងឈ្មួញដឹកឈើ (បេងចំនួន១៣ដុំ) និងមន្ត្រីបរិស្ថាន នៅស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី បណ្តាលឲ្យព្រូរថយន្តដឹកឈើម្នាក់ស្លាប់ និងគូកនម្នាក់ទៀតរបួសស្រាល ខណៈព្យាយាមបើករថយន្តគេចមន្ត្រីបរិស្ថាន។
នាយការិយាល័យចរាចរណ៍ផ្លូវគោកនៅខេត្តមណ្ឌលគិរី លោក ចាន់ ទិត្យ បានប្រាប់ VOD នៅថ្ងៃចន្ទនេះថា ដើមចមដែលនាំឲ្យព្រូដឹកឈើឈ្មោះ ជ័យ រស្មីស្លាប់ និងគូកន យុន ញ៉ាញ់ រងរបួស ដោយសារមន្ត្រីបរិស្ថានឈ្មោះ ញឹម ណាក់ និងអ៊ូ សុភក្តី បានព្យាយាមបើករថយន្តវ៉ានឹងដេញចាប់ឈ្មួញឈើ ទំាងប្រផាប់ប្រភីង បណ្តាលឲ្យប៉ះទង្គិចគ្នា ធ្វើឲ្យឈើរអិលបុកចំខ្លួនព្រូដឹកឈើម្នាក់ស្លាប់និងម្នាក់ទៀតរងរបួស ។ លោកបន្តថា បើពិនិត្យលើទិដ្ឋភាពច្បាប់ មន្ត្រីបរិស្ថានជាអ្នកខុស ដោយសារបើករថយន្តជែងឈ្មួញដឹកឈើ។
លោកថា៖ «ក្រោយតែពីផ្លូវដែលមានសុវត្ថិភាពហើយ គាត់ក៏វ៉ាបាន កាលណាគាត់ជែងបាន គាត់ក៏មានឱកាសបានទៅមុខឡានបទល្មើសបន្តិចគាត់ក៏គៀឡានឲ្យទៅចូលខាងឆ្វេងដៃរបស់គាត់ ប៉ុន្តែគាត់វ៉ា គាត់ជែងខាងស្តំាដៃ ច្បាប់ស្រុកយើងគេជែងខាងឆ្វេង ខាងមន្ត្រីបរិស្ថានគាត់ជែងខាងស្តំារថយន្តបទល្មើស ក្នុងច្បាប់ចរាចរណ៍គាត់ខុសមួយហើយ គាត់ជែងខាងស្តំា អញ្ចឹងវាក៏បង្កើតជាឧប្បទ្ទវហេតុទៅ»។
លោក ចាន់ ទិត្យ បានឲ្យដឹងទៀតថា ក្រោយពីកើតហេតុមន្ត្រីបរិស្ថានទំាងពីរនាក់នោះបានរត់គេចខ្លួនបាត់ ខណៈព្រូដឹកឈើដែលស្លាប់ ត្រូវបានបញ្ជូនទៅឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី និងគូកនម្នាក់របួសស្រាល ត្រូវបានសមត្ថកិច្ចអនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះវិញព្យាបាលជម្ងឺ។
បើតាមវីដេអូឃ្លីប និងខ្លឹមសារ ដែល VOD ទទួលបានតាមហ្វេសប៊ុកនៅថ្ងៃនេះ បានឲ្យដឹងថា ម្ចាស់រថយន្តឈើ (ឈ្មួញឈើបេង) ឈ្មោះស្រៀន បានស្រែកថា ពួកគេបានឲ្យលុយ២០ម៉ឺនរៀល ទៅមន្ត្រីបរិស្ថាន ដែរ ប៉ុន្តែលោកថា មន្ត្រីទំាងនោះនៅតែដេញចាប់រថយន្តដឹកឈើពួកគេ បង្ករឲ្យបុកគ្នាស្លាប់ព្រូម្នាក់និងរបួសធ្ងន់ម្នាក់។
យ៉ាងណាក៏ដោយ VOD មិនអាចសុំការបំភ្លឺពីមន្ត្រីបរិស្ថានឈ្មោះ ញឹម ណាក់ និងអ៊ូ សុភក្តី បានទេ នៅថ្ងៃនេះ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកនៅខេត្តមណ្ឌលគិរី លោក សុក រដ្ឋា យល់ថា មន្ត្រីបរិស្ថានមានទីតំាងសម្រាប់ស្ទាក់ និងត្រួតពិនិត្យមិនឲ្យឈ្មួញដឹកឈើខុសច្បាប់ ប៉ុន្តែលោកថា ករណីមន្ត្រីបរិស្ថានបើករថយន្តដេញចាប់ឈ្មួញឈើបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតនោះ ជារឿងខុសច្បាប់
លោកថា៖ «ករណីនេះ វាថ្វីត្បិតតែជា អំពើដែលខុសច្បាប់មែន គ្រាន់ថាវាមិនមែនជាបទល្មើសឧក្រិដ្ឋឯណា វាគ្រាន់តែជាបទល្មើសតូចតាច គាត់រកទៅសម្រាប់ទៅចិញ្ចឹមឆ្នាំង ចិញ្ចឹមក្រុមគ្រួសារ ករណីហ្នឹងគឺអាជ្ញាធរខុសហើយ ធម្មតាមន្ត្រីអនុវត្តច្បាប់គេមានទីតំាងសម្រាប់អនុវត្តច្បាប់ គេមានប៉ុស្តិ៍សម្រាប់អនុវត្តច្បាប់ ការចុះអនុវត្តច្បាប់រហូតដេញទៅដល់បង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរទៅដល់ប្រជាពលរដ្ឋ»។
កាលពីខែមករា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្កើតក្រុមការងារពិសេសមួយដែលដឹកនាំដោយលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសអមដោយកងទ័ពឆ័ត្រយោង៩១១ និងអភិបាលខេត្តមួយចំនួនដោយប្រើឧត្ថម្ភាគចក្រពីរគ្រឿង ដោយអះអាងថាដើម្បីបង្រ្កាបបទល្មើសព្រៃឈើនៅកម្ពុជា។
ប៉ុន្តែបទល្មើសព្រៃឈើនៅតែបន្តកើតមាន ខណៈមន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកឃ្លំាមើលបរិស្ថានរិះគន់ថា ការអនុវត្តច្បាប់របស់មន្ត្រីថ្នាក់ក្រោមនៅខ្វះចន្លោះ ពោលអនុវត្តចំពោះអ្នកក្រីក្រ ខណៈអ្នកមានអំណាចនិងអ្នកមានលុយមួយចំនួន ត្រូវបានមន្ត្រីទំាងនោះមើលរំលង៕









