ពលរដ្ឋនៅជិតព្រលានយន្ដហោះភ្នំពេញទាមទារឲ្យរដ្ឋាភិបាលដកផ្លាកប៉ាណូចេញពីសហគមន៍

សហគមន៍រងគ្រោះដោយសារគម្រោងអភិវឌ្ឍន៍ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញបានទទូចឲ្យដកផ្លាកប៉ាណូចេញពីសហគមន៍របស់ពួកគាត់ ដោយថាចំណាត់ការរបស់រដ្ឋាភិបាលមិនមានភាពប្រាកដប្រជាឡើយ។

លោក គង់ ផល្លា អះអាងជាតំណាងសហគមន៍ថ្មគោលបានប្រាប់ VOD នៅក្នុងសហគមន៍ថ្មគោល នៅថ្ងៃចន្ទនេះថា ប្រជាពលរដ្ឋប្រមាណ១៣០គ្រួសារ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានប្រមូលផ្ដុំគ្នាដើម្បីតវ៉ាសុំឲ្យរដ្ឋាភិបាល និងក្រុមហ៊ុនអភិវឌ្ឍដកផ្លាកប៉ាណូដែលនិយាយពីគម្រោងអភិវឌ្ឍន៍ប៉ះពាល់ដល់​ផ្ទះសំបែងពួកគាត់នោះចេញពីសហគមន៍ជាបន្ទាន់។

លោកនិយាយថា កាលពីខែមិថុនា​ ឆ្នាំ២០១៦ រដ្ឋាភិបាលបានចេញអនុក្រឹត្យឲ្យផ្អាកការពង្រីកតំបន់សុវត្ថិភាពនៅចុងផ្លូវរត់ជាប់បរិវេណអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញហើយ ប៉ុន្ដែលោកថាពលរដ្ឋនៅតែភ័យខ្លាចការបណ្ដេញដោយបង្ខំ បើផ្លាកប៉ាណូទាំងនោះមិនត្រូវបានដកចេញ។

លោកថា៖ «ដើម្បីរដ្ឋាភិបាលបញ្ឍប់ការអនុវត្តតាមអនុក្រឹត្យសម្ដេចចេញមកហ្នឹង សុំឲ្យទម្លាក់ប៉ាណូចេញ កុំឲ្យប្រជាពលរដ្ឋនៅក្នុងសហគមហ្នឹងមានការភិតភ័យនៅថ្ងៃក្រោយមានការបណ្ដេញចេញ […] ដាក់តាំងពីឆ្នាំ២០១២ កាលហ្នឹងជាថ្ងៃបង្ខំឲ្យរុះរើទាំង៧ថ្ងៃ ដើម្បីអភិវឌ្ឍ ពង្រីកព្រលាន។ តែឥឡូវហ្នឹង រដ្ឋាភិបាលថា មិនអាចពង្រីកព្រលានចេញក្រៅទេ ចេញអនុក្រឹត្យនឹងមក ប្រជាជនសុំគាត់ដកប៉ាណូចេញ កុំឲ្យប្រជាជនមានការភិតភ័យថ្ងៃក្រោយ»

តំណាងសហគមន៍ថ្មគោលម្នាក់ទៀត អ្នកស្រី ភួង សុភាព បានឲ្យដឹងថា ពលរដ្ឋក្នុងសហគមន៍ថ្មគោល និងសហគមផ្សេងទៀតកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរចំពោះការដាក់ប៉ាណូនេះ ដូចជា បញ្ហាទឹកជន់លិច ពលរដ្ឋពិបាកស្វែងរកកម្ចីពីធនាគារ និងការទិញលក់ដីធ្លីជាដើម។

អ្នកស្រីថា៖ «បើគាត់ឈប់អភិវឌ្ឍហើយ សុំឲ្យរដ្ឋាភិបាល ឬទីស្ដីការគណៈរដ្ឋមន្ដ្រី ឬសាលារាជធានីភ្នំពេញគឺត្រូវទម្លាក់ប៉ាណូនឹងចុះ ព្រោះប៉ាណូនេះវាធ្វើឲ្យប៉ះពាល់ដល់សហគម។ ទី១ គឺគាត់ត្រូវការលក់ដីលក់ផ្ទះ គេអត់ហ៊ានទិញទេ គេថាបើសម្ដេចចេញអនុក្រឹត្យហើយ ហេតុអីប៉ាណូនៅតែលើកដដែល។ ទី២ ធនាគារគាត់អត់ហ៊ានដាក់ឲ្យកម្ចីលុយទេ អ៊ីចឹងធ្វើឲ្យសហគមខ្ចីលុយឯកជន ការក្លាយដើម ដើមក្លាយជាការ។ ហើយគួបផ្សំតវ៉ារយៈពេល៤ឆ្នាំជាងមក ធ្វើឲ្យគាត់ធ្លាក់ខ្លួនក្រីក្រ ឯកជនរឹបអូសដី និងផ្ទះ»

អ្នកស្រី ភួង សុភាព បានសំដែងក្ដីព្រួយបារម្ភ ដោយថាអនុក្រឹត្យដែលចារដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គ្រាន់តែជាការស្នើឲ្យផ្អាកការអភិវឌ្ឍបណ្ដោះអាសន្ន មិនមែនបញ្ឈប់ទាំងស្រុងនោះទេ។

VOD បានទាក់ទងទៅលោក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ និង លោក សយ សុខាន់ អនុរដ្ឋលេខាធិកា​រនៃរដ្ឋលេខាធិការដ្ឋានអា​កាស​​ចរណ៍​ស៊ីវិល ប៉ុន្ដែពួកលោកថាមិនអាចឆ្លើយបំភ្លឺបាន។

តំណាងសហគមន៍បានបញ្ជាក់ទៀតថា បើរដ្ឋាភិបាលមិនព្រមរុះរើ ឬវាយកម្ទេចប៉ាណូចោលតាមការស្នើទេ ក្រុមពួកគាត់នឹងនាំគ្នាដាក់ញត្តិទៅតវ៉ានៅទីស្ដីការគណៈរដ្ឋមន្ដ្រី ឬស្ថានទូតនានា នៅដើមឆ្នាំ២០១៧ ខាងមុខ។ លើសពីនេះ ពួកគាត់បានស្នើឲ្យរដ្ឋាភិបាលចេញប័ណ្ណកម្មសិទ្ធិសម្គាល់ដីធ្លីរបស់ប្រជាជន និងទទូចឲ្យបើកកិច្ចប្រជុំជាបន្ទាន់ជាមួយភាគីពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហានេះ។

តំណាងសហគមន៍ថ្មគោល ឲ្យដឹងទៀតថា សហគមន៍ចំនួន៤ទៀតដែលទទួលរងផលប៉ះពាល់ រួមមាន សហគមន៍ព្រៃជីសាក់ គោកចំបក់ ត្រពាំងល្វា និងសហគមន៍តាំងងួន នឹងរងផលប៉ះពាល់ពីគម្រោងពង្រីក​ព្រលានយន្តហោះនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ