របាយការណ៍របស់ធនាគារពិភពលោកបានឲ្យដឹងថា ប្រទេសកម្ពុជាជំពាក់បំណុលបរទេសជិត១០ពាន់លានដុល្លា គិតត្រឹមឆ្នាំ២០១៥កន្លងមក ពោលគឺកើនឡើងជិត៤០០ភាគរយចាប់តាំងពីឆ្នាំ២០០០។
របាយការណ៍ស្តីពីស្ថិតិបំណុលអន្តរជាតិចេញផ្សាយថ្ងៃទី១៤ ខែធ្នូកន្លងទៅ ធនាគារពិភពលោកបានឲ្យដឹងថា កម្ពុជាជំពាក់បំណុលបរទេសមានចំនួន៩៣១៨លានដុល្លារ គិតត្រឹមឆ្នាំ២០១៥ ដោយចំនួននេះគឺកើនឡើង ៣៧៨ភាគរយបើធៀបទៅឆ្នាំ២០០០ ដែលពេលនោះកម្ពុជាជំពាក់បរទេសត្រឹមតែ១៩៤៦លានដុល្លាតែប៉ុណ្ណោះ។
បំណុលនេះបើធៀបនឹងចំនួនប្រជាជនកម្ពុជា១៥លាននាក់ មានន័យថាពលរដ្ឋកម្ពុជាម្នាក់ត្រូវជំពាក់បំណុលគេជាង៦០០ដុល្លារដោយមិនដឹងខ្លួន។
វីអូឌីមិនអាចទាក់ទងសុំការបំភ្លឺពីមន្ត្រីជាន់ខ្ពស់ណាមួយនៃក្រសួងសេដ្ឋកិច្ច ដើម្បីបញ្ជាក់ពីរឿងនេះបាននៅឡើយទេ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថាលោកមានការបារម្ភចំពោះបំណុលដែលកម្ពុជាបានជំពាក់បំណុលបរទេសនេះ។ លោកថាអ្វីដែលបារម្ភនោះ គឺការសងគេវិញនៅថ្ងៃអនាគត ដែលធ្វើឲ្យកម្ពុជាគ្មានលទ្ធភាពស្តារសេដ្ឋកិច្ចរបស់ខ្លួននោះទេ ក៏ព្រោះតែបំណុលទាំងនេះ។ លោកឲ្យដឹងដែរថាការដែលធ្វើឲ្យកម្ពុជាខ្ចីលុយគេមានចំនួនច្រើនបែបនេះ ក៏ព្រោះតែការខ្ជះខ្ជាយនិងខ្វះការត្រួតពិនិត្យទៅលើការប្រើប្រាស់ថវិកាដែលខ្ចីគេទាំងនោះ។
លោកថា៖ «ប៉ុន្តែរដ្ឋាភិបាលតែងតែអះអាងថាមិនមានការព្រួយបារម្ភទេ សហរដ្ឋអាមេរិកជំពាក់លុយបរទេសច្រើនជាងយើង បែបនេះបែបនោះ ឲ្យតែគេឲ្យយើងខ្ចី បានន័យថាយើងជាប្រទេសដែលមានមាយាទ គេទុកចិត្ត។ ក៏ប៉ុន្តែយើងឃើញហើយថា បំណុលនេះកាន់តែច្រើនទៅ ការចាយវាយថវិការជាតិមួយផ្នែកធំនាពេលអនាគត គឺត្រូវដកយកមកសងគេវិញ នៅឆ្នាំ២០១៧នេះ បើតាមតួលេខ គឹកម្ពុជាត្រូវសងគេប្រមាណជាង១០០លានដុល្លាគ្រាន់តែការប្រាក់»។
លោកយល់ថា បើតាមលទ្ធភាពកម្ពុជាគឺពិបាកក្នុងការសងគេវិញ តែអ្វីដែលធ្វើឲ្យប្រទេសមួយចំនួនផ្តល់ជំនួយ ជាពិសេសប្រទេសចិននោះ ក៏ព្រោះតែការនៅសេសសល់នៃធនធានធម្មជាតិរបស់កម្ពុជា។
ទោះជាយ៉ាងណាសម្រាប់អ្នកស្រាវជ្រាវពីសេដ្ឋកិច្ច លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានពន្យល់ថា បើទោះបីជាពេលនេះកម្ពុជាជំពាក់បំណុលបរទេសច្រើនក៏ពិតមែន តែលោកថាបើប្រៀបធៀបទៅនឹងប្រាក់ចំណូលជាតិក្នុងឆ្នាំ២០១៥នោះ បានបង្ហាញថាកម្ពុជាជំពាក់បរទេសតែជាង២៨%នោះទេ ខណៈលោកថាកាលពីឆ្នាំ២០០០ កម្ពុជាជំពាក់លុយគេតិចមែន តែបើធៀបជាមួយប្រាក់ចំនូលជាតិនៅពេលនោះ គឺស្នើនឹង៦០%នៃប្រាក់ចំណូលជាតិ។ តែទោះជាយ៉ាងណាលោកថាកម្ពុជាប្រើប្រាស់ជំនួយនៅមិនទាន់ត្រូវគោលដៅនៅឡើយ ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់កម្ពុជាបច្ចុប្បន្នមិនសាកសមទៅនឹងការប្រើប្រាស់លុយដែលបានខ្ចីគេទាំងនេះ។
លោកថា៖ «បំណុលកាលណាលើសពី៤៥% នៃ GDP ទៅប្រទេសនីមួយៗចូលដល់កម្រិតព្រួយបារម្ភហើយ ក៏ប៉ុន្តែយើងថយ តាមខ្ញុំមើលស្ថិតិរបស់ World Bank មកឃើញថាពីមុនយើងជំពាក់៦០% ក្រោយមកៗនៅត្រឹមតែ២៨%ទេ អញ្ចឹងតាម World Bank គេមានសេចក្តីសន្និដ្ឋានហើយថា ការប្រើប្រាស់ប្រាក់ជំនួយនេះវាប្រសើរជាមុន ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភរបស់ខ្ញុំនោះគឺការប្រើប្រាស់ជំនួយគឺមិនត្រូវហ្នឹងគោលដៅ មានន័យថាគេរុញឲ្យមានកំណើនសេដ្ឋកិច្ចដែរក៏ប៉ុន្តែសេដ្ឋកិច្ចវាកើនមិនសាកសមទៅនឹងការប្រើប្រាស់លុយបំណុលនេះ»។
លោកថាដរាបណាកម្ពុជានៅតែមិនបានរៀបចំការប្រើប្រាស់លុយដែលខ្ចីទាំងនោះឲ្យមានប្រសិទ្ធភាពនោះទេនោះវានៅតែធ្វើឲ្យកម្ពុជានៅតែខ្ចីលុយគេបន្តទៀតមិនអាចសងគេរួចនោះទេ។
បើតាមលោក គី សេរីវឌ្ឍន៍ កម្ពុជាត្រូវការពង្រឹងការទទូលខុសត្រូវរវាងក្រសួងសេដ្ឋកិច្ចជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងក្រសួងជំនាញក្នុងការធ្វើឲ្យប្រាកដថា ប្រាក់ដែលបានខ្ចីពីបរទេសនោះប្រើប្រាស់មិនខ្ជះខ្ជាយនិងមានតម្លាភាព។ លោកថាប្រសិនបើកម្ពុជារៀបចំបាននោះក្នុងរយៈពេល១០ឆ្នាំទៅមុខ គឺកម្ពុជាចាប់ផ្តើមមានថវិកាជាតិនៅសល់សម្រាប់សងគេវិញ៕