សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ERA ជំរុញ គ.ជ.ប ឲ្យពង្រឹងអំណាចឯករាជ្យរបស់ខ្លួន បែងចែកទីតាំងសម្រាប់ឃោសនា ដោះស្រាយវិវាទ និងបែងចែកថវិកាសម្រាប់គណបនយោបាយឲ្យមានតម្លាភាព ដោយថាដើម្បីធានាភាពត្រឹមត្រូវនៃដំណើរការប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខ។
កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
ការបោះឆ្នោតខាងមុខនេះ មានអ្នកទៅចុះឈ្មោះជាង៧លាននាក់ ក្នុងចំណោមពលរដ្ឋជាង៩លាន៦សែននាក់ ដែលមានអាយុគ្រប់បោះឆ្នោត។
ក្នុងកម្មវិធីនៃកិច្ចពិភាក្សាតុមូលស្តីពីការផ្តល់អនុសាសន៍ទៅលើសេចក្តីព្រាងបទបញ្ជានិងនីតិវិធីសម្រាប់ការ បោះឆ្នោតជ្រើសរើសឃុំ-សង្កាត់ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី២០ ខែធ្នូនេះ សមាជិក ERA បានលើកឡើងប្រហាក់ប្រហែលគ្នាថា ដើម្បីឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅមានតម្លាភាព គ.ជ.ប ត្រូវបែងចែកឲ្យស្មើភាពគ្នាដល់គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងដូចជាទីតាំងសាធារណៈសម្រាប់ឃោសនា ថវិកាសម្រាប់ឃោសនា នីតិវិធីដោះស្រាយវិវាទទាំងមុននិងក្រោយការបោះឆ្នោត។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែលនិងជាសមាជិក ERA លោក គល់ បញ្ញា លើកឡើងថា គ.ជ.ប គួធ្វើលិខិតជាផ្លូវការទៅអាជ្ញាធរដែនដី ដើម្បីបញ្ជាក់ថាទីតាំងសាធាណៈរបស់រដ្ឋណាខ្លះ ដែលអាចឲ្យគណបក្សនយោបាយយកធ្វើជាទីតាំងសម្រាប់ឃោសនាបានដោយស្មើភាពគ្នា។
លោកថា៖ «យើងចេះតែមានការមិនសប្បាយចិត្តថា គណបក្សធ្វើការហែក្បូនតាមដងផ្លូវនឹងវារញេរញ៉ៃ ចុះហេតុអីបានជាទីធ្លាធំៗរបស់ឯកជននិងរដ្ឋ ឬក៏សាធារណៈរបស់រដ្ឋហ្នឹង បើកចំហឲ្យគណបក្សនយោបាយហ្នឹង ជួលក្នុងតម្លៃថោកឬប្រើប្រាស់ស្មើៗគ្នាកន្លែងដែលសម្រាប់ឃោសនាបោះឆ្នោត។ ព្រោះដូចជាស្តាត ជួនកាលគេគណបក្សគេអាចប្រមូលផ្តុំសមាជិកគេមកឃោសនានៅកន្លែងហ្នឹងក៏ថាបាន ដើម្បីធ្វើជាកិច្ចប្រជុំ ឬពន្យល់ទៅអ្នកគាំទ្រគេបានទំហំវាធំ។ ហើយរឿងអស់នេះ គ.ជ.ប គួរស្នើទៅអាជ្ញាធរ គួរធ្វើបញ្ជីតែម្តង ឧទាហរណ៍ខេត្តណា ក្រុងណាជាសាធារណៈឬមហោស្រព មណ្ឌលកីឡា ឬក៏ជាឧទ្យានដាក់ក្នុងបញ្ចីហ្នឹង ដើម្បីបញ្ជាក់ថា គណបក្សនយោបាយអាចប្រើប្រាស់ឬក៏ជួលបានក្នុងតម្លៃថោក តាមគោលការណ៍សមធម៌ អ្នកណាជួលមុនបានមុន អ្នកណាមកក្រោយបានក្រោយ។ បើធ្វើត្រង់ហ្នឹងបាន ខ្ញុំគិតថាអាហ្នឹងអាចពង្រឹងរបៀបរៀបរយនិងអាចពង្រឹងសិទ្ធិគណបក្សនយោបាយដែលធ្វើកិច្ចការឃោសនាបោះឆ្នោត»។
សមាជិក ERA ម្នាក់ទៀត លោកមេធាវី សុក សំអឿន លើកឡើងដែរថា ច្បាប់បោះឆ្នោតកន្លងទៅមិនបានដាក់ទោសទណ្ឌដល់អ្នកដែលបានប្រើសារគំរាមអំឡុងយុទ្ធនាការឃោសនាយបោះឆ្នោតទេ ដែលលោកថាករណីនេះអាចជំរុញឲ្យដែលធ្លាប់ប្រព្រឹត្ត ធ្វើទង្វើនេះដដែលៗ ដែលលោកថាធ្វើឲ្យប៉ះពាល់ដល់ដំណើការបោះឆ្នោត។
មេធាវីរូបនោះអះអាងទៀតថា ច្បាប់បោះឆ្នោតថ្មីនេះក៏មិនបានផ្តល់អំណាចពេញលេញដល់ គ.ជ.ប ដើម្បីចាត់វិធានការលើបទល្មើសណាមួយ ដោយមិនឆ្លងកាត់ក្រសួងមហាផ្ទៃឬក្រសួងការពារជាតិដែរ។
លោក សុក សំអឿន ជំរុញឲ្យ គ.ជ.ប គួរប្រើអំណាចឯករាជ្យរបស់ខ្លួនរៀបចំដំណើរការបោះឆ្នោតនេះជាវិធានការដាច់ដោយឡែក ជាជាងប្រើអំណាចមួយតម្រូវឲ្យឆ្លងកាត់ស្ថាប័នរបស់រដ្ឋាភិបាល ដែលលោកថាដើម្បីបង្ហាញជំនឿទុកចិត្ត ដល់គណបក្សនយោបាយផ្សេងទៀតដែលមិនកាន់អំណាច។
លោកថា៖ «នៅក្នុងច្បាប់បោះឆ្នោតមាននិយាយអំពីហាមមិនឲ្យយកអាវុធចូល ប៉ុន្តែ គ.ជ.ប គ្រាន់តែស្នើសុំដាក់ទៅស្ថាប័នសាមីហ្នឹង ដាក់វិន័យតែប៉ុណ្ណោះ។ ដូច្នេះអ្នកដែលយកអាវុធចូលក៏អត់ខ្លាចដែរមិនអញ្ចឹង។ ប៉ុន្តែបើយើងចែងថា បើយកអាវុធចូលខុសច្បាប់ អញ្ចឹងតើ គ.ជ.ប គួរធ្វើយ៉ាងម៉េច? យើងអត់មានចែង? ហាក់ដូចជាភ្លេច ដូចជាអត់ហ៊ានដាក់តែម្តង។ ហេតុដូច្នេះ ERA ក្តី គ.ជ.ប ក្តី គួរតែយើងបញ្ចូលទៅក្នុងច្បាប់បែបម៉េច ដើម្បីកុំឲ្យមានរឿងហ្នឹងកើតឡើង បើយកអាវុធខុសច្បាប់ចូលមិនមែនគ្រាន់តែដាក់វិន័យទេ គឺត្រូវមានទណ្ឌកម្មណាមួយឲ្យបានច្បាស់លាស់។ បើគ្រាន់តែដាក់វិន័យ អត់មានយន្តការតាមដាន ច្បាប់របស់យើងក៏វាអត់ច្បាប់លាស់ វាអត់ប្រសិទ្ធភាពដែរ។ សូមបញ្ជាក់ថា ច្បាប់បើអត់មានទណ្ឌកម្មច្បាស់លាស់ទេ មិនមែនច្បាប់ទេ គ្រាន់តែជាសីលធម៌»។
ប៉ុន្តែអគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា បញ្ជាក់ថា ការគ្រប់គ្រងនិងការពារសន្តិសុខ សណ្តាប់ធ្នាប់អំឡុងពេលបោះឆ្នោត លោកថា គ.ជ.ប មិនអាចដកខ្លួនចេញពីការទំនាក់ទំនងជាមួយក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិបានទេ។ ចំណែកឯការប្រើអំណាចបែងចែកទីតាំងសារធារណៈរបស់រដ្ឋ សម្រាប់ធ្វើជាទីតាំងឃោសនាបោះឆ្នោត ក៏ គ.ជ.ប នៅតែបន្តកិច្ចសហការជាមួយអាជ្ញាធរដែនដីដដែល។ ប៉ុន្តែលោកហាក់មានការជឿជាក់ថា ចំណាត់ការ គ.ជ.ប នៅពេលនេះ អាចមានប្រសិទ្ធភាពជាងមុនទេ។
លោកថា៖ «អញ្ចឹងពាក្យថាម៉ៅដាច់ប្រហែលជាពុំមាននៅក្នុងក្បាលម៉ាស៊ីន៤-៤-១ទៀតទេ។ ខ្ញុំនិយាយនេះមិនមែនអះអាងជំនួស គ.ជ.ប ទេ ប៉ុន្តែក្នុងស្មារតី គ.ជ.ប បច្ចុប្បន្ន ដែលរៀបចំដោយរូបមន្ត៤-៤-១នេះ ប្រហែលជាគ្មានការម៉ៅដាច់ទេ គឺត្រូវតែផ្តល់អទិភាព ផ្តល់ការប្រើប្រាស់ អ្វីទៅដែលហៅថាសមភាព សមធម៌នៅក្នុងការប្រើប្រាស់ នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត អាហ្នឹងត្រូវតែពិចារណាឲ្យបានច្បាស់»។
យ៉ាងណាក៏ដោយ សម្ព័ន្ធកំណែងទម្រង់ការបោះឆ្នោតជំរុញឲ្យ គ.ជ.ប ត្រូវផ្សព្វផ្សាយពីរបាយការណ៍រាប់សន្លឹកឆ្នោត ឬហៅថាទម្រង់១១០២ លើវេបសាយរបស់ខ្លួន ភ្លាមៗក្រោយបិទបញ្ចាប់ការរាប់សន្លឹកឆ្នោត ដើម្បីបង្ហាញតម្លាភាព។
ពោលបើការបោះឆ្នោតនៅពេលព្រឹក គ.ជ.ប ត្រូវបង្ហាញលទ្ធផលរាប់សន្លឹកឆ្នោតនៅតាមការរិយាល័យនិមួយៗ នៅទូទាំងប្រទេសលើវេបសាយរបស់ខ្លួននៅពេលល្ងាច៕